សង្រ្គាមអ៊ុយក្រែនអាចបង្កើន និងផ្តល់អំណាចដល់កាតា ក្នុងនាមជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ
ក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះ រដ្ឋឈូងសមុទ្រពែក្សកាតា បានបញ្ជូនបរិមាណឧស្ម័នធម្មជាតិ(ហ្គាស)កាន់តែច្រើនឡើងទៅកាន់អតិថិជននៅជុំវិញពិភពលោក ដោយប្រមូលនូវទ្រព្យសម្បត្តិដ៏មហាសាល និងទាញយកអំណាចភូមិសាស្ត្រនយោបាយដ៏សំខាន់ដែលប្រទេសតូចល្អិតនេះខ្វះខាត។
ពេលសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ធ្វើឱ្យទីផ្សារផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ក្រុងម៉ូស្គូប្រទាញប្រទង់គ្នាក្រោមការដាក់ទណ្ឌកម្មពីបស្ចិមលោក ឥទ្ធិពលរបស់កាតាដែលជាអ្នកផ្គត់ផ្គង់ដ៏ធំមួយ ក៏នឹងកើនឡើងដែរ។
ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ព្យាយាមបិទដង្ហើមសេដ្ឋកិច្ចរុស្ស៊ី តាមរយៈបិទការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីប្រទេសនេះ បស្ចិមទាំងនេះសម្លឹងមើលលើកាតាថាជាប្រភពថាមពលជំនួសសម្រាប់អឺរ៉ុប។ ទោះបីជាកាតាមិនអាចដឹកជញ្ជូនឧស្ម័នបន្ថែមទៅអឺរ៉ុបភ្លាមៗ ដោយសារផលិតកម្មភាគច្រើនស្ថិតនៅក្រោមកិច្ចសន្យាផ្គត់ផ្គង់ទៅកន្លែងផ្សេងក្ដី ប្រទេសនេះកំពុងវិនិយោគលុយរាប់សិបពាន់លានដុល្លារដើម្បីបង្កើនផលិតកម្មប្រហែល ២/៣ នៅឆ្នាំ ២០២៧។
លោក Saad Al-Kaabi រដ្ឋមន្ត្រីក្រសួងកិច្ចការថាមពលកាតាទទួលបន្ទុកកិច្ចការថាមពល និងជាប្រធានក្រុមហ៊ុនប្រេងរដ្ឋ QatarEnergy និយាយក្នុងបទសម្ភាសន៍មួយថា ប្រហែលពាក់កណ្តាលនៃឧស្ម័ននោះអាចទៅអឺរ៉ុប។
លោក Cinzia Bianco អ្នកស្រាវជ្រាវអំពីប្រទេសឈូងសមុទ្រពែរក្សនៅក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងបរទេស និយាយប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «បរិមាណហ្គាសដ៏ច្រើនអាចឱ្យកាតាក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏សំខាន់ទៅអឺរ៉ុប»។
ការកើនឡើងនៃការចាប់អារម្មណ៍លើឧស្ម័នធម្មជាតិរបស់កាតា គឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងសម្រាប់ប្រទេសនេះ ដែលមេដឹកនាំលោកខាងលិចតិះតៀនលើឥន្ធនៈហ្វូស៊ីលក្នុងការរួមចំណែករបស់ពួកគេចំពោះការប្រែប្រួលអាកាសធាតុក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោករដ្ឋមន្ត្រី Al-Kaabi និយាយថា៖ «ប្រទេសដែលធ្លាប់និយាយថា ‘យើងមិនត្រូវការក្រុមហ៊ុនប្រេង និងហ្កាសទេ ហើយប្រទេសទាំងនេះអាក្រក់’ ឥឡូវបែរជានិយាយថា ‘ជួយយើង បង្កើនផលិតកម្ម។ អ្នកផលិតអត់គ្រប់គ្រាន់សោះ’»។
ការផ្លាស់ប្ដូរនេះ ត្រូវបានគេមើលឃើញថារុញច្រានដោយការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។ ភ្លាមៗបន្ទាប់ប្រតិបត្តិការយោធាពិសេសរបស់លោក វ៉្លាឌីមៀ ពូទីន ចាប់ផ្ដើមនៅចុងខែកុម្ភៈ បណ្តាប្រទេសអ៊ឺរ៉ុប ដែលទទួលការនាំចូលឧស្ម័នធម្មជាតិជិតពាក់កណ្តាលរបស់ខ្លួនពីរុស្ស៊ីកាលពីឆ្នាំមុន ចាប់ផ្ដើមព្យាយាមស្វែងរកប្រភពឥន្ធនៈពីប្រទេសផ្សេងទៀត ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ី។
វិបត្តិនេះ បានផ្ដល់ឱ្យកាតា ដែលជាគូប្រជែងជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីលើដំណែងនាំចេញឧស្ម័នធម្មជាតិកំពូលៗ នូវភាពពេញនិយមមួយ។
នៅខែមករា ដោយសារការភ័យខ្លាចការលុកលុយរបស់រុស្ស៊ី ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសកាតាជា «សម្ព័ន្ធមិត្តសំខាន់ក្រៅណាតូ» ក្នុងអំឡុងពេលទទួលស្វាគមន៍មេដឹកនាំកាតាលោក Sheikh Tamim bin Hamad al-Thani ទៅសេតវិមាន។ បញ្ហាថាមពលក្លាយជារឿងសំខាន់របៀបវារៈនៃជំនួបមេដឹកនាំអាមេរិក និងកាតានៅពេលនោះ។
បន្ទាប់ពីសង្គ្រាមផ្ទុះឡើង នាយករដ្ឋមន្ត្រីអង់គ្លេស ប៊ូរីស ចនសុន ហៅលោក Sheikh Tamim ដើម្បីពិភាក្សាអំពី «ការធានាការផ្គត់ផ្គង់ឧស្ម័នប្រកបដោយនិរន្តរភាព» និងបញ្ហាផ្សេងទៀត ហើយមេដឹកនាំអឺរ៉ុបជាន់ខ្ពស់អញ្ជើញទៅកាតាដើម្បីពិភាក្សាអំពីថាមពល រួមទាំងលោក Josep Borrell Fontelles អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបផងដែរ។ លោក Robert Habeck រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុរបស់អាល្លឺម៉ង់ ក៏ប្រកាសអំពីកិច្ចព្រមព្រៀងឧស្ម័នជាមួយកាតា។
ប៉ុន្តែសមត្ថភាពរបស់កាតាក្នុងការបន្ធូរបន្ថយបញ្ហាឧស្ម័នធម្មជាតិរបស់អឺរ៉ុបក្នុងរយៈពេលដ៏ខ្លីនេះមានកម្រិត។ លោករដ្ឋមន្រ្តី Al-Kaabi និយាយថា ប្រហែល ៨៥ ភាគរយនៃផលិតកម្មបច្ចុប្បន្នកាតា ជាប់គាំងក្នុងកិច្ចព្រមព្រៀងរយៈពេលវែងជាមួយអតិថិជនភាគច្រើននៅអាស៊ី។ លោកនិយាយថា៖ «ភាពបរិសុទ្ធនៃកិច្ចសន្យា និងកេរ្តិ៍ឈ្មោះរបស់យើង គឺសំខាន់បំផុត ដូច្នេះខ្ញុំមិនអាចទៅរកអតិថិជន ហើយនិយាយថា ‘សុំទោស ខ្ញុំត្រូវការជួយជនជាតិអឺរ៉ុប’ បាននោះទេ។
ប៉ុន្តែអ្នកវិភាគនិយាយថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ការវិនិយោគរបស់កាតាលើឧស្ម័នធម្មជាតិ ទំនងជារួមបញ្ចូលគ្នាជាមួយនឹងភាពចលាចលនៃថាមពលដែលបង្កឡើងដោយសង្រ្គាមអ៊ុយក្រែន ដើម្បីចងរដ្ឋវាលខ្សាច់ដ៏តូចនេះឱ្យកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប ហើយទទួលបានពាក្យសរសើរពីទីក្រុងវ៉ាស៊ីនតោនក្នុងពេលជាមួយគ្នានោះ។
លោករដ្ឋមន្រ្តី Al-Kaabi និយាយថា ជាច្រើនឆ្នាំមុនពេលសង្រ្គាមចាប់ផ្តើម កាតាបានចាប់ផ្តើមគម្រោងមួយដែលមានការចំណាយប៉ាន់ស្មានចំនួន ៤៥ ប៊ីលានដុល្លារ ដើម្បីសាងសង់រោងចក្រឧស្ម័នថ្មីចំនួន២ និងបង្កើនសមត្ថភាពទិន្នផលប្រចាំឆ្នាំចំនួន ៦៤ ភាគរយ។ ឧស្ម័ននោះនឹងចាប់ផ្តើមចូលទីផ្សារនៅឆ្នាំ ២០២៦ ហើយទំនងជានឹងត្រូវបែងចែករវាងអ្នកទិញនៅអឺរ៉ុប និងអាស៊ី។
ពេលកាតារកឃើញឧស្ម័នធម្មជាតិក្នុងដែនទឹករបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ក្រុមមន្ត្រីមានការខកចិត្តដែលវាមិនមែនជាប្រេងកាត ដោយសារតែគ្មាននរណាចង់បានវា ឬស្រម៉ៃថាថ្ងៃអនាគតទីផ្សារហ្គាសនឹងផ្ទុះឡើង។ នេះបើតាមលោក David Roberts សាស្ត្រាចារ្យរងផ្នែកទំនាក់ទំនងអន្តរជាតិនៅមហាវិទ្យាល័យ King’s College London និយាយប្រាប់កាសែតញូវយ៉កថែមស៍។
បន្ទាប់មកការរីកចម្រើននៃបច្ចេកវិទ្យា បានផ្តល់នូវការបើកចំហ ដោយក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ កាតា និងដៃគូអន្តរជាតិបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតឧស្សាហកម្មឧស្ម័នធម្មជាតិ។ ទីផ្សារសម្រាប់ឥន្ធនៈថ្មី ដែលបញ្ចេញការបំភាយតិចជាងឥន្ធនៈហ្វូស៊ីលផ្សេងទៀតកើនឡើង ហើយកាតាក៏ត្រូវប៉ាន់។
ចំណូលពីឧស្ម័នធម្មជាតិ បានបញ្ជូនសាច់ប្រាក់ចូលទៅក្នុងសេដ្ឋកិច្ចកាតា ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសមួយដ៏មានបំផុតលើពិភពលោក។ រដ្ឋធានីដូហារីកដុះដាល រួមជាមួយនឹងអាគារខ្ពស់ៗប្រណិតៗស្រោបកញ្ចក់។ មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសកើនឡើង ដោយចាប់យកភាគហ៊ុននៅក្នុងក្រុមហ៊ុនធំៗ និងអចលនទ្រព្យសំខាន់ៗនៅទីក្រុងឡុងដ៍ ញូវយ៉ក និងទីក្រុងសកលផ្សេងទៀត។
ទន្ទឹមនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច កាតាបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីដើរតួនាទីយ៉ាងទូលំទូលាយនៅក្នុងនយោបាយក្នុងតំបន់។ ប្រទេសនេះជាធនាគារិករបស់ Al Jazeera ដែលជាបណ្ដាញទូរទស្សន៍រិះគន់គូប្រជែងកាតា និងអបអរសាទរចំពោះចលនាតវ៉ា និងក្រុមប៉ះបោរនៅទូទាំងតំបន់ក្នុងអំឡុងពេលការបះបោរនិទាឃរដូវអារ៉ាប់ឆ្នាំ ២០១១។
កាតាក៏ជាអ្នករក្សាទំនាក់ទំនងការទូតជាមួយក្រុមឧទ្ទាម និងរដ្ឋាភិបាលដែលស្អប់គ្នាទៅវិញទៅមក ដោយអនុញ្ញាតឱ្យប្រទេសនេះធ្វើការជាអ្នកសម្រុះសម្រួល។ កាតាទទួលស្វាគមន៍មន្ត្រីកំពូលមកពីក្រុមហាម៉ាស ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងក្រុមតាលីបង់។ កាលពីឆ្នាំមុន កាតាក៏ទទួលការសរសើរពីរដ្ឋបាលបៃដិន សម្រាប់ការជួយដល់ការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ដោយការស្វាគមន៍ជនជាតិអាមេរិក និងដៃគូអាមេរិកដែលដកខ្លួនពីអាហ្វហ្គានីស្ថាន។
បន្ថែមពីលើការវិនិយោគពីក្រុមហ៊ុនថាមពលបស្ចិមលោកជាច្រើន កាតាមានមូលដ្ឋានទ័ពធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា ប៉ុន្តែប្រទេសនេះនៅតែព្យាយាមរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ ដែលរកស៊ីទាញយកឧស្ម័ននៅសមុទ្រជាមួយគ្នា។
លោក Jim Krane អ្នកស្រាវជ្រាវផ្នែកនយោបាយថាមពលនៅវិទ្យាស្ថាន Baker Institute for Public Policy នៃសាកលវិទ្យាល័យ Rice និយាយថា៖ «ប្រជាជនកាតាទទួលបានឥទ្ធិពលច្រើនជាងអ្វីដែលគ្រប់គ្នាបានគិត។ ពួកគេបានបញ្ចូលឧស្ម័នធម្មជាតិទៅជាថាមពលទន់គ្រប់ប្រភេទទាំងអស់»។ របៀបកាតានឹងទប់ទល់ឥទ្ធិពលរបស់ខ្លួននាពេលអនាគតគឺជាសំណួរបើកចំហ ប៉ុន្តែសម្រាប់ពេលនេះ វាកំពុងផ្តោតលើការយកចិត្តទុកដាក់របស់អន្តរជាតិដែលអាចទាញពីប្រយោជន៍ផ្គត់ផ្គង់ហ្គាសរបស់ខ្លួន។
ប្រភព៖ New York Times