រុស្ស៊ី​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បញ្ជូន​មីស៊ីល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ ទៅ​ជិត​ព្រំដែន​ហ្វាំងឡង់​

មាន​ការ​រាយការណ៍​ថា​រុស្ស៊ី​បាន​ចាប់​ផ្ដើម​បញ្ជូន​មីស៊ីល​ ដែល​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ទៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ហ្វាំងឡង់​ ខណៈ​ពេល​ដែល​ភាព​តានតឹង​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ បន្ទាប់​ពី​ប្រទេស​នេះ​ប្រកាស​ចង់​ចូល​ជា​សមាជិក​អង្គការ​ណាតូ​។

ក្នុង​វីដេអូ​មួយ​ បង្ហោះ​លើ​បណ្ដាញ​សង្គម​ និង​វិភាគ​ដោយ​សារព័ត៌មាន​ Reuters បាន​បង្ហាញ​រថយន្ត​យោធា​រុស្ស៊ី​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​ដំណើរ​នៅ​ផ្លូវ​មួយ​នៃ​ក្រុង​វាយបឺក​ជិត​ព្រំដែន​ជាមួយ​ហ្វាំងឡង់​ ដោយ​ក្នុង​នោះ​មាន​រថយន្ត​ចំនួន​ ៧ ដែល​មាន​លក្ខណៈ​ដូច​រថយន្ត​ដឹក​ជញ្ជូន​មីស៊ីល​ប្រភេទ​ Iskander។

មីស៊ីល​ប្រភេទ​​រយៈ​ចម្ងាយ​ខ្លី​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​សមត្ថភាព​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ហើយ​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប​។

យ៉ាង​ណា​មិញ​វីដេអូ​នេះ​បាន​ផុស​ឡើង​ បន្ទាប់​ពី​អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​ និង​អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក​ឌីមីទ្រី មេដវេដេវ​បាន​ព្រមាន​ថា​ប្រសិន​បើ​ហ្វាំងឡង់​ចូល​ជា​សមាជិក​អង្គការ​ណាតូ​ រុស្ស៊ី​នឹង​ឆ្លើយ​តប​ដោយ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​លឿន​ជាង​សំឡេង​។​

លោក​មេដវេដេវ​និយាយ​ថា​ការ​ចូល​ជា​សមាជិក​នេះ​នឹង​បញ្ចប់​ «ស្ថានភាព​គ្មាន​នុយក្លេអ៊ែរ​របស់​តំបន់​បាល់តិក»​៕

ប្រភព៖ New York Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner