ខេត្តព្រះវិហារជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែងក្នុងការរៀបចំ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា

ព្រះវិហារ ៖ ខេត្តព្រះវិហារជាខេត្តទិសដៅទី២ បន្ទាប់ពីខេត្តស្ទឹងត្រែងក្នុងការរៀបចំ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជាដែលផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថាន និងមានការចូលរួមពីអង្គការដៃគូអភិរក្សនានា។ ទទួលរៀបចំដោយមន្ទីរបរិស្ថានខេត្តព្រះវិហារនិងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS ដោយមានការចូលរួមពីអង្គការអភិរក្សអន្តរជាតិ CI និងគម្រោងព្រៃឡង់បៃតង យុទ្ធនាការអន្ទាក់សូន្យនៅខេត្តព្រះវិហារនឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិត្មាត ប៉ើយធឿនក្រសាំង ស្ថិតក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋបាលខេត្ត ព្រះវិហារ អាជ្ញាធរស្រុក អង្គការដៃគូ និងបងប្អូនប្រជាសហគមន៍។

ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។ យុទ្ធនាការដែលមន្ត្រី ជាន់ខ្ពស់ក្រសួងបរិស្ថានមានជំនឿថានឹងចូលរួមក្នុងការកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះ ស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វព្រៃរស់នៅនោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះក្នុងរស់នៅ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការកំណត់យកខេត្ត ៦ នៅភាគខាងកើតនៃកម្ពុជារួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំជាគោលដៅនៃយុទ្ធនាការក៏ព្រោះខេត្តទាំង ៦ នេះមានផ្ទៃដីភាគច្រើនគ្របដណ្តប់ដោយតំបន់ការពារធម្មជាតិដែលមានវត្តមានព្រៃឈើ និងសត្វព្រៃ និងខេត្តទាំង ៦ នេះមានសកម្មភាពលក់សាច់សត្វព្រៃដោយខុសច្បាប់នៅតាមទីផ្សារ និងនៅតាមតំបន់នានានាពេលកន្លងមកដែលយើងចាំបាច់ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ទប់ស្កាត់និងបង្ក្រាបឱ្យបានមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាកែប្រែឥរិយាបថប្រជាពលរដ្ឋមួយ ចំនួនដែលនិយមហូបសាច់សត្វព្រៃបញ្ឈប់ការហូបសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់សត្វព្រៃ។

លោក កែន សិរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សត្វព្រៃកម្ពុជា WCS តំណាងឱ្យអង្គការដៃគូអភិរក្សជាមួយក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍និងអបអរសាទរគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ក្រសួងបរិស្ថានក្នុងការរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ ការពារធម្មជាតិ ដែលបានដើរតួនាទីសំខាន់នៅក្នុងការងារអភិរក្សធនធានជីវៈចម្រុះ និងធនធានធម្មជាតិ បញ្ឈប់តម្រូវការសាច់សត្វព្រៃក្នុងក្របខណ្ឌខេត្តក៏ដូចជាក្នុងក្របខណ្ឌប្រទេសទាំងមូល។ តាមរយៈយុទ្ធនាការនេះ យើងនឹងអាចឈានដល់ការរៀបចំលិខិត បទដ្ឋានបន្ថែមដើម្បីកំណត់លើការប្រើប្រាស់អន្ទាក់សម្រាប់ដាក់សត្វព្រៃ និងជំរុញទៅលើការអនុវត្តច្បាប់ និងការផ្សព្វផ្សាយពីផលប៉ះពាល់ពីការដាក់អន្ទាក់ក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានមករួមគ្នានៅថ្ងៃនេះដើម្បីបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅ ចម្បងនៃ យុទ្ធនាការ នេះ គឺការឈានទៅ លុបបំបាត់ ការប្រើអន្ទាក់ គ្រប់ ប្រភេទ ក្នុង តំបន់ ការពារធម្មជាតិ របស់ កម្ពុជា។ ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ និងជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស»។ ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្សនិងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត»៕ ប្រភព ៖ ក្រសួងបរិស្ថាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner