លោកពូទីនមើលឃើញថាគ្មានការគំរាមកំហែងពីការពង្រីកណាតូទេ ប៉ុន្តែប្រឆាំងការប្រមូលផ្ដុំយោធានៅព្រំដែន
កាលពីថ្ងៃចន្ទ ទី១៦ ឧសភា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីននិយាយថាគ្មានការគំរាមកំហែងអ្វីទេចំពោះរុស្ស៊ី ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ ប៉ុន្តែបានព្រមានថាក្រុងម៉ូស្គូនឹងធ្វើការឆ្លើយតប ប្រសិនបើសម្ព័ន្ធភាពយោធាលោកខាងលិចនេះធ្វើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធានៅសមាជិកថ្មីទាំងពីរនេះ។
លោកពូទីនបានលើកឡើងម្ដងហើយម្ដងទៀតថាការពង្រីករបស់អង្គការណាតូមកកាន់ព្រំដែនរុស្ស៊ីក្រោយការដួលរំលំសហភាពសូវៀត គឺជាចំណុចតានតឹងធំបំផុតដែលបង្កឱ្យមានសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ប៉ុន្តែលោកពូទីនបានធ្វើការឆ្លើយតបខុសពីធម្មតាចំពោះធម្មតាចំពោះការស្នើសុំរបស់ស៊ុយអែត និងហ្វាំងឡង់ដើម្បីចូលជាសមាជិកអង្គការណាតូ ដែលជាផលវិបាកយុទ្ធសាស្ត្រធំបំផុតនៃការឈ្លានពានរបស់រុស្ស៊ី។
លោកពូទីនបាននិយាយក្នុងកិច្ចប្រជុំអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលរួមមានបេឡារុស្ស អាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ថា៖ «ចំពោះការពង្រីក រុស្ស៊ីមិនមានបញ្ហាជាមួយរដ្ឋទាំងនេះទេ-គ្មានទេ។ ដូច្នេះក្នុងន័យនេះមិនមានការគំរាមកំហែងភ្លាមៗចំពោះរុស្ស៊ី ពីការពង្រីកដើម្បីរួមបញ្ចូលប្រទេសទាំងនេះទេ»។
បើទោះជាយ៉ាងនេះក៏ដោយលោកពូទីនក៏បាននិយាយថា៖ «ប៉ុន្តែការពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងទឹកដីនេះពិតជានឹងបង្កឱ្យមានការឆ្លើយតបពីយើង។ វា(ការឆ្លើយតប)គឺជាអ្វី យើងនឹងមើលអ្វីដែលជាការគំរាមកំហែងបង្កើតឡើងសម្រាប់យើង»។
មុនជំនួបរបស់លោកពូទីន អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសឺហ្គេ រីយ៉ាបកូវបាននិយាយថាលោកខាងលិចមិនគួរកុហកខ្លួនថាទីក្រុងម៉ូស្គូនឹងទ្រាំមិនឆ្លើយតប់នឹងការពង្រីកសមាជិកភាពរបស់ប្រទេសទាំងពីរនេះ៕
ប្រភព៖ Reuters