ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់

ភ្នំពេញ៖​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សាសនាបង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន រឹតតែត្រូវគោរពប្រតិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្តប្រាសចាកពីគន្លងនេះ នឹងនាំមកនូវភាពក្តៅក្រហាយ និងការបំផ្លិចបំផ្លាញជាតិ ដូចដែលធ្លាប់កើតឡើងរួចមកហើយនៅក្នុងរបប ប៉ុល ពត។ ក្នុងន័យនេះ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់ និងប្រកបដោយពលិកម្ម គឺបម្រើ ការពារ និងសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដោយមិនរត់ចោលរាស្ត្រ ទោះនៅក្នុងស្ថានការណ៍វិបត្តិមហន្តរាយធ្ងន់ធ្ងរយ៉ាងណាក្តី។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា នេះ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង៤០ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ការរួមគ្នាបំពេញបុណ្យកុសល ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអនុមោទនាត្រេកអរចំពោះសំណង់ព្រះវិហារថ្មីដ៏ស្កឹមស្កៃ និងជាសមិទ្ធផលថ្មីមួយទៀតផ្នែកព្រះពុទ្ធសាសនា ដែលត្រូវបានសាងសង់នៅលើទីតាំងគួរជាទីមនោរម្យក្នុងវត្តគិរីឱសថទឹកជប់ ស្រុកទឹកឈូ ខេត្តកំពត និងសូមសម្តែងនូវមោទនភាពចំពោះការរីកចម្រើនជាលំដាប់របស់ទីអារាមនេះ ដែលត្រូវបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ១៩៦២ សម័យសង្គមរាស្រ្តនិយម ដោយមានអាយុកាលប្រមាណ៦០ឆ្នាំមកហើយ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញស្ទើរខ្ទេចខ្ទីអស់ក្នុងរបបខ្មែរក្រហម។ នៅក្រោយការរស់រានឡើងវិញក្នុងឆ្នាំ១៩៧៩ សមិទ្ធផលជាច្រើនត្រូវបានកសាងឡើងវិញ សម្រេចបានសមិទ្ធផលជាច្រើនជាបន្តបន្ទាប់ទៅតាមដំណាក់កាល ដោយមានការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner