ឯកឧត្តម ឱម យ៉ិនទៀង ថ្លែងថា គណបក្សប្រជាជនកម្ពុជា លើកទឹកចិត្តនូវការចូលរួមរបស់យុវជនទាំងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀត ដែលជាអនាគតរបស់គណបក្ស និងប្រទេសជាតិ

ភ្នំពេញ ៖ ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា លើកទឹកចិត្តនូវការចូលរួមរបស់យុវជន ព្រោះថា យុវជនជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀត គឺជាអនាគតរបស់គណបក្ស និងប្រទេសជាតិ ។ ការលើកឡើងរបស់ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដូចនេះ ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ១៥៨៧នាក់ មកពីសង្កាត់ផ្សារដើមគរ និងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រពចេនឡា ។

តំណាងសមាជិក ដែលទើបប្រកាសបញ្ចូលថ្មី បានលើកឡើងថា ការចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយមើលឃើញថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំតែមួយគត់ ដែលបានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាចេញពីរបបប៉ុលពត, គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាទាំង ១៥៨៧នាក់ ដែលទើបបញ្ចូលថ្មី និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការជ្រើសរើសការស្នេហាជាតិ, និងជាការជ្រើសរើសយកសន្តិភាព ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានលើកឡើងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១, ហើយបានចូលរួមតស៊ូរំដោះប្រទេសកម្ពុជា ចេញពីអាណានិគមបារាំង និងបានរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានផ្តល់កំណើតទី២ ជូនប្រជាជនកម្ពុជាគ្រប់រូបនៅថ្ងៃទី៧ ខែ មករា ឆ្នាំ១៩៧៩ ។ គណបក្សប្រជាជនកម្ពុជា បានសម្រេចនូវមហាសមិទ្ធផលមួយទៀតនៅឆ្នាំ ១៩៩៨ គឺការបញ្ចប់ សង្គ្រាមទាំងស្រុង និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសតាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ដែលជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម និងបានបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ជាមួយគ្នានេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានផ្ដាំផ្ញើដល់យុវជន យុវតី ដែលទើបតែចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវមានភាពស្មោះត្រង់ ត្រូវចេះស្រឡាញ់ប្រទេសជាតិ ស្រឡាញ់បក្ស ព្រមទាំងចូលរួម នៅក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើន តាមរយៈជំនាញបានខិតខំសិក្សារៀនសូត្រ ធ្វើឲ្យខ្លួនក្លាយទៅជាធនធានមនុស្ស ដែលមានសក្ដានុពល ក្លាយជាធនធានមនុស្សដែលមានជំនាញយ៉ាងពិតប្រាកដ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

ឯកឧត្តម ក៏បានណែនាំដល់យុវជន យុវតីទាំងអស់ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើការបំផុសចលនាស្មារតីស្នេហាជាតិ បំផុសចលនាចូលរួមជួយនៅក្នុងសង្គម ដោយជួយសង្គមទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ។

ឯកឧត្តម ប្រធានក្រុមការងារ បានលើកឡើងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា លើកទឹកចិត្តនូវការចូលរួមរបស់ យុវជន ព្រោះថា យុវជនជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀត គឺជាអនាគតរបស់គណបក្ស និងប្រទេសជាតិ ។ ដូច្នេះសមាជិកវ័យក្មេងគ្រប់រូប ត្រូវបន្តដើរតួសំខាន់ក្នុងការធ្វើជាសម្លេង និងស្ពានរវាងគណបក្ស និងយុវជនកម្ពុជា ព្រមទាំងអប់រំខ្លួននូវគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្ស ហើយបន្តផ្សព្វផ្សាយគោលការណ៍ និងកម្មវិធីនយោបាយរបស់បក្ស ឱ្យបានកាន់តែទូលំទូលាយ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner