ប្រធានាធិបតីតួកគីជំទាស់នឹងសំណើសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់
កាលពីថ្ងៃចន្ទ ទី១៦ ឧសភាប្រធានាធិបតីប្រទេសតួកគីបានបង្កភាពស្មុគស្មាញក្នុងសំណើសុំសមាជិកភាពអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ ដោយនិយាយថាលោកមិនអាចអនុញ្ញាតឱ្យពួកគេចូលជាសមាជិកសម្ព័ន្ធភាពយោធាបានទេ ដោយសារតែប្រទេសទាំងពីរហាក់ដូចជាអសកម្មចំពោះក្រុមឧទ្ទាមជនជាតិឃឺដ ដែលតួកគីចាត់ទុកជាក្រុមភេរវកម្ម។
លោកប្រធានាធិបតីរ៉េសិប តៃយីប អេរដូហ្គែនបានលើកឡើងម្ដងទៀតអំពីជំហររបស់លោកក្នុងការជំទាស់សំណើរបស់ប្រទេសទាំងពីរដើម្បីចូលជាសមាជិកអង្គការណាតូ។ សមាជិកបច្ចុប្បន្នទាំង ៣០ របស់អង្គការណាតូត្រូវតែយល់ព្រម ដើម្បីបើកទ្វារឱ្យមានការចូលសមាជិកថ្មី។
លោកអេរដូហ្គែនបាននិយាយជាមួយអ្នកសារព័ត៌មាន ប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសស៊ុយអែតប្រកាសថាពួកគេនឹងចូលរួមប្រទេសហ្វាំងឡង់ក្នុងការដាក់ពាក្យស្នើសមាជិកភាពអង្គការណាតូដែលជាការបញ្ចប់ជំហរអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធជាង ២០០ ឆ្នាំរបស់ខ្លួន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ លោកចោទប្រកាន់ប្រទេសទាំងពីរបានបរាជ័យក្នុងការធ្វើបត្យាប័ន «ភេរវករ» ដែលរដ្ឋាភិបាលលោកចង់ចាប់ខ្លួន។ លោកនិយាយថា៖ «ប្រទេសទាំងពីរមិនមានជំហរបើកចំហ ឬច្បាស់លាស់ប្រឆាំងអង្គការភេរវករទេ»។
ស៊ុយអែតនិយាយថាពួកគេនឹងបញ្ជូនក្រុមមន្ត្រីការទូតទៅកាន់ក្រុងអង់ការ៉ាដើម្បីពិភាក្សាលើបញ្ហានេះ ប៉ុន្តែលោកអេរដូហ្គែននិយាយថាពួកគេគឺកំពុងខ្ជះខ្ជាយពេលវេលារបស់ពួកគេ។ «តើពួកគេមកព្យាយាមមកបញ្ចុះបញ្ចូលយើង? សូមទោសកុំធ្វើឱ្យហត់ខ្លួនឯង» លោកនិយាយបែបនេះហើយបន្តទៀតថា៖ «យើងមិនអាចនិយាយថា ‘Yes’ ចំពោះអ្នកដែលដាក់ទណ្ឌកម្មលើតួកគី ជុំវិញការចូលរួមជាមួយណាតូ»។
ស៊ុយអែតបានទទួលជនភៀសខ្លួនរាប់សែនពីមជ្ឈិមបូព៌ា ដែលរួមមានជនជាតិឃឺដជាច្រើនមកពីប្រទេសស៊ីរី អ៊ីរ៉ាក់ និងតួកគី។ ជនភៀសខ្លួនឃឺដមួយចំនួនគឺជាសមាជិកនៃគណបក្សពលករឃឺដីស្ថាន(PKK) ដែលមានគោលបំណងផ្ដាច់ខ្លួនបង្កើតប្រទេសសម្រាប់ជនជាតិឃឺដនៅលើទឹកដីតួកគី ស៊ីរី និងអ៊ីរ៉ាក់ ហើយត្រូវបានតួកគីចាត់ទុកជាក្រុមភេវរករ។
យ៉ាងណាមិញប្រទេសស៊ុយអែតបានប្រកាន់ជំហរអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីការបញ្ចប់សង្គ្រាមណាប៉ូឡេអុង កាលពីជាង ២០០ ឆ្នាំមុន។ នៅក្នុងសម័យសង្គ្រាមត្រជាក់ពួកគេបានប្រកាន់ជំហរនេះយ៉ាងម៉ឺងមាត់ ប៉ុន្តែបានបង្កើតទំនាក់ទំនងជិតស្និតជាមួយណាតូ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ ពួកគេឈប់ចាត់ទុកខ្លួនឯងថាប្រទេសអព្យាក្រឹត្យបន្ទាប់ពីការចូលជាសមាជិកសហភាពអឺរ៉ុបកាលពីឆ្នាំ ១៩៩៥ ប៉ុន្តែនៅតែប្រកាន់ជំហរមិនចូលបក្សសម្ព័ន្ធយោធារហូតដល់ពេលឥឡូវនេះ៕
ប្រភព៖ AP News