សហរដ្ឋ​​អាមេរិក​ និង​​ជប៉ុន​​ថ្លឹង​ថ្លែង​​ការ​​សន្យា​​រួម​​គ្នា​​រារាំង​​ចិន​​ក្នុង​​កិច្ច​​ប្រជុំ​​កំពូល​​ក្រុង​​តូក្យូ

រដ្ឋាភិបាល​ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​ ​ចាប់​ផ្តើមស​ម្រប​សម្រួល​លើ​ពាក្យ​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ ដែល​ត្រូវ​ចេញ​ផ្សាយ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​របស់​ពួក​គេ​នៅ​ថ្ងៃ​ចន្ទ​នា​ទី​ក្រុង​តូក្យូ​ ដែល​នឹង​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គោល​នយោបាយ​នៃ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ «​រារាំង​ និង​ឆ្លើយ​តប​»​ សកម្មភាព​របស់ចិ​ន​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​។​ នេះ​បើតា​ម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei ​។  

សេចក្តី​ថ្លែងការណ៍​នេះ​ ក៏​នឹង​គូស​បញ្ជាក់​អំពី​គោល​នយោបាយ​រក្សា​ប្រទេស​ជប៉ុន​នៅ​ក្រោម​ឆ័ត្រ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ និង​ការ​ចែក​រំលែក​យុទ្ធសាស្ត្រ​សន្តិសុខ​រវាង​ប្រទេស​ទាំង​២​។​ ដៃគូ​នឹង​បញ្ជាក់​ពី​ការ​ចាប់​ផ្តើម​នៃ​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក​ (IPEF) ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ និង​បញ្ជាក់​ពី​ការ​ចូល​រួម​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​​អាស៊ី​។​

កិច្ច​ប្រជុំ​​ថ្ងៃ​ចន្ទ​ នឹង​ក្លាយ​​ជា​​ជំនួប​​ទល់​​មុខ​​គ្នា​​លើក​​ដំបូង​​រវាង​​នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​លោក ​Fumio Kishida និ​ង​​ប្រធានាធិបតី​​អាមេរិក​លោក ​ចូ ​បៃដិន​។ ការ​រំពឹង​ទុក​របស់​មេដឹកនាំ​ទាំង​២​ចំពោះ​ការ​រារាំង​ឥរិយា​បទ​អនុត្តរភាព​របស់​ចិន​ ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ​ដែល​ថា ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​មាន​ផល​ប៉ះ​ពាល់​ដល់​អាស៊ី​។​

សហរដ្ឋ​អាមេរិក​កំពុង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​យោធា​របស់​ខ្លួន​ចំពោះ​អឺរ៉ុប​ ដើម្បី​ដោះស្រាយ​ជាមួយ​រុស្ស៊ី​ ហើយ​សម្រាប់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​យុទ្ធសាស្ត្រ​មុខ​៣​ គឺ​នៅ​អឺរ៉ុប​ មជ្ឈិម​បូព៌ា​ និង​អាស៊ី​បូព៌ា។​ ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ក្ដី​ សហរដ្ឋ​អាមេរិក​នឹង​សង្កត់​ធ្ងន់​ម្តង​ទៀត​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ថា​ អាទិភាព​កំពូល​របស់​ខ្លួន​គឺ​​ចិន​ ដែល​​​ជាដៃគូ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​តែ​មួយ​គត់​របស់​ខ្លួន​។​

សេចក្តី​ថ្លែងការណ៍​រួម​ពី​មុន​​ដែល​​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​មុន​ និង​ចេញ​ដោយ​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​​ Yoshihide Suga ​និង​លោក​ បៃដិន ​​និយាយ​អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​ «​ច្រក​សមុទ្រ​តៃវ៉ាន់​»​ ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​កន្លះ​សតវត្សរ៍​។​ វា​ក៏​រួម​បញ្ចូល​ឃ្លា​ «​សារៈ​សំខាន់​នៃ​ការ​រារាំង​»​ នៅ​ក្នុង​តំបន់​ផង​ដែរ​។​

ក្នុង​សេច​ក្តី​ថ្លែងការណ៍​រួម​​លើក​នេះ​ ភាគី​ទាំង​២​​​នឹង​ពង្រឹង​ពាក្យ​សម្តី​ ដើម្បី​រួម​បញ្ចូល​សេចក្តី​ថ្លែងការណ៍​​ថា​​ ​នឹង​​«រារាំង»​ សកម្មភាព​របស់​ចិន​ ដែល​បំផ្លាញ​ស្ថិរភាព​ក្នុង​តំបន់​ ហើយ​ប្រសិន​បើ​ចាំ​បាច់​ នឹង​សហការ​ដើម្បី​ «​ឆ្លើយ​តប​»​។​ ​

លើស​ពី​នេះ​ ជប៉ុន​ និង​សហរដ្ឋ​អាមេរិក​​នឹង​រក្សា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រុស្ស៊ី​ ដែល​បន្ត​ការ​ឈ្លាន​ពាន​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយក្រែន​ ហើយ​នឹង​ថ្កោល​ទោស​ការ​គំរាម​កំហែង​ប្រើ​ប្រាស់​អាវុធនុ​យក្លេអ៊ែរ​ ទាំង​បន្ថែម​ទៅ​លើ​ការ​ឆ្ពោះ​ទៅ​រក​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​។​ ​

ចំណុច​​សំខាន់​ដែល​ត្រូវ​បញ្ជូល​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ ក៏​មាន​នូវ​ការ​បញ្ជាក់​ជំហរ​របស់​អាមេរិក​ក្នុង​ការ​ការពារ​ជប៉ុន​​​ក្រោម​​ឆ័ត្រ​​នុយក្លេអ៊ែរ​ ដោយ​ថា​ប្រសិន​បើ​ជប៉ុន​រង​ការ​គំរាម​កំហែង​ដោយអា​វុធ​នុយក្លេអ៊ែរ​ អាមេរិក​មាន​ឆន្ទៈ​ការពារ​ប្រទេស​នេះ​មិន​ត្រឹម​តែ​ដោយ​កង​កម្លាំង​ធម្មតា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មាន​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​​​បើ​ចាំ​បាច់​។​

ប្រភព៖ Nikkei Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner