ការ​ក្ដោប​ក្បាប់​អំណាច​ឡើង​វិញ​នៃ​លោក​នាយករដ្ឋមន្ត្រី​លី និង​ការ​ត្រឡប់​មក​វិញ​នៃ​ «លីកូណូមិច»

ការ​ត្រឡប់​មក​វិញ​នៃ​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​លី ខឺឈាង​ គឺ​ជា​ប្រធានបទ​ដ៏​ក្ដៅ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​។

បើ​តាម​ប្រពៃណី​ នាយករដ្ឋមន្ត្រី​ចិន​មាន​អំណាច​ផ្ដាច់​មុខ​លើ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​។ ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​ ៩ ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ប្រធានាធិបតី​ស៊ី ជីនពីង​បាន​ប្រមូល​ផ្ដុំ​អំណាច​ទាំង​នេះ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក ធ្វើ​ឱ្យ​លោក​លី​មាន​អំណាច​តែ​ឈ្មោះ​ប៉ុណ្ណោះ​។

ប៉ុន្តែ​តុល្យភាព​អំណាច​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។

កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​គេ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​កាសែត People’s Daily របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ ចេញ​ផ្សាយ​អត្ថបទ​ពេញលេញ​នៃ​សុន្ទរកថា​មួយ​ថ្លែង​ដោយ​លោក​លី​កាល​ពី​បី​សប្ដាហ៍​មុន​នោះ​។

​ក្នុង​ការ​ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ទី ២៥ មេសា​ លោក​លី​បាន​និយាយ​ស្រប​តាម​គោលនយោបាយ​ចម្បង​របស់​លោក​ស៊ី​អំពី​ការ​កម្ចាត់​អំពើ​ពុក​រលួយ​។ ប៉ុន្តែ​ការ​ពិនិត្យ​មើល​ស៊ី​ជម្រៅ​បង្ហាញ​អំពី​ធាតុ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​។

នៅ​លើ​ទូទាំង​ការ​ថ្លែង​សុន្ទរកថា​នេះ​លោក​បាន​លើក​ឡើង​អំពី​វិធានការ​ដើម្បី​កសាង​សេដ្ឋកិច្ច​ឡើង​វិញ ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​យន្តការ​ទីផ្សារ​ ការ​កាត់​បន្ថយ​បន្ទុក​ពន្ធ ការ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម និង​ការ​បង្កើត​ការងារ​។

គំនិត​ទាំង​នេះ​គឺ​ជា​សសរស្ដម្ភ​នៃ​ «លីកូណូមិច» ឬ​សេដ្ឋកិច្ច​លី​និយម​ ដែល​ជា​ពាក្យ​គេ​បង្កើត​ឡើង​ដើម្បី​ពិពណ៌នា​អំពី​អាទិភាព​គោលនយោបាយ​របស់​លោក​លី នៅ​ពេល​ដែល​លោក​ចូល​កាន់​អំណាច​ដំបូង​។​ «លីកូណូមិច» ត្រូវ​បាន​គេ​ទុក​ចោល​ក្នុង​រយៈ​ពេល​ ៩ ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​លោក​ស៊ី​ដណ្ដើម​អំណាច​គោលនយោបាយ​សេដ្ឋកិច្ច​ពី​លោក​លី​។ ប៉ុន្តែ​ការ​ថ្លែង​សុន្ទរកថា​ថ្ងៃ​ទី​២៥ មេសា និង​ការ​ចេញ​ផ្សាយ​លើ​កាសែត​ផ្លូវ​ការ​បែប​នេះ​ គឺ​ជា​សញ្ញា​បង្ហាញ​ថា​ «លីកូណូមិច» នឹង​ធ្វើ​ការ​វិល​ត្រឡប់​មក​វិញ​ឆាប់ៗ​នេះ​។

ល្បះ​គួរ​ឱ្យ​កត់​សម្គាល់​មួយ​គឺ​៖ «ការ​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម គឺ​ជា​ទំនួល​ខុស​ត្រូវ​ជា​មូលដ្ឋាន​របស់​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់ ហើយ​ក៏​ជា​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ការ​កែ​លម្អ​ឥរិយាបថ​របស់​គណបក្ស និង​ការ​កសាង​រដ្ឋាភិបាល​ស្អាត​»​។

ក្នុង​ល្បះ​នេះ​ លោក​លី​បាន​និយាយ​អំពី​របៀប​នៃ​ការ​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​ ដែល​ជា​ការ​ឈាន​ជើង​ចូល​ទៅ​ក្នុង​អំណាច​បុព្វសិទ្ធិ​របស់​លោក​ស៊ី ក្នុង​នាម​ជា​អគ្គលេខាបក្ស​។

ចំណុច​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត​គឺ​ថា​លោក​លី មិន​បាន​និយាយ​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​គោលនយោបាយ​កូវីដ​សូន្យ​របស់​លោក​ស៊ី​ បើ​ទោះ​បី​ជា​គោលនយោបាយ​នេះ​ត្រូវ​បាន​បញ្ជាក់​ជា​ថ្មី​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​ ដែល​ជា​ស្ថាប័ន​សម្រេច​ចិត្ត​កំពូល​របស់​គណបក្ស​កុម្មុយនិស្ត​។

ការ​ជៀស​វាង​នេះ​អាច​ដោយ​សារ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បង្ក​ដោយ​គោលនយោបាយ​ដ៏​តឹងរ៉ឹង​នេះ​។ ផលិតកម្ម​ឧស្សាហកម្ម​ និង​ទីផ្សារ​លក់​រាយ​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ បើ​ប្រៀប​ធៀប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ផល​ប៉ះពាល់​ទាំង​នេះ​បាន​បន្ថែម​ពី​លើ​ផល​ប៉ះពាល់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​លើ​វិស័យ​បច្ចេកវិទ្យា​ អចលនទ្រព្យ និង​សាលា​រៀន​គួរ​ ក្រោម​គោលនយោបាយ «វិបុលភាព​រួម​» របស់​លោក​ស៊ី​។

ព្រឹត្តិការណ៍​ទាំង​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​ជា​ច្រើន​គិត​ថា​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​ចាប់​តាំង​ពី​ខែ​មេសា​ នៅ​ពេល​ដែល​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​សេដ្ឋកិច្ច​ចិន​បាន​ចាប់​ផ្ដើម​បាត់បង់​សំទុះ​។

ការ​ចេញ​ផ្សាយ​របស់​កាសែត​ People’s Daily ទៅ​លើ​សុន្ទរកថា​របស់​លោក​លី បាន​បង្ហាញ​សញ្ញា​អំពី​ការ​ផ្លាស់​ប្ដូរ​វិធី​នៃ​ការ​បង្កើត​គោលនយោបាយ​របស់​ប្រទេស​ចិន​ ពី​អំណាច​ឯកតោភាគី​របស់​លោក​ស៊ី​ ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ដឹកនាំ​ដោយ​លោក​លី​។

ប៉ុន្តែ​ គេ​ព្យាករណ៍​ថា​លោក​ស៊ី​ជៀស​ចេញ​ដោយ​ងាយៗ​ទេ​។ នៅ​ក្នុង​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​វាយ​ប្រហារ​តបត​វិញ​ គណៈកម្មការ​កំណែ​ទម្រង់​ និង​អភិវឌ្ឍ​ជាតិ​ (NDRC) ដែល​ដឹកនាំ​ដោយ​ជំនិត​របស់​លោក​ស៊ី​ គឺ​លោក​ហឺ លីហ្វឹង​ បាន​ចាប់​ផ្ដើម​ចេញ​ផ្សាយ​ទស្សនាវដ្ដី​ថ្មី​មួយ​មាន​ចំណង​ជើង​ថា​ «ការ​សិក្សា​លើ​ការ​គិត​សេដ្ឋកិច្ច​របស់​ស៊ី ជីនពីង»​។

ដោយ​កំណត់​​ថា​សេដ្ឋកិច្ច​ជា​ផ្នែក​មួយ​នៃ «ការ​គិត» របស់​លោក​ស៊ី​ NDRC បាន​ឱ្យ​សញ្ញា​ថា​ពួកគេ​គាំទ្រ​ការ​គ្រប់គ្រង​របស់​លោក​ស៊ី​ទៅ​លើ​សេដ្ឋកិច្ច​ជាជាង​លោក​លី​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក្រុម​អ្នក​គាំទ្រ​លោក​ស៊ី​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ និង​កាត់​បន្ថយ​ឥទ្ធិពល​របស់​សម្ព័ន្ធ​យុវជន​កុម្មុយនិស្ត​ ដែល​ជា​មូលដ្ឋាន​អំណាច​របស់​លោក​លី​ និង​រៀមច្បង​របស់​លោក​គឺ​អតីត​ប្រធានាធិបតី​ចិន​លោក​ហ៊ូ ជីនតាវ​។

សម្ព័ន្ធ​នេះ​បាន​ឈាន​ដល់​ចំណុច​កំពូល​របស់​ពួកគេ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ហ៊ូ ប៉ុន្តែ​ធ្លាក់​ចុះ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ស៊ី​។ ខួប​ទី​៩០ របស់​ពួកគេ​កាល​ពី​ឆ្នាំ​ ២០១២​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​សាល​ប្រជុំ​ធំ​នៃ​មហាសាល​ប្រជាជន​។ ប៉ុន្តែ​ខួប​ទី ១០០ របស់​ពួកគេ​ត្រូវ​បាន​រៀប​ចំ​នៅ​សាល​ជប់​លៀង​តូច​ ដោយ​ចំនួន​អ្នក​ចូល​រួម​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​។

ការ​ធ្លាក់​ចុះ​របស់​សម្ព័ន្ធ​យុវជន​ក៏​លេច​ឡើង​ក្នុង​តួ​លេខ​ផង​ដែរ។ សមាជិកភាព​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ជា​ច្រើន​ឆ្នាំ​រហូត​ដល់​សម័យ​លោក​ហ៊ូ​។ សមាជិកភាព​របស់​ពួកគេ​នៅ​ឆ្នាំ​២០១២ គឺ​ ៨៩,៩ លាន​នាក់ ច្រើន​ជាង​សមាជិក​បក្ស​កុម្មុយនិស្ត​ទៅ​ទៀត​ ដែល​កាល​នោះ​មាន​សមាជិក​ ៨៥,៥ លាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០២១ សមាជិកភាព​សម្ព័ន្ធ​បាន​ធ្លាក់​នៅ​ត្រឹម​ ៧៣,៧១​លាន​។

ក្នុង​ឆ្នាំ​២០១៦ រដ្ឋបាល​លោក​ស៊ី​ បាន​ប្រកាស​ផែនការ​កំណែ​ទម្រង់​ធ្ងន់ធ្ងរ​សម្រាប់​គណៈកម្មាធិការ​កណ្ដាល​នៃ​សម្ព័ន្ធ​យុវជន ដោយ​បាន​រិះគន់​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា​បញ្ហា​ធំ​ចំនួន​បួន​របស់​គណៈកម្មាធិការ រួម​ទាំង​ការ​ប្រកាន់​យក «លទ្ធិ​អភិជន​និយម​» និង​ការ​ផ្ដោត​លើ «ការ​កម្សាន្ត​» ខ្លាំង​ពេក​។

សម្រាប់​លោក​ស៊ី​ សម្ព័ន្ធ​នេះ​គឺ​ជា​គូប្រជែង​ឥទ្ធិពល​នយោបាយ​ដ៏​ធំ​មួយ​។ ប៉ុន្តែ​ធ្លាក់​ចុះ​នេះ​ និង​កើន​ឡើង​របស់​លោក​លី​គឺ​រលក​ផ្ទុយ​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​ ដែល​អាច​បង្ក​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រជែង​ទាញ​ព្រ័ត្រ​នៅ​ក្នុង​សមាជ​គណបក្ស​កុម្មុយនិស្ត​នៅ​ចុង​ឆ្នាំ​នេះ​។

លោក​លី​ត្រូវ​បាន​គេ​គិត​ថា​កំពុង​ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​លោក​នៅ​អាច​ប្រជែង​យក​តំណែង​ដ៏​មាន​ឥទ្ធិពល​ណា​មួយ​ក្នុង​សមាជ​ខាង​មុខ ខណៈ​ពេល​ដែល​លោក​មិន​ទាន់​ដល់​អាយុ​ចូល​និវត្ត​។ ការ​ប្រជែង​នេះ​អាច​ជា​បញ្ហា​ធំ​ដ៏​មួយ​សម្រាប់​លោក​ស៊ី ដែល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កាន់​អំណាច​ដោយ​មិន​មាន​ការ​ប្រជែង​៕

ប្រភព៖ Nikkei Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner