វិបត្តិ​ស្បៀង​អាហារ​នៅ​អាស៊ី​៖ សង្គ្រាម​អ៊ុយក្រែន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​បន្តៗ​គ្នា​ដែល​ឈាន​ដល់​ការ​ខ្វះខាត

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៊ែរឡាំង​កាល​ពី​ដើម​ខែ​នេះ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិនត្រា ម៉ូឌី​បាន​ប្រកាស​ដោយ​ក្លាហាន​ថា​៖ «នៅ​ពេល​ដូច​នេះ​ កសិករ​នៃ​ប្រទេស​ឥណ្ឌា​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ផ្ដល់​អាហារ​ដល់​ពិភពលោក​»​។

រដ្ឋលេខាធិការ​នៃ​មន្ទីរ​អាហារ​ និង​ការ​ចែកចាយ​សាធារណៈ​របស់​ឥណ្ឌា​លោក​ស៊ូដង់ស៊ូ ផេនឌី​ក៏​បាន​គាំទ្រ​ការ​លើកឡើង​របស់​លោក​មូឌី​ផង​ដែរ​។ លោក​បាន​បន្ថែម​ពី​លើ​ការ​លើកឡើង​របស់​លោក​មូឌី​ថា​៖ «ប្រទេស​ឥណ្ឌា​មាន​ស្ថានភាព​ស្បៀង​អាហារ​សុខ​ស្រួល​ ដោយ​មាន​អតិរេក​គ្រាប់ធញ្ញជាតិ​ ហើយ​ស្តុក​បម្រុង​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ខ្ពស់​ជាង​តម្រូវ​ការ​អប្បបរមា​សម្រាប់​ពេល​មួយ​ឆ្នាំ​ខាង​មុខ​»​។

បន្ទាប់​ពី​ការ​លើក​ឡើង​ទាំង​នេះ​មាន​ការ​រាយការណ៍​ថា​ ឥណ្ឌា​បាន​បញ្ជូន​គណៈប្រតិភូ​ពាណិជ្ជកម្ម​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ប្រាំបួន​ដើម្បី​ «សិក្សា​លទ្ធភាព​នៃ​ការ​បង្កើន​ការ​នាំចេញ​ស្រូវសាលី​ចេញ​ពី​ប្រទេស​ឥណ្ឌា»​។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​១៣ ការ​អះអាង​ដ៏​ក្លាហាន​របស់​លោក​ម៉ូឌី​បាន​ដួល​រលំ​។ ឥណ្ឌា ដែល​ជា​អ្នក​ដាំដុះ​ស្រូវ​សាលី​ធំ​ជាង​គេ​ក្នុង​ពិភពលោក​បន្ទាប់​ពី​ប្រទេស​ចិន​ បាន​ប្រកាស​ថា​ពួកគេ​នឹង​ធ្វើ​ការ​ហាមឃាត់​ការ​នាំចេញ​ស្រូវ​សាលី​ទៅ​កាន់​បរទេស​។

ក្នុង​ការ​ដើរ​ថយ​ក្រោយ​ពី​សំដី​មុន​ លោក​ផេនឌី​និយាយ​ថា​ការ​ហាមឃាត់​នេះ​គឺ​ចាំបាច់​ដើម្បី​ការពារ​ស្បៀង​អាហារ​របស់​ឥណ្ឌា និង​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​អតិផរណា​។ ការ​ព្យាករណ៍​ទិន្នផល​ស្រូវសាលី​របស់​ឥណ្ឌា​ក៏​បាន​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​ផង​ ដោយ​សារ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ដើម​ឆ្នាំ​ និង​ការ​កើតឡើង​រលក​កម្ដៅ​នៅ​ពេល​ថ្មីៗ​នេះ​។

ការ​ហាម​ឃាត់​របស់​ឥណ្ឌា​គឺ​ជា​ព្រឹត្តិការ​ចុង​ក្រោយ​គេ​ក្នុង​ខ្សែ​សង្វាក់​ប្រតិកម្ម​បន្តៗ​គ្នា​ ដែល​មាន​ប្រភព​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​។ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន​គឺ​ជា​ប្រទេស​នាំចេញ​គ្រាប់ធញ្ញជាតិ និង​ជី​គីមី​ដ៏​សំខាន់​ក្នុង​ពិភពលោក​។ ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ទីផ្សារ​អន្តរជាតិ​ដោយ​សារ​សង្គ្រាម​ក្នុង​ករណី​អ៊ុយក្រែន និង​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម​ក្នុង​ករណី​រុស្ស៊ី​។

ជា​មួយ​ការ​បាត់បង់​អ្នក​ផ្គត់ផ្គង់​ដ៏​សំខាន់​ទាំង​ពីរ​នេះ​ វិស័យ​អាហារ​របស់​ពិភពលោក​ចាប់​ផ្ដើម​ប្រឈម​មុខ​នឹង​ការ​ជាប់​គាំង​ ខណៈ​ពេល​អ្នក​នាំចេញ​ធំៗ​ដូចជា​ឥណ្ឌា (ស្រូវសាលី) និង​ឥណ្ឌនេស៊ី (ប្រេងដូង) ចាប់​ផ្ដើម​មាន​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ស្បៀងអាហារ​ក្នុង​ស្រុក​របស់​ពួកគេ​។

«តម្លៃ​ប្រេង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ហើយ​មាន​កង្វះ​គ្រាប់ធញ្ញជាតិ និង​ជី» ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក​ធី.អេស. ទីរូមូទី បាន​និយាយ​បែប​នេះ​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​បន្ត​ទៀត​ថា​៖ «នេះ​បាន​ជះ​ឥទ្ធិពល​មិន​សមាមាត្រ​លើ​សកល​លោក​ខាង​ត្បូង និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​»​។

ការ​នាំចេញ​ស្រូវ​សាលី​ពី​អ៊ុយក្រែន​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ចិញ្ចឹម​មនុស្ស​ជាង​ ៤០០ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២១ ដោយ​ភាគ​ច្រើន​លើសលប់​គឺ​នាំចេញ​តាម​រយៈ​កំពង់ផែ​ក្រុង​ម៉ារីអូប៉ូល និង​អូដេសា​។ ការ​វាយ​ប្រហារ​ និង​ការ​បិទ​ផ្លូវ​ទឹក​ដោយ​រុស្ស៊ី​ទៅ​លើ​ទីក្រុង​ទាំង​ពីរ​នេះ​ បាន​ធ្វើ​ឱ្យ​អ៊ុយក្រែន​បាត់បង់​មធ្យោបាយ​នាំចេញ​របស់​ខ្លួន​ ហើយ​ត្រូវ​ជ្រើសរើស​មធ្យោបាយ​ផ្លូវ​គោក​ដ៏​គ្រោះថ្នាក់​។

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក​ដេនីស ស្មីហាល​បាន​និយាយ​ថ្មីៗ​នេះ​ថា​៖ «កសិផល​ជាង​កៅសិប​លាន​តោន​ ដែល​អ៊ុយក្រែន​គ្រោង​នាំចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​ ត្រូវ​បាន​រារាំង»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ រុស្ស៊ី​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ប្រមូល​ផល​គ្រាប់ធញ្ញជាតិ​យ៉ាង​ហោច​ណាស់​ ១៣០ លាន​តោន​ ដែល​រួមមាន​ស្រូវ​សាលី​ចំនួន​ ៨៧ លាន​តោន​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ប្រទេស​ជា​ច្រើន​បាន​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​រុស្ស៊ី ឬ​ពួកគេ​មិន​អាច​ដោយ​សារ​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​។

អេហ្ស៊ីប​ និង​ប្រទេស​ដទៃ​នៅ​អាហ្វ្រិក​ខាង​ជើង​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ ពី​ការ​បាត់បង់​ការ​ផ្គត់ផ្គង់​ស្រូវសាលី​ពី​អ៊ុយក្រែន​ ប៉ុន្តែ​គេ​រំពឹង​ថា​ផល​ប៉ះពាល់​នឹង​រីក​រាលដាល​ហួស​ប្រទេស​ទាំង​នេះ​។ នៅ​អាស៊ី​ ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជា​ទីផ្សារ​នាំចេញ​ធំ​ជាង​គេ​ទី​ពីរ​សម្រាប់​ស្រូវ​សាលី​អ៊ុយក្រែន​។ ហើយ​រុស្ស៊ី​គឺ​ជា​អ្នក​ផ្គត់ផ្គង់​ជី​គីមី​ធំ​ជាង​គេ​ទី​បួន​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

អ៊ុយក្រែន​ក៏​ផ្គត់ផ្គង់​ជាង​ពាក់​កណ្ដាល​នៃ​ប្រេង​ផ្កាឈូករ័តន៍​របស់​ពិភពលោក​ ខណៈ​ពេល​ដែល​រុស្ស៊ី​ផ្គត់ផ្គង់​ជាង​ ២០ ភាគរយ​។ តម្លៃ​ប្រេង​ផ្កាឈូករ័តន៍​បាន​កើន​ឡើង​ទ្វេដង​នៅ​អាស៊ី ហើយ​បាន​កើន​ឡើង​ជាង​ ១០ ដង​នៅ​តំបន់​ខ្លះ​នៃ​អឺរ៉ុប​។ កង្វះ​ប្រេង​ចម្អិន​អាហារ​បាន​កើត​ឡើង​រួច​ទៅ​ហើយ​ ដោយ​មាន​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​នៅ​អាស៊ី​ខាង​ត្បូង​។ កង្វះ​នេះ​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​បញ្ឈប់​ការ​នាំ​ចេញ​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​នៅ​ក្នុង​ស្រុក​របស់​ពួកគេ​។

ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ផ្គត់ផ្គង់​ ៥៥ ភាគ​រយ​នៃ​ប្រេងដូង​របស់​ពិភពលោក​ បាន​ប្រកាស​ហាមឃាត់​ការ​នាំចេញ​ប្រេង​ដូង​របស់​ខ្លួន​ បន្ទាប់​មាន​បាតុកម្ម​និស្សិត​ផ្ទុះ​ឡើង​ដើម្បី​តវ៉ា​ការ​កើន​ឡើង​តម្លៃ​ប្រេង​ក្នុង​ស្រុក​រហូត​ដល់​ទ្វេដង​។

អ្នក​ជំនាញ​និយាយ​ថា​ការ​ហាម​ឃាត់​ទាំង​នេះ​នឹង​បង្ក​ឱ្យ​មាន​អតិផរណា​ និង​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ស្បៀង​អាហារ​របស់​ពិភពលោក​ ជា​ពិសេស​ក្នុង​ចំណោម​ប្រទេស​ចំណូល​ទាប​ និង​កណ្ដាល​៕

ប្រភព៖ Asia Nikkei

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner