អង់គ្លេស៖ បេឡារូសនឹងដាក់ពង្រាយកងកម្លាំងតាមព្រំដែនអ៊ុយក្រែន
ឡុងដ៍៖ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់នៅក្នុងរបាយការណ៍សម្ងាត់វិវត្តន៍ចុងក្រោយរបស់ខ្លួនថា បេឡារូសបានប្រកាសពីការដាក់ពង្រាយកងកម្លាំងប្រតិបត្តិការពិសេសនៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។
ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះថា ទឹកដីបេឡារូសត្រូវបានគេប្រើជាកន្លែងឈរជើង សម្រាប់ការឈានទៅមុខដំបូងរបស់រុស្ស៊ីនៅលើទីក្រុងកៀវ និងឆឺននីហ៊ីវ ហើយថា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាស និងមីស៊ីលពីប្រទេសបេឡារូស។ ប៉ុន្តែរហូតមកដល់ពេលនេះ កងកម្លាំងបេឡារូស មិនបានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនេះនោះទេ។
ក្រសួងការពារជាតិអង់គ្លេសបានកត់សម្គាល់ទៀតថា ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko ទំនងជាមានតុល្យភាពគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាមួយនឹងគោលបំណងជៀសវាងការចូលរួមផ្នែកយោធាដោយផ្ទាល់ ដើម្បីគេចផុតពីហានិភ័យនៃទណ្ឌកម្មរបស់លោកខាងលិច ការសងសឹករបស់អ៊ុយក្រែន និងការមិនពេញចិត្តដែលអាចកើតមាននៅក្នុងជួរយោធាបេឡារូសផ្ទាល់៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា