តម្លៃសាំងនៅវៀតណាមឡើងថ្លៃដល់កម្រិតខ្ពស់ ពុំធ្លាប់មាន

ហាណូយ៖ តម្លៃប្រេងសាំងនៅប្រទេសវៀតណាមបានកើនឡើងដល់កំណត់ត្រាថ្មីមួយ កាលពីពេលថ្មីៗនេះ បើទោះបីជា បន្ទាប់ពីអាជ្ញាធរបានកែសម្រួលដំឡើងតម្លៃជាលើកទីបួនជាប់គ្នា

កាសែត VN Express បានរាយការណ៍ថា តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 និងជីវឥន្ធនៈ E5 RON 92 បានកើនឡើង ៥,៤ ភាគរយដល់ ២៩ ៩៨០ដុង (១,៣ដុល្លារ) សម្រាប់ប្រេងសាំង RON 95 និង ២៨ ៩៥០ដុង (១,២៥ដុល្លារ) សម្រាប់ជីវឥន្ធនៈ E5 RON។

ប្រេងកាត និងប្រេងម៉ាស៊ូតក៏ឡើងថ្លៃផងដែរ ដោយប្រេងកាតកើនឡើង ៤,២ភាគរយ និងប្រេងម៉ាស៊ូតកើនឡើង ៥,៣ភាគរយ ខណៈដែលតម្លៃប្រេង mazut មិនប្រែប្រួល។ តម្លៃប្រេង RON 95-V បានកើនឡើងដល់ ៣០ ៥៨០ដុង (១,៣២ដុល្លារ) ក្នុងមួយលីត្រ។

យោងតាមកាសែត VN Express តម្លៃប្រេងសាំងបានធ្លាក់ចុះចន្លោះពីខែមីនាដល់ថ្ងៃទី១២ ខែមេសា ខណៈអាជ្ញាធរវៀតណាមបានកាត់បន្ថយពន្ធបរិស្ថានពាក់កណ្តាលមកត្រឹម ២ ០០០ដុង។ ប៉ុន្តែពន្ធនេះត្រូវបានដំឡើងវិញ ៤ដងជាប់ៗគ្នាគិតចាប់តាំងពីពេលនោះមក ដោយកើនលើសកម្រិតខ្ពស់បំផុតដែលធ្លាប់កើតមាននៅខែមីនាឆ្នាំមុន។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសវៀតណាមដែលទទួលខុសត្រូវលើការគ្រប់គ្រងតម្លៃឧស្ម័ន បានសន្មតថា ការកើនឡើងតម្លៃក្នុងស្រុកកើតមានឡើងដោយសារចក្ខុវិស័យមិនច្បាស់លាស់នសសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រេងរុស្ស៊ី និងការបដិសេធរបស់អង្គការ OPEC ក្នុងការបង្កើនទិន្នផលប្រេងរបស់ខ្លួន។ តម្លៃប្រេងសាំងនៅលើទីផ្សារពិភពលោកបានឡើងថ្លៃជាង ៨ភាគរយធៀបនឹងសប្តាហ៍មុន៕ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner