ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា​ ការ​បំពុល​សម្លាប់​មនុស្ស​ ៩ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ជុំវិញ​ពិភព​លោក​​

អ្នក​វិទ្យាសាស្ត្រ​​មួយ​ក្រុម​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​បំពុល​បរិយាកាស​ខាង​ក្រៅ​កាន់​តែ​អាក្រក់​ និង​ការ​ពុល​សារ​ធាតុ​សំណ​ ​រក្សា​ការ​ស្លាប់​ទូទាំង​ពិភព​លោក​ពី​ការ​បំពុល​បរិស្ថាន​ក្នុង​អត្រា​ប្រមាណ ​៩ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំចា​ប់​តាំង​ពី​ឆ្នាំ​ ២០១៥​ មក​​​។​

ការ​បំពុល​ខ្យល់​មាន​ប្រភព​ពី​ដំណើរការ​ឧស្សាហកម្ម​ រួម​ជាមួយ​នឹង​នគរូបនីយកម្ម​ បាន​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​ ៧ ​ភាគ​រយ​នៃ​ការ​ស្លាប់​ដែល​ទាក់​ទង​នឹង​ការ​បំពុល​ពី​ឆ្នាំ​ ២០១៥ ដ​ល់​ឆ្នាំ​ ២០១៩​។​ នេះ​បើ​យោង​តាម​ការវិ​ភាគ​របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​ទិន្នន័យ​ស្តី​ពី​ការ​ស្លាប់​ និង​កម្រិត​បំពុល​ពិភព​លោក​។​

លោក​ Richard Fuller ​សហអ្នក​និពន្ធ​ការ​សិក្សា ​និង​ជា​ប្រធាន​អង្គការ​ Pure Earth ​​និយាយ​ដោយ​ប្រៀប​ធៀប​ថា​៖​ «​យើង​កំពុង​អង្គុយ​នៅ​ក្នុង​ឆ្នាំង​មួយ​ ហើយ​ដុត​បន្តិច​ម្តង​ៗ​។​ ប៉ុន្តែ​​មិន​​ដូច​​ការ​​ប្រែ​ប្រួល​​អាកាសធាតុ​​ ជំងឺ​​គ្រុន​ចាញ់​ ឬ​​មេរោគ​​អេដស៍​​ ​«​យើង​​មិន​​បាន​​ផ្តោត​​លើ​​ការ​​បំពុល​​បរិស្ថាន​​ច្រើន​នោះ​​​ទេ​»​។​

ការ​ចុះ​ផ្សាយ​ពី​ឆ្នាំ​ ២០១៧ ​​ប៉ាន់​ប្រមាណ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​បំពុល​ប្រហែល​ ៩ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ឬ​ប្រហែល​១​ក្នុង​ចំណោម​ការ​ស្លាប់​៦​នាក់​នៅ​ទូទាំង​ពិភព​លោក​ជា​ការ​ស្លាប់​ដោយ​សារ​ការ​បំពុល​ ​និង​ត្រូវ​ចំណាយ​​សេដ្ឋកិច្ច​ពិភព​លោក​រហូត​ដល់​ ៤,៦ ​ទ្រី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

សម្រាប់​ការ​សិក្សា​ថ្មី​ៗ​បំផុត​របស់​ពួក​គេ​ដែល​​ចេញ​ផ្សាយ​នៅ​ក្នុង​ទស្សនា​វដ្តី​អនឡាញ​​ Lancet Planetary Health ​អ្នកនិពន្ធ​បាន​វិភាគ​ទិន្នន័យ​ឆ្នាំ​ ២០១៩ ​ពី​អង្គការ​ Global Burden of Disease ​ដែល​ជា​ការ​សិក្សា​បន្ត​ដោយ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ ​ដែល​វាយ​តម្លៃ​ការ​ប៉ះពាល់​នឹង​ការ​បំពុល​ជា​ទូទៅ​ និង​គណនា​ហានិភ័យ​នៃ​ការ​ស្លាប់​។​

ការ​វិភាគ​ថ្មី​មើល​ទៅ​កាន់​តែ​ពិសេស​ទៅ​លើ​មូលហេតុ​នៃ​ការ​បំពុល​ ដោយ​បែង​ចែក​ភាព​កខ្វក់​បែប​ប្រពៃណីដូ​ច​ជា​ ផ្សែង​ក្នុង​ផ្ទះ ​ឬ​ទឹក​សម្អុយ​ចេញ​ពី​ការ​បំពុល​ទំនើប​ជាង​មុន​ ដូច​ជា​ការ​បំពុល​បរិយាកាស​ឧស្សាហកម្ម ​និង​សារធាតុគីមី​ពុល​ជា​ដើម​។​ ការ​សិក្សា​ថ្មី​បង្ហាញ​ថា​ ​ទ្វីប​អាហ្វ្រិក​ប៉ះពា​ល់​ខ្លាំង​ជាង​គេ​ ដែល​ភាគ​ច្រើន​ជាប្រ​ទេស​ក្រីក្រ​កំពុងអ​ភិវឌ្ឍ​។​ 

ការ​ស្លាប់​ដោយ​សារ​ការ​បំពុល​បែប​ប្រពៃណី​កំពុង​ធ្លាក់​ចុះ​ជា​សកល​។​ ប៉ុន្តែ​វា​នៅ​តែ​ជា​បញ្ហា​ចម្បង​​ក្នុង​ទ្វីប​អាហ្រ្វិក ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​។​ កម្មវិធី​រដ្ឋ​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស​ក្នុង​ផ្ទះ​ និង​ការ​កែ​លម្អ​អនាម័យ​ បាន​ជួយ​ទប់​ស្កាត់​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​។​

សហ​អ្នក​និពន្ធ​អ្នក​ស្រី​ Rachael Kupka ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ Global Alliance on Health and Pollution ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ ​និយាយ​ថា​ ការ​ស្លាប់​ដែល​បណ្តាល​មក​ពី​ការ​ប៉ះ​ពាល់​នឹង​សារធាតុ​បំពុល​សម័យ​ទំនើប​ៗ​ដូច​​ជា​​ លោហធាតុ​ធ្ងន់​ សារ​ធាតុ​គីមី​កសិផល​ និង​ការ​បំភាយ​ឥន្ធនៈ​ហ្វូស៊ីល​គឺ​ «​កើន​ឡើង​ខ្ពស់​»​ រហូត​ដល់​ ៦៦ ​ភាគ​រយ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​។​ ​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner