លោក គីម ជុងអ៊ុន អំពាវនាវឱ្យចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈមានករណីស្លាប់ដំបូងបំផុត

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានរាយការណ៍ថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានអំពាវនាវឱ្យចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅពេលលោកធ្វើទស្សនកិច្ច នៅទីស្នាក់ការកណ្តាលការពារការរាតត្បាតជាបន្ទាន់របស់រដ្ឋ។

បើតាមទីភ្នាក់ងារសារព័ត៌មានដដែលនេះ លោក គីម បានពិនិត្យស្ថានភាពបង្ការការឆ្លងរាតត្បាត បន្ទាប់ពីការងារបង្ការការឆ្លងរាតត្បាតរបស់រដ្ឋត្រូវបានប្តូរទៅជាប្រព័ន្ធការពារការឆ្លងរាតត្បាតបន្ទាន់ជាអតិបរមា និងបានសិក្សាអំពីការរីករាលដាលនៅទូទាំងប្រទេសនៃជំងឺកូវីដ១៩។ លោក គីម ត្រូវបានដកស្រង់សម្តីថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញថា មានចំណុចងាយរងគ្រោះនៅក្នុងប្រព័ន្ធការពារការរីករាលដាលដែលយើងបានបង្កើតរួចហើយ។

លោកបន្ថែមថា វាជាបញ្ហាប្រឈមដ៏សំខាន់បំផុត និងជាភារកិច្ចកំពូលដែលគណបក្សយើងកំពុងប្រឈមមុខ ដើម្បីផ្លាស់ប្តូរស្ថានភាពវិបត្តិសុខភាពសាធារណៈជាបន្ទាន់នៅដំណាក់កាលដំបូង ស្តារស្ថេរភាពនៃការបង្ការការឆ្លងរីករាលដាល និងការពារសុខភាព ព្រមទាំងសុខុមាលភាពរបស់ប្រជាជនយើង។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩បម្លែងថ្មី អូមីក្រុង ដែលនេះជាការទទួលស្គាល់ករណីស្លាប់ដំបូងបំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះផ្ទុះឡើងមក ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺជាមួយរោគសញ្ញាគ្រុនក្ដៅ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner