សហរដ្ឋអាមេរិក សម្រេចបន្ធូរបន្ថយទណ្ឌកម្មលើគុយបា
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនកំពុងដកទណ្ឌកម្មមួយចំនួនលើប្រទេសគុយបា ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់គ្រួសារដែលបែកគ្នារវាងប្រទេសទាំងពីរក្នុងការជួបជុំគ្នាឡើងវិញ និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់សហគ្រិនគុយបា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយស៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលលោក បៃដិន នឹងដាក់ឱ្យដំណើរការឡើងវិញនូវកម្មវិធីការបង្រួបបង្រួមគ្រួសារគុយបា (CFRP) និងបង្កើនសេវាកម្មកុងស៊ុល ក៏ដូចជាដំណើរការទិដ្ឋាការ ដែលធ្វើឱ្យវាអាចទៅរួចសម្រាប់ប្រជាជនគុយបាកាន់តែច្រើនដើម្បីជួបជុំគ្រួសាររបស់ពួកគេនៅសហរដ្ឋអាមេរិក តាមរយៈបណ្តាញធ្វើចំណាកស្រុកជាប្រចាំ។ CFRP បានអនុញ្ញាតឱ្យមានទិដ្ឋាការអន្តោប្រវេសន៍អាមេរិករហូតដល់ ២០,០០០នាក់ដែលត្រូវបានចេញឱ្យជនជាតិគុយបាជារៀងរាល់ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ដំណើរការ CFRP ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១៧ ដោយសារតែការដកបុគ្គលិកសំខាន់ៗនៅស្ថានទូតអាមេរិកក្នុងប្រទេសគុយបា ដែលបញ្ជានៅពេលនោះដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយលើកឡើងពីហេតុផលសន្តិសុខ។
លោក ប្រាយស៍ ក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដែរថា រដ្ឋបាលថ្មីនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមគ្រួសារ ក្នុងការទៅសួរសុខទុក្ខសាច់ញាតិរបស់ពួកគេនៅក្នុងប្រទេសគុយបា និងសម្រាប់អ្នកធ្វើដំណើរសហរដ្ឋអាមេរិកដែលមានការអនុញ្ញាត ក្នុងការទំនាក់ទំនងជាមួយប្រជាជនគុយបា ចូលរួមកិច្ចប្រជុំ និងធ្វើការស្រាវជ្រាវជាដើម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា