ក្នុង​ការ​ប្រថុយ​ប្រថាន​ដ៏​ធំ​មួយ ចក្រភព​អង់គ្លេស​និយាយ​ថា​ពួកគេ​អាច​បោះបង់​ចោល​ច្បាប់​ពាណិជ្ជកម្ម​អៀរឡង់​ខាង​ជើង​

កាល​ពី​អង្គារ​ ទី​១៧ ឧសភា​ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​ជូន​ដំណឹង​ថា​ខ្លួន​អាច​នឹង​លុប​ចោល​ជា​ឯកតោភាគី​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ច្បាប់​គ្រប់គ្រង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​អៀរឡង់​ខាង​ជើង​ ក្នុង​សកម្មភាព​ប្រថុយប្រថាន​មួយ​ ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​សហភាព​អឺរ៉ុប​ ហើយ​អាច​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ ១៨​ ខែ​ក្រោយ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​កម្ចាត់​ភាព​តានតឹង​ Brexit​។

ក្រោម​សេចក្ដីព្រាងច្បាប់​មួយ​ ដែល​បង្ហាញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោកស្រី​លីស ត្រាស់​ រដ្ឋាភិបាល​អង់គ្លេស​អាច​បោះបង់​ចោល​បទប្បញ្ញត្តិ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​ចរចា​ដោយ​លំបាក​ជា​មួយ​សហភាព​អឺរ៉ុប​ ដូចជា​ការ​ត្រួត​ពិនិត្យ​នៅ​ព្រំដែន​លើ​ទំនិញ​ដែល​ដឹក​ជញ្ជូន​ពី​អង់គ្លេស​ទៅ​កាន់​អៀរឡង់​ខាង​ជើង​។

ការ​ប្រកាស​នេះ​បាន​ទាក់ទាញ​ការ​រិះគន់​យ៉ាង​រហ័ស​ និង​យ៉ាង​ខ្លាំង​ពី​សហភាព​អឺរ៉ុប​ ដែល​និយាយ​ថា​ពួកគេ​នឹង​ឆ្លើយ​តប​ «ជាមួយ​នឹង​វិធានការ​ទាំង​អស់​ដែល​ខ្លួន​មាន​»​។ ការ​ព្រមាន​បែប​នេះ​មាន​ភាព​មិន​ច្បាស់​លាស់ ប៉ុន្តែ​គួរ​ព្រួយបារម្ភ​ ដោយសារ​ពួកគេ​អាច​ចាត់​វិធានការ​តឹងរ៉ឹង​ ដែល​នឹង​ឈាន​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​អង់គ្លេស​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ លោក​ស្រី​ត្រាស់​ អះអាង​ថា​លោក​ស្រី​ចង់​ធ្វើ​ការ​កែប្រែ​បទប្បញ្ញត្តិ​ទាំង​នេះ​ មិន​មែន​លុប​វា​ចោល​ទាំង​ស្រុង​ទេ​ ហើយ​លោក​ស្រី​និយាយ​ថា​បញ្ហា​តានតឹង​បំផុត​អាច​ដោះស្រាយ​ដោយ​ការ​ចរចា​ ជាជាង​សកម្មភាព​ឯកតោភាគី​និយម​។

ប៉ុន្តែ​លោក​ស្រី​បាន​រិះគន់​បទប្បញ្ញត្តិ​ទាំង​នេះ​ថា​បាន​បង្អាក់​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​ និង​អៀរឡង់​ខាង​ជើង​ និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ក្នុង​កិច្ចព្រមព្រៀង​ចែក​រំលែក​អំណាច​ដ៏​ផុយ​ស្រួយ​ ដែល​បាន​រក្សា​សន្តិភាព​នៅ​ទឹកដី​នេះ​ក្នុង​រយៈ​ពេល​ជិត​ ២៥ ឆ្នាំ​៕

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner