ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ស្នើដល់សមាជិក សមាជិកាបក្ស ត្រូវក្តាប់ជាប់យុទ្ធសាស្រ្ត ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្សដើម្បីឈ្នះឆ្នោតនាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្នើដល់សមាជិក សមាជិកា គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវក្តាប់ជាប់យុទ្ធសាស្រ្ត ផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស គុណភាព និងបរិមាណសមាជិកគណបក្សដើម្បីឈ្នះឆ្នោត ដោយបន្តជំរុញការងារចិញ្ចឹមចលនានៅមូលដ្ឋាន ថែទាំសតិអារម្មណ៍របស់មហាជនជាប់ជាប្រចាំ យកចិត្តទុកដាក់ផ្សព្វផ្សាយ ហើយផ្សព្វផ្សាយទៀតអំពីការរីកចម្រើន និងភាពអំណោយផលរបស់ជាតិ ដែលគណបក្សបានខិតខំ ដើម្បីពង្រឹងជំនឿ និងការគាំទ្ររបស់ប្រជាជនចំពោះគណបក្ស និងមិនជឿលើការឃោសនាអកុសលគ្រប់បែបយ៉ាងរបស់ពួកប្រឆាំង។ ព្រមជាមួយនោះ ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង តាមទិសស្លោក “ សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក” ដោយយកចិត្តទុកដាក់បង្កលក្ខណៈឱ្យសមាជិកគណបក្សយើងម្នាក់ៗ ត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត មានឯកសារគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ការថ្លែងបែបនេះ របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រមាណជិត៣ ០០០នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅសាលមហាស្រពកោះពេជ្រ។
បើតាមរបាយការណ៍ស្វាគមន៍ របស់ឯកឧត្តម ប្រាក់ ចាន់ធឿន ប្រធានគណៈឃោសនាអប់រំ បានលើកឡើងពីការខិតខំបំពេញតួនាទីក្នុងការគ្រប់គ្រងសមាជិក សមាជិកាបក្សនៅតាមសាខាគណបក្ស និងអនុសាខាគណបក្សនីមួយៗ និងការបញ្ចូលបន្ថែមសមាជិកបក្សថ្មីៗជាបន្តបន្ទាប់ ព្រមទាំងបានពង្រឹងពង្រីករចនាសម្ព័ន្ធបក្សទាំងក្នុង និងក្រៅប្រទេស ពង្រឹងពង្រីកសមាជិក សមាជិកាបក្សជាមួយកម្មករនិយោជិតក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពលករក្រៅប្រទេស ហើយបានខិតខំយកចិត្តទុកដាក់ អប់រំ អូសទាញសតិអារម្មណ៍ ជឿជាក់ និងស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជាឥតងាករេ។ សកម្មភាពទាំងនេះ អាចវាយតម្លៃខ្ពស់ចំពោះ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ដោយបានចូលរួមចំណែកទាំងថវិកា និងកម្លាំងកាយចិត្តបំពេញការងារទៅតាមការណែនាំរបស់គណបក្សថ្នាក់លើ និងចូលរួមគ្រប់សកម្មភាពនានារបស់គណបក្ស ជាក់ស្តែងនៅក្នុងដំណាក់កាលឈានដល់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ដែលគ្រប់សមាជិកបក្សទាំងអស់សុទ្ធតែមានភារកិច្ចទទួលខុសត្រូវ ខិតខំប្រឹងប្រែងក្នុងការចុះមូលដ្ឋានយ៉ាងសកម្មនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងនូវអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ របស់គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបានសម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរ ធ្វើឱ្យយើងអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គមយើងឡើងវិញ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ក្នុងការជំរុញការស្តារសកម្មភាពសេដ្ឋកិច្ចជាតិ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនភាពសាំក្នុងសហគមន៍ ដែលអាចធ្វើឱ្យប្រជាជនយើងរស់នៅប្រកបដោយសុខសុវត្ថិភាព ប្រកបរបរចិញ្ចឹមជីវិតតាមគន្លងប្រក្រតីភាពថ្មី រោងចក្រ សហគ្រាស គ្រឹះស្ថាន អាចដំណើរការបានប្រកបដោយនិរន្តរភាព ធានាបាននូវច្រវ៉ាក់ផលិតកម្ម ផ្តល់មុខរបរនិងការងារ ប្រាក់ចំណូលជូនបងប្អូនកម្មករនិយោជិត ដែលយើងសង្ឃឹមថាសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍នឹងដំណើរការឡើងវិញពេញលេញ រួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិយើងនឹងបន្តកើនឡើងថែមទៀត៕











