ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរិះគន់មន្ត្រីផ្នែកសុខភាពសាធារណៈកំពូល និងបញ្ជាឱ្យយោធាចូលរួមជួយទប់ស្កាត់ជំងឺកូវីដ-១៩

សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់មន្ត្រីផ្នែកសុខភាពសាធារណៈកំពូល ចំពោះអាកប្បកិរិយាខ្វះទំនួលខុសត្រូវរបស់ពួកគេ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរ ដោយបញ្ជាឱ្យកងកម្លាំងយោធាផ្តល់ជំនួយក្នុងការធ្វើឱ្យស្ថានការណ៍នេះមានស្ថិរភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយក្នុងថ្ងៃអាទិត្យម្សិលមិញ លោក គីម ជុងអ៊ុន បានចេញបទបញ្ជាមួយ “ស្តីពីស្ថិរភាពការផ្គត់ផ្គង់ថ្នាំពេទ្យភ្លាមៗនៅក្នុងទីក្រុងព្យុងយ៉ាង ដោយមានការចូលរួមពីកងកម្លាំងដ៏មានឥទ្ធិពល នៃវិស័យវេជ្ជសាស្ត្រយោធា នៃកងទ័ពប្រជាជន”។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង។

បទបញ្ជានេះធ្វើឡើងបន្ទាប់ពីលោក គីម បានត្អូញត្អែរថា ថ្នាំដែលបញ្ចេញចេញពីស្តុករបស់រដ្ឋ មិនត្រូវបានផ្គត់ផ្គង់ដល់ប្រជាជន តាមរយៈឱសថស្ថានឱ្យបានត្រឹមត្រូវទាន់ពេលវេលា។ ទន្ទឹមគ្នា លោក គីម បានចោទមន្ត្រីស៊ីវិលទទួលបន្ទុកការឆ្លើយតបជំងឺរាតត្បាតថា មិនបានទទួលស្គាល់វិបត្តិបច្ចុប្បន្នឱ្យបានត្រឹមត្រូវទេ ប៉ុន្តែនិយាយតែពីស្មារតីបម្រើប្រជាជនដោយស្មោះត្រង់។

សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ កូរ៉េខាងជើងបានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់ ៥០នាក់ នៅក្នុងចំណោមមនុស្សច្រើនជាង ៣៩២,៩២០នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅ។ ប៉ុន្តែមិនទាន់បញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ឆ្លងជំងឺនោះទេ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner