ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិនឹងបើកការស្រាវជ្រាវឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
យូអិន៖ គណៈប្រតិភូនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយនៅទីក្រុងហ្សឺណែវ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដើម្បីបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដោយទាហានរុស្ស៊ីនៅអ៊ុយក្រែន។
បេសកជនមកពី ៣៣ប្រទេសបានបោះឆ្នោតគាំទ្រ ខណៈដែលបេសកជនមកពីប្រទេសចិន និងអេរីទ្រាបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយនេះ ដោយឯកអគ្គរដ្ឋទូតចិនលោក Chen Xu បាននិយាយថា ការសម្រេចចិត្តនេះនឹងបម្រើឱ្យភាពតានតឹងកើនឡើង។
អង្គការសហប្រជាជាតិក៏បានអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ីលោក ជេនណាឌី ហ្គាទីលូវ ឱ្យចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។ ប៉ុន្តែគាត់មិនដែលបង្ហាញខ្លួនទេ។ លោក ហ្គាទីលូវ បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ប្រទេសលោកខាងលិចថា បានរៀបចំផ្លូវនយោបាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរុស្ស៊ី។
ទោះជាយ៉ាងណា បើតាមមន្ត្រីអង្គការសហប្រជាជាតិ ជនជាតិអ៊ុយក្រែនជាង ៣,០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីជនជាតិរុស្ស៊ីបានឆ្លងព្រំដែនមក។ ប៉ុន្តែគេសង្ស័យថា ចំនួននេះទំនងជាមានច្រើនជាងនេះ។
ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) លោកស្រី មីឈែល បាសេឡេត បាននិយាយថា ទំហំនៃការសម្លាប់មនុស្សដោយខុសច្បាប់គឺគួរឱ្យភ្ញាក់ផ្អើល៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



