ប្លុកគាំទ្របក្ស Hezbollah បាត់បង់សំឡេងភាគច្រើនក្នុងសភាលីបង់
គណបក្ស Hezbollah របស់ពួកអ៊ិស្លាមនិយម Shia ដែលគាំទ្រដោយអ៊ីរ៉ង់ និងបក្សសម្ព័ន្ធមិត្តផ្សេងទៀត បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាលីបង់ បន្ទាប់ពីលទ្ធផលបោះឆ្នោតទូទៅរបស់ប្រទេសត្រូវបានប្រកាស។
យោងតាមលទ្ធផលបោះឆ្នោតដែលចេញផ្សាយដោយក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ សម្ព័ន្ធមិត្តរបស់គណបក្ស Hezbollah បានបាត់បង់អាសនៈនៅទូទាំងប្រទេស។ ប្លុកគាំទ្រ Hezbollah ទទួលបានអាសនៈប្រហែល ៦១ ដែលតិចជាង ៦៥ អាសនៈដែលត្រូវការដើម្បីទទួលបានសំឡេងភាគច្រើននៃចំនួនអាសនៈសរុប ១២៨ ហើយធ្លាក់ចុះពី ៧១ អាសនៈនៅក្នុងការបោះឆ្នោតសភាកាលពីលើកមុន។
គណបក្សចលនាស្នេហាជាតិសេរី ដែលជាសម្ព័ន្ធមិត្តរបស់Hezbollah លែងជាប្លុកសភាគ្រិស្តសាសនាដ៏ធំបំផុតរបស់ប្រទេសនេះទៀតហើយ ដោយទទួលបានត្រឹមតែ ១៨ អាសនៈប៉ុណ្ណេះ ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈគូរប្រជែងគឺបក្សកងកម្លាំងលីបង់ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ទទួលបាន ២០ អាសនៈ។
សម្ព័ន្ធមិត្ត Hezbollah សំខាន់ៗផ្សេងទៀត ដូចជានៅក្រុង Aley និងក្រុងទ្រីប៉ូលី ក៏បាត់បង់កៅអីរបស់ខ្លួនទៅឱ្យបេក្ខជនកំណែទម្រង់និយមផងដែរ។ ជាសរុប បេក្ខជនកំណែទម្រង់និយម ដែលជាអ្នកនយោបាយឯករាជ្យឈរឈ្មោះដើម្បីបំបែកសម្លេងពួកឥស្សរជនកាន់អំណាច ចំនួន ១៦រូប បានចូលសភា ដែលកើនឡើង ១៥ អាសនៈ បើធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៨។
លីបង់ ជាប្រទេសដែលមានប្រជាជនជិត ៧ លាននាក់ ជាជម្រកនៃសហគមន៍សាសនាចំនួន ១៨ផ្សេងគ្នា។ ដោយសារតែនេះ រដ្ឋាភិបាលពឹងផ្អែកលើរចនាសម្ព័ន្ធចែកអំណាច ដែលនាយករដ្ឋមន្ត្រី ប្រធានាធិបតី និងប្រធានសភាត្រូវតែមកពីក្រុមអ្នកកាន់សាសនាធំៗ៣របស់ប្រទេសរួមមាន អ៊ីស្លាមនិកាយស៊ុននី ម៉ារ៉ុននីតគ្រិស្ទាន និងអ៊ិស្លាមនិកាយស៊ីអ៊ីត។
សភាថ្មីរបស់ប្រទេសនេះ នឹងត្រូវតែងតាំងនាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលថ្មី ដើម្បីបន្តការចរចារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអនុម័តកំណែទម្រង់សេដ្ឋកិច្ច និងរចនាសម្ព័ន្ធ ដើម្បីជួយសេដ្ឋកិច្ចលីបង់ឱ្យងើបឡើងវិញបន្ទាប់ពីភាពចលាចលជាច្រើនឆ្នាំ។
យោងតាមតួលេខរបស់ក្រសួងមហាផ្ទៃ អត្រាអ្នកទៅបោះឆ្នោតមានកម្រិតទាប ៤១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានជិត ៥០ ភាគរយ។ ទីក្រុងទ្រីប៉ូលី ដែលជាទីក្រុងក្រីក្របំផុតមួយរបស់លីបង់ មានអ្នកទៅបោះឆ្នោតប្រហែល ៣០ ភាគរយ។ ការឡើងថ្លៃប្រេងឥន្ធនៈ និងការអស់សង្ឃឹមក្នុងប្រព័ន្ធនយោបាយ អាចជាការធ្វើឱ្យកម្រិតនៃសន្លឹកឆ្នោតទាប។
ប្រភព៖ Aljazeera