​សង្រ្គាម​នៅ​អ៊ុយក្រែន ​លាត​ត្រដាង​ពី​កំណែ​ទម្រង់​យោធា​មិន​ជោគ​ជ័យ​របស់​រុស្ស៊ី​ក្រោយ​សង្រ្គាម​ហ្សកហ្ស៊ី​

នៅ​ខែ​សីហា​ឆ្នាំ​ ២០០៨ ​យោធា​រុស្ស៊ី​បាន​បើក​ការ​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ហ្សកហ្ស៊ី​ក្នុង​សង្គ្រាម​រយៈ​ពេល​១២​ថ្ងៃ​​ ដោយ​សម្លាប់​ជន​ស៊ីវិល​ជាង​ ២០០ ​នាក់​ និង​​ទទួល​បាន​ជ័យ​ជម្នះ​នា​ពេល​នោះ​។​​ តែ​​សង្រ្គាម​ ​បាន​​បង្ហាញ​​​ពី​​កង្វះ​ខាត​​យ៉ាង​​ខ្លាំង​​នៅ​ក្នុង​​កង​កម្លាំង​ប្រដាប់​អាវុធ​​រុស្ស៊ី​ ដោយ​ទីក្រុង​ម៉ូស្គូ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ដំណើរ​ការ​មិន​ល្អ​នៃ​​កង​កម្លាំង​អាកាស​របស់​ខ្លួន​ និង​សំខាន់​ជាង​នេះ​គឺ​​​អសមត្ថភាព​​កង​កម្លាំង​ខុស​គ្នា​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា​។​

ជម្លោះ​​បាន​​លាត​ត្រដាង​​នូវ​​ចន្លោះ​​ប្រហោង​​ក្នុង​​សមត្ថភាព​ បញ្ហា​​​​ការ​​បញ្ជា ​​និង​​ការ​​គ្រប់​​គ្រង​ទ័ព​ និង​​ភាព​​​ខ្សោយ​នៃ​ការ​ស៊ើប​អង្កេត​ជា​ដើម​។​ ចំណុច​ខ្វះ​ខាត​ទាំង​ធំ​ និង​តូច​ ត្រូវ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ រហូត​វិមាន​​ក្រឹមឡាំង​​ប្រកាស​ពី​កំណែ​ទម្រង់​ទាំង​ស្រុង​នៃ​យោធា​ ដើម្បី​កសាង​កម្លាំង​ដែល​មាន​ជំនាញ​ តាម​រាងរៅ​ស្ដង់ដារ​ ​និង​ភាព​បត់​បែន​ជាង​មុន​។​  

​ជាង​១​ទសវត្សរ៍​ក្រោយ​សង្រ្គាម​ហ្សកហ្ស៊ី ​រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​អ៊ុនក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​។ ​​ប៉ុន្តែ​​ខណៈការ​ឈ្លាន​ពាន​​ឈាន​ជិត​ដល់​រយៈ​ពេល​៣​ខែ​ពេញ​លេញ​ វិមាន​ក្រឹមឡាំង​បែរ​ជា​​ធ្លាក់​ចុះ​ទៅ​វិញ​យ៉ាង​វេទនា​ក្នុង​ការ​បង្កើត​ម៉ាស៊ីន​យោធា​ដើម្បី​ប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​។​

កង​កម្លាំង​រុស្ស៊ី​នៅ​អ៊ុយក្រែន ​បាន​បំពេញ​មុខងារ​តិច​តួច​ដល់​កម្រិត​មួយ​ដែល​​​ធ្វើ​ឱ្យ​អ្នក​វិភាគ​លោក​ខាង​លិច​ភាគ​ច្រើន​ភ្ញាក់​ផ្អើល​ ហើយ​បង្កើន​ការ​រំពឹង​ទុក​ថា​ ប្រតិបត្តិការ​យោធា​ក្រោម​បញ្ជា​របស់​លោក​ប្រធានា​ធិបតី​ វ្ល៉ាឌីមៀ ពូទីន ​អាច​បញ្ចប់​ដោយ​ការ​បរាជ័យ​។​

តាម​រយៈ​វិធានការ​ណា​មួយ​ មិន​ថា​ដើម្បី​ដណ្ដើម​បាន​ទឹក​ដី​ភាគ​ខាង​ត្បូង​ ឬ​ភាគ​ខាង​កើត​អ៊ុយក្រែន​ក្ដី​ កង​កម្លាំង​រុស្ស៊ី​បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ​ រហូត​ដល់​បាត់​គំនិត​សុទិដ្ឋិនិយម​ដែល​ថា​ រុស្ស៊ី​អាច​នឹង​គ្រប់​គ្រង​អ៊ុយក្រែន​ត្រឹម​តែ​២-៣​ថ្ងៃ​ដំបូង​នៃ​ការ​វាយ​លុក​។​ ​ខុស​ពី​ការ​រំពឹង​ទុក​ រុស្ស៊ី​ត្រូវ​ដក​ទ័ព​ពី​តំបន់​ជុំ​វិញ​រដ្ឋ​ធានី​កៀវ​ នាវា​ចម្បាំង​នៃ​កង​នាវា​សមុទ្រ​ខ្មៅ ​Moskva ​របស់​ខ្លួន​ក៏​ត្រូវ​លិច​ ខណៈ​​មាន​ការ​ប៉ាន់ស្មា​ន​ថា​ទ័ព​រុស្ស៊ី​ស្លាប់​រាប់​ម៉ឺន​នាក់​។​ ​

កាសែត​ញូវយ៉ក​ថែមស៍​ចុះ​ផ្សាយ​ថា​ សង្រ្គាម​ឈ្លាន​ពាន​អ៊ុយក្រែន​នា​ពេល​នេះ​ បាន​លាត​ត្រដាង​ការ​ពិត​ដែល​ថា​ការ​ខូត​ខាត​នៃ​យោធា​​របស់​រុស្ស៊ី​បណ្ដាល​មក​ពី​​វប្បធម៌​យោធា​រុស្ស៊ី​ និង​អាកប្បកិរិយា​បន្សល់​ពី​សម័យ​សូវៀត​។​ ក្នុង​នោះ​រួម​មាន​ ភាព​មិន​បត់​បែន​ក្នុង​រចនា​សម្ព័ន្ធ​បញ្ជា​ អំពើ​ពុក​រលួយ​ក្នុង​ការ​ចំណាយ​យោធា​ និង​ការ​លាក់​បាំង​តួលេខ​ជន​រង​គ្រោះ ​និង​ការ​និយាយ​​ដដែល​ៗ​​​ថា​អ្វី​គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​តាម​ផែនការ​ជា​ដើម​។​

កាល​ពី​រដូវ​ក្តៅ​មុន​ រុស្ស៊ី​បាន​រៀប​ចំ​សមយុទ្ធ​យោធា​មួយ​​​ ដែល​ក្រសួង​ការពារ​ជាតិ​​និយាយ​ថា​ បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​សម្រប​សម្រួល​ការ​ដាក់​ពង្រាយ​ទាហាន ​២០០ ០០០​ ​នាក់​ មក​ពី​មូលដ្ឋាន​យោធា​ផ្សេង​គ្នា​ ហើយ​ថា​វា​នឹង​ក្លាយ​ជា​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​។​​

ប៉ុន្តែ ​សមយុទ្ធ​ទាំង​មូល​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ស្រ្គីប​ ដោយ​មិន​មាន​កម្លាំង​ប្រឆាំង​ទេ​។​ អង្គភាព​សំខាន់​ៗ​ដែល​ពាក់​ព័ន្ធ​បាន​អនុវត្ត​ក្បាច់​ប្រយុទ្ធ​របស់​ខ្លួនអ​ស់​ជា​ច្រើន​ខែ​ ហើយ​លំហាត់​នីមួយ​ៗ​​ចាប់​ផ្តើម ​និង​​ឈប់​ទៅ​វិញ​ត្រឹម​តែ​មួយ​រ​យៈ​។​ អ្នក​វិភាគ​យោធា​​និយាយ​ថា​ ចំនួន​ទាហាន​ដែល​ចូល​រួម​ មាន​ត្រឹម​តែ​ប្រហែល​ពាក់​កណ្តាល​នៃ​ចំនួន​ដែល​​​ឃោសនា​តែ​ប៉ុណ្ណោះ​។​

លោក​ Kamil Galeev ​អ្នក​វិភាគ​ពី​រុស្ស៊ី​ឯករាជ្យ​​ ​និយាយ​ថា​៖​ «​តាមពិ​ត​ទៅ​ វា​ជា​កង​ទ័ព​សូវៀត​។​ កំណែទ​ម្រង់​​​​បង្កើន​​ប្រសិទ្ធ​ភាព​​របស់​​កង​ទ័ព​ ប៉ុន្តែ​​ទៅ​បាន​តែ​​​ពាក់​កណ្តាល​​ផ្លូវ​​ប៉ុណ្ណោះ​​»។​​

ក្រោយ​​ជម្លោះ​ជាមួយ​ហ្សកហ្ស៊ី​ក្នុង​ឆ្នាំ​ ២០០៨ ​​រុស្ស៊ី​​ព្យាយាម​កែ​លម្អ​ និង​ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួន​ ដែល​បន្សល់​ទុក​ពី​សម័យ​សូវៀត​​ ដោយ​មន្រ្តី​តាម​មូលដ្ឋាន​នឹង​​ទទួល​ខុស​ត្រូវ​កាន់​តែ​ច្រើន​ ហើយ​អង្គភាព​មួយ​ៗ​នឹង​រៀន​ធ្វើ​សម​កាល​កម្ម​ជំនាញ​របស់​ខ្លួន​ជា​ដើម​។​ ​តែ​ពួក​អ្នក​ជើង​ចាស់​ជា​ច្រើន​ប្រឆាំង​នឹង​ការ​ផ្លាស់​ប្ដូរ​នេះ​​ ដោយ​ចូល​ចិត្ត​គំរូ​ចាស់​នៃ​កម្លាំង​ប្រមូល​ផ្តុំ​ដ៏​ធំ​ពី​សម័យ​សូវៀត​ជាង​។​  

ជាមួយ​គ្នា​នោះ​ កត្តា​ផ្សេង​ទៀត​ក៏​​រួម​ចំណែក​ដល់​អសមត្ថភាព​របស់​យោធា​ក្នុង​ការ​ផ្លាស់​ប្តូរ​ផង​ដែរ​។​ អត្រា​កំណើត​​ធ្លាក់​ចុះ​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​ដែល​នាំ​ទៅ​ដល់​ការ​រួម​តូច​នៃក្រុ​ម​បុរស​ដែល​អាច​ធ្វើ​ទាហាន​បាន​ ខ្វះ​មិន​ដល់​គោលដៅរើស​ទាហាន​​ប្រចាំ​ឆ្នាំ​​។ បញ្ហា​នេះ​ និង​បញ្ហា​​ប្រាក់​​​ខែ​​ទាប​​ជាប់​​ជា​​ប្រចាំ ​បាន​​ពន្យារ​​គោលដៅ​​ជ្រើស​រើស​​ទាហាន​ ខណៈ​អំពើ​​ពុក​​រលួយ​​​ជា​​ប្រព័ន្ធ​​​​ធ្វើ​​ឲ្យ​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​​ធ្លាក់​​​ចុះ​។​

យ៉ាង​ណា​មិញ​ អ្នក​វិភាគ​យោធា​និយាយ​ថា​ ​​បញ្ហា​​មូលដ្ឋាន​​គឺ​ថា​ វប្បធម៌​​យោធា​​នៃ​​សហភាព​​សូវៀត​នៅ​តែ​បន្ត​។​ លោក​ Michael​ Kofman នា​យក​សិក្សា​រុស្ស៊ី​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ CNA ​នាទី​ក្រុង​ Arlington ​រដ្ឋ​Virginia ​​និយាយ​ថា​៖​ «​យោធា​សូវៀត​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រមូល​មនុស្ស​រាប់​លាន​នាក់​ទៅ​បំពេញ​ផ្នែក​ជា​ច្រើន​ ​ដែល​មាន​​ការ​ផ្គត់​ផ្គង់​សម្ភារៈ​ហូហៀរ​។​ វា​​បង្កើត​ឡើង​សម្រាប់​សង្គ្រាម​លោក​លើក​ទី​៣​ជាមួយ​​ណាតូ​ ដែល​មិន​​កើត​មាន​ឡើង​»​។​

ក្រុម​អ្នក​វិភាគ​​និយាយ​ថា​ ទី​បំផុត​ ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​បាន​ជាប់​គាំង​ ដោយ​បន្សល់​ទុក​នូវ​កំណែទ​ម្រង់​យោធា​កូន​កាត់​ត្រង់​ចំណុច​ណា​មួយ​រវាង​ការ​ចល័ត​ទ័ព​ទ្រង់​ទ្រាយ​ធំ​ និង​កម្លាំង​ដែល​អាច​បត់​បែន​​កាន់​តែ​ច្រើន​។ ​​ការ​ធ្វើ​សម​យុទ្ធ​យោធា​កាល​ពី​រដូវ​ក្ដៅ​មុខ​​បង្ហាញ​ពី​របៀប​ដែល​យោធា​រុស្ស៊ី​ធ្វើ​សង្រ្គាម​។​ អ្នក​វិភាគ​និយាយ​ថា​ សមត្ថភាព​របស់​ទ័ព​ក្នុង​ការ​គិត​​លើ​សមរភូមិ​មិន​ត្រូវ​បាន​គេ​សាក​ល្បង​នោះ​ទេ​ ដោយ​ពួក​មន្រ្តី​វាយ​តម្លៃ​លើ​សមត្ថភាព​ទ័ព​លើ​ការ​ស្ដាប់​បញ្ជា​ទៅ​វិញ​។​  ​

​ជាមួយ​គ្នា​នោះ ​រុស្ស៊ី​ចង់​ឱ្យ​ពិភព​លោក​មើល​កង​ទ័ព​របស់​ខ្លួន​អស្ចារ្យ​ តាម​រយៈ​ការ​បង្ហាញ​នូវ​ឯក​សណ្ធាន ​ក្បួន​ដង្ហែរ​ ភ្ជាប់​ជាមួយ​នឹង​អាវុធ​ប្រណិត​ ដូច​បង្ហាញ​នៅ​​ក្នុង​ក្បួន​ដង្ហែរ​ទិវា​ជ័យ​ជំនះ​ប្រចាំ​ឆ្នាំ​ ដែល​អ្នក​វិភាគ​ខ្លះ​ហៅថា​ ​ជា​ការ​​ប្រើ​ប្រាស់​កង​កម្លាំង​យោធា​ ធ្វើ​ជា​ម៉ាស៊ីន​ឃោសនា​។​ ​​

ប៉ុន្តែ​ អំពើ​ពុក​រលួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​បំផ្លាញ​ធន​ធាន​នៃ​យោធា​រុស្ស៊ី​។​ ក្រុម​អ្នក​វិភាគ​និយាយ​ លួច​យក​ថវិកា​ចំណាយ​លើ​យោធា​ មាន​គ្រប់​កន្លែង​ទាំង​អស់​ មិន​មែន​ផែនការ​របស់​ខ្លួន​ដែល​ដាក់​ចេញ​មក​ត្រូវ​ការ​ចំណាយ​តិច​នោះ​ទេ​។ ​

រុស្ស៊ី​​ចំណាយ​ប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​វិស័យ​យោធា​របស់​ខ្លួន។ ​យោង​តាម​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​អន្តរជាតិ​ Stockholm (SIPRI) ​​​នៅ​ឆ្នាំ​ ២០២២ ​នេះ ​ទីក្រុង​ម៉ូស្គូ​ចេញ​ថវិកា​ ៦១,៧ ​ប៊ីលាន​ដុល្លារ​លើ​វិស័យ​យោធា​ ដែល​ជា​ថវិកា​យោធា​ធំ​បំផុត​ទី​ ៤ ​នៅ​លើ​ពិភព​លោក​។​

ប្រធាន​រដ្ឋ​អាជ្ញា​យោធា​លោក​ Sergey Fridinsky ​​ប្រាប់​កាសែត​រដ្ឋ​រុស្ស៊ី​ Rossiyskaya Gazeta ​កាល​ពី​ឆ្នាំ​ ២០១១ ​ថា​ ១​ក្នុង​ចំនោម​ប្រាក់​៥​រូប្លិ៍​ ​ដែល​ចំណាយ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ ​ត្រូវ​បាន​កិប​កេង​។​

អំពើ​​ពុក​​រលួយ​​រីក​​រាល​​ដាល​​រហូត​​ដល់​​ករណី​​ខ្លះ​​ចូល​​ដល់​​តុលាការ​​ដោយ​​ជៀស​​មិន​​រួច​។​ កាល​ពី​ខែ​មករា​ លោក​ Evgeny Pustovoy ​អតីត​ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម​សម្រាប់​រថពាស​ដែក​ រង​ការ​ចោទ​ប្រកាន់​ថា​បាន​ជួយ​លួច​លុយ​ជាង​ ១៣ ​លាន​ដុល្លារ​ ដោយ​ការ​ក្លែង​បន្លំ​កិច្ច​សន្យា​មួយ​ពី​ឆ្នាំ​ ២០១៨ ​ដល់​ ២០២០។​ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ ​​TASS ​។​

ជាមួយ​គ្នា​នោះ​ កាល​ពី​ខែ​កុម្ភៈ​ តុលាការ​យោធា​​ក្រុង​ម៉ូស្គូ​បាន​ដក​តំណែង​ឧត្តមសេនីយ៍​ Alexander Ogloblin ​ហើយ​​កាត់​ទោស​លោក​ឱ្យ​ជាប់​គុក​ ៤ ​ឆ្នាំ​កន្លះ​ ក្រោម​បទ​ចោទ​ប្រកាន់​​ក្លែង​បន្លំ​ជា​ «​​ទ្រង់​ទ្រាយ​ធំ»​។​ គេហទំព័រ​ព័ត៌មាន​ធុរកិច្ច​ BFM.RU ​​រាយ​ការណ៍​ថា​ អាជ្ញាធរ​ចោទ​ប្រកាន់​លោក​ពី​បទ​កេង​បន្លំ​ប្រាក់​ប្រហែល ​២៥ ​លាន​ដុល្លារ​ ដោយ​បង្ហាញ​ពី​ការ​ចំណាយ​លើស​លប់​នៅ​ក្នុង​កិច្ច​សន្យា​រដ្ឋ​សម្រាប់​ផ្កាយ​រណប​ និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​។​

អំពើ​ពុក​រលួយ​ក្នុង​កិច្ច​សន្យា​ដ៏​ធំ​មិន​មែន​ជា​បញ្ហា​​តែ​មួយ​សម្រាប់​យោធា​រុស្ស៊ី​នោះ​ទេ​។​ អ្នក​វិភាគ​​និយាយ​ថា​ ប្រាក់​ខែ​ទាប​ក៏​ជា​បញ្ហា​រួម​បញ្ចូល​ដែរ​។​ ​អ្នក​វិភាគ​និយាយ​ថា​​ មន្រ្តី​ខ្លះ​ក្លែង​បន្លំ​ចំនួន​ទ័ព​ធ្វើ​សមយុទ្ធ ឬហ្វឹក​ហាត់​ ​ ហើយ​យក​ថវិកា​ដាក់​ចូល​ហោប៉ៅ​ខ្លួន​ឯង​ ប៉ះពាល់ដល់ដំណើរ​​ការ​ហ្វឹក​ហាត់​ ដែល​​​ធ្វើ​ឱ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​ការ​ខ្វះ​ខាត​ជំនាញ​យោធា​ជា​មូលដ្ឋាន​។​ ​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner