ទាហានអ៊ុយក្រែនជម្លៀសចេញពីទីក្រុង Mariupol ដោយប្រគល់ការគ្រប់គ្រងទៅឲ្យរុស្ស៊ី
យោធាអ៊ុយក្រែននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងធ្វើការដើម្បីជម្លៀសកងទ័ពដែលនៅសល់ទាំងអស់ចេញពីបន្ទាយដ៏រឹងមាំចុងក្រោយរបស់ខ្លួននៅក្រុងកំពង់ផែ Mariupol ដោយប្រគល់ការគ្រប់គ្រងទីក្រុងនេះទៅឱ្យរុស្ស៊ីបន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនខែ។
ការជម្លៀសកងកម្លាំងរាប់រយនាក់ ដែលមានអ្នករបួសជាច្រើននាក់ទៅកាន់ទីក្រុងដែលកាន់កាប់ដោយរុស្ស៊ី ទំនងជាការបញ្ចប់នៃសមរភូមិដ៏យូរ និងបង្ហូរឈាមបំផុតនៃសង្រ្គាមអ៊ុយក្រែន និងចុះចាញ់ដ៏សំខាន់សម្រាប់អ៊ុយក្រែន។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធភូមិ Mariupol បានបំពេញបេសកកម្មប្រយុទ្ធរបស់ខ្លួន។ បញ្ជាការយោធាកំពូលបានបញ្ជាឱ្យមេបញ្ជាការនៃអង្គភាពដែលឈរជើងនៅរោងចក្រ Azovstal ដើម្បីជួយសង្គ្រោះជីវិតកងទ័ព។ អ្នកការពារក្រុង Mariupol គឺជាវីរបុរសនៃសម័យកាលរបស់យើង»។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនអ្នកស្រី Anna Malyar និយាយថា ទាហានចំនួន ៥៣ នាក់ដែលរងរបួស បានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង Novoazovsk ដែលគ្រប់គ្រងដោយរុស្ស៊ី ចម្ងាយប្រហែល ៣២ គីឡូម៉ែត្រ នៅភាគខាងកើត ខណៈដែលមនុស្ស ២១១ នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅទីប្រជុំជន Olenivka ជាតំបន់ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី។
ទាហានប្រហែល ៦០០ នាក់ត្រូវបានគេជឿថាបានស្ថិតនៅក្នុងរោងចក្រដែក។ យោធាអ៊ុយក្រែននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីជម្លៀសអ្នកដែលនៅតែនៅខាងក្នុង។
កងកម្លាំងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបណ្តេញកងកម្លាំងរុស្ស៊ីចេញពីតំបន់ក្បែរទីក្រុងខាកៀវ ប៉ុន្តែការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការបាញ់ផ្លោងបានបន្តនៅទូទាំងតំបន់ភាគខាងកើតរបស់ប្រទេស។
ប្រភព៖ Reuters