អភិបាលរាជធានីភ្នំពេញ ស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានស្នើសុំឲ្យបារាំង ជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀតនៅខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ដើម្បីឲ្យបរិស្ថានទឹកល្អប្រសើរមុននឹងហូរចូលទៅដងទន្លេសាប។

ការស្នើសុំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសទទួលជួប សំដែងការគួរសមនិង ពិភាក្សា ការងារជាមួយ លោកហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋ បារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៨ខែឧសភានេះ នៅសាលារាជ ធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ភ្នាក់ងារចៃការបស់ជប៉ុន បានជួយកម្ពុជា ជាច្រើនពិសេសនៅរាជធានីភ្នំពេញដោយបានកសាងស្ថានីយទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ដោយឡែកនៅខាងជើងភាគខាងលិចរាជធានីភ្នំពេញមិនទាន់មានស្ថានីយទឹកកខ្វក់ នៅ ឡើយទេ។លោកអភិបាលរាជធានីភ្នំពេញស្នើសុំឱ្យ បារាំងជួយរាជធានីភ្នំពេញក្នុងការកសាង ស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់។ ទោះបីជួយជា កម្ចីឬក៏ជាជំនួយឥតសំណង ក្តី។

បន្ថែមពីលើនេះផងដែរឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យភាគីបារាំងជួយដោះស្រាយទៅលើបញ្ហា កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរដោយសារតែរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រ កម្ពុជារដ្ឋបាលរាជធានីភ្នំពេញ និងជួយការពារសន្តិសុខ សណ្ដាប់ធ្នាប់គ្រប់បែបយ៉ាង ហើយបើ ស្ថានទូតត្រូវការឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយ រដ្ឋបាលរាជធានីភ្នំពេញនិងជួយសម្រួលគ្រប់ការងារ ដែលស្ថានទូតបារាំងត្រូវការផងដែរ ។

លោកហ្សាក់ ប៉ឺឡេ ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានសំណង់ អគារខ្ពស់ៗ ជាមួយផ្លូវខ្វាត់ខ្វែង ខុសពីឆ្នាំ១៩៩៥ ដាច់ស្រឡះតែម្តង។

លោកបន្តថា ប្រទេសកម្ពុជា គឺពិតជាមានការមមាញឹកខ្លាំង ចំពោះការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ដោយសារតែជិតដល់ថ្ងៃបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះ ។ ចំណែកប្រទេសបារាំងក៏ត្រូវបោះឆ្នោតនៅថ្ងៃទី ០៥ ខែមិថុនា ខាងមុខនេះដែរ។ ដូច្នេះ លោក ស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ប្រជាពលរដ្ឋរបស់ បារាំង នៅភ្នំពេញ ដែលត្រូវបោះឆ្នោតផង។

លោក ហ្សាក់ ប៉ឺឡេ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌ ចាស់ៗ ដែល នៅសេសសល់ព្រោះវាជាការទាក់ទាញភ្ញៀវជាតិអន្តរជាតិឱ្យមកកម្សា្តន្តនៅរាជធានីភ្នំពេញ ។ បន្ថែមពីនេះលោក បានលើកឡើងពីគម្រោងសិក្សាកសាងនៅរទេះភ្លើងល្បឿន នៅភ្នំពេញផងដែរ ក្រោយពីសិក្សារួច រយៈពេល១០ ឆ្នាំហើយ៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner