ចិន កោះសូឡូម៉ុង និងសង្គ្រាមដណ្ដើមឥទ្ធិពលនៅតំបន់សមុទ្រប៉ាស៊ីហ្វិក
កាលខែមីនានាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្កត ម៉ូរីសុនបានអួតថាយុទ្ធនាការការទូតវ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាលលោកនៅបណ្ដាប្រទេសសមុទ្រប៉ាស៊ីហ្វិក បានរារាំង «ការលុកលុយ» របស់ចិនចូលក្នុងតំបន់នេះ។ ប្រមាណពីរសប្ដាហ៍បន្ទាប់ពីការលើកឡើងបែបនេះ កោះសូឡូម៉ុងបានប្រកាសថាខ្លួនគឺកំពុងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខជាមួយក្រុងប៉េកាំង។
កិច្ចព្រមព្រៀងរបស់កោះសូឡូម៉ុងជាមួយប្រទេសចិនបានក្លាយជាបញ្ហាដ៏ធំមួយសម្រាប់លោកម៉ូរីសុនខណៈពេលដែលលោកប្រឈមមុខនឹងការបោះឆ្នោតនៅថ្ងៃសៅរ៍ខាងមុខនេះ។ ខណៈពេលដែលមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យចិនបង្កើតវត្តមានកងទ័ពជើងទឹកនៅទីនោះ លោកម៉ូរីសុនបានបើកខ្លួនឱ្យរងការរិះគន់ពីគូប្រជែង នៅពេលដែលលោកអះអាងថាលោកបានរារាំង «ការលុកលុយ»។
ដោយមិនគិតថាលទ្ធផលការបោះឆ្នោតអូស្ត្រាលីគឺនឹងជាយ៉ាងណា ភាពចម្រូងចម្រាស់នេះបានផ្ដល់ការភ្ញាក់រលឹកទៅកាន់មហាអំណាចប៉ាស៊ីហ្វិកនេះ ឱ្យពិនិត្យមើលឡើងវិញអំពីរបៀបដែលពួកគេធ្វើទំនាក់ទំនងជាមួយប្រទេសដទៃក្នុងតំបន់។
អ្នកវិភាគជាច្រើននិយាយថាគោលនយោបាយបោះជំនួយហើយមិនធ្វើអ្វីច្រើនក្រៅពីនេះរបស់ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ និងអាមេរិក គឺមិនទំនងជាគ្រប់គ្រាន់ដើម្បីបន្តរក្សាបណ្ដាកោះក្រីក្រទាំងនេះនៅក្រោមឥទ្ធិពលរបស់ពួកគេទៀតទេ ខណៈពេលដែលប្រទេសចិនផ្ដល់ជម្រើសទាក់ទាញជាងនេះ។
ទំនាក់ទំនងរបស់ចិនជាមួយបណ្ដាកោះប៉ាស៊ីហ្វិក គឺខុសពីទំនាក់ទំនងរបស់អូស្ត្រាលី ត្រង់ចំណុចថាចិនមិនបានផ្ដោតលើការផ្ដល់ជំនួយតែមួយទេ ប៉ុន្តែក៏បានផ្ដោតលើការកសាងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។
គេសង្កេតឃើញថាពាណិជ្ជកម្មរវាងចិន និងកោះតំបន់ប៉ាស៊ីហ្វិក បានកើនឡើងលើសពាណិជ្ជកម្មជាមួយអូស្ត្រាលីចាប់តាំងពីឆ្នាំ ២០១៣មកម្ល៉េះ ដោយមានតែករណីលើកលែងតែមួយគត់គឺកោះប៉ាពូញូវហ្គីណេ។
ក្នុងករណីកោះសូឡូម៉ុង ប្រទេសចិនទទួលយក ៦៤,៤ ភាគរយនៃការនាំចេញរបស់កោះនេះ ហើយ៣៤,៤ ភាគរយនៃការនាំចូលនៃកោះនេះគឺមកពីប្រទេសចិន។ ប្រទេសអូស្ត្រាលីបានទទួលយក ១,០៥ ភាគរយនៃការនាំចេញប៉ុណ្ណោះ ហើយនាំចេញទៅវិញត្រឹមតែ ១៣,៥ ភាគរយប៉ុណ្ណោះ។ ការនាំចេញភាគច្រើនរបស់កោះនេះគឺឈើ ត្រី រ៉ែអាលុយមីញ៉ូម និងប្រេងដូង។
ប្រទេសចិនក៏បានដណ្ដើមដំណែងរបស់អូស្ត្រាលីជាអ្នកផ្ដល់ជំនួយក្នុងតំបន់ធំជាងគេ។ ជំនួយចម្បងរបស់ចិនគឺការផ្ដល់ប្រាក់កម្ចីសម្បទានសម្រាប់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។ ការផ្ដល់ប្រាក់កម្ចីធំៗទាំងនេះក៏ជាមធ្យោបាយបើកផ្លូវសម្រាប់សហគ្រាសចិនធំៗ ធ្វើការវិនិយោគនៅបណ្ដាកោះទាំងនេះ។
បន្ថែមពីលើនេះក្រុងប៉េកាំងក៏ពូកែក្នុងការដាំដុះទំនាក់ទំនងតាមមធ្យោបាយដទៃទៀតដូចជាការធ្វើទស្សនកិច្ចដោយមេដឹកនាំជាន់ខ្ពស់ ការធ្វើពិធីរួមគ្នាដ៏ឱឡារិក និងការកោតសរសើរ ឬផ្ដល់ការគោរពទៅកាន់មេដឹកនាំនៃកោះទាំងនេះ។
សម្រាប់អូស្ត្រាលី ពួកគេគិតថាមធ្យោបាយតែមួយគត់ដែលខ្លួននៅសល់ដើម្បីយកឈ្នះចិនក្នុងសង្គ្រាមឥទ្ធិពលនេះ គឺការការពារបណ្ដាកោះក្រីក្រទាំងនេះពីការរីករាលដាលនៃជំងឺកូវីដ-១៩។
នៅចុងឆ្នាំ ២០២០ ក្រុងកង់បេរ៉ាបានប្ដេជ្ញាចំណាយប្រាក់ ៥០០ លានដុល្លារអូស្ត្រាលី (ប្រមាណ ៣៥០ លានដុល្លារអាមេរិក) ទៅលើជំនួយវ៉ាក់សាំងសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។ តែស្របពេលជាមួយគ្នានេះក្រុងប៉េកាំងប្រកាសចែកចាយវ៉ាក់សាំងរបស់ខ្លួនដើម្បីជួយដល់ «លទ្ធភាពទទួលបានវ៉ាក់សាំង និងតម្លៃសមរម្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងប្រទេសកោះប៉ាស៊ីហ្វិកផងដែរ»។
ប្រទេសចិនបានបំពេញការសន្យារបស់ខ្លួនបានលឿនជាង និងច្រើនជាង ប្រទេសអូស្ត្រាលីធ្វើមានការប្រើប្រាស់វ៉ាក់សាំងរបស់ចិនយ៉ាងលើសលប់នៅបណ្ដាប្រទេសទាំងនោះ។ ស្របពេលជាមួយគ្នានេះដែរប្រទេសចិនបានផ្ដល់ប្រាក់កម្ចីយ៉ាងទូលំទូលាយ ដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចប្រទេសទាំងនេះ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីកូវីដ-១៩៕
ប្រភព៖ Nikkei Asia