តួកគី និងហុងគ្រី៖ ឆ្អឹងទទឹងកនៃការរួបរួមរបស់ណាតូ និងសហភាពអឺរ៉ុបប្រឆាំងរុស្ស៊ី

ដោយ​គិត​ពី​អទិភាព​នៃផ​លប្រ​យោជន៍​​ជាតិ​ផ្ទាល់​ខ្លួន​ ​មេ​ដឹក​នាំ​នៃ​ប្រទេស​ចំនួន​២​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឆ្អឹង​ទទឹង​ក​របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ណាតូ​ និង​សហភាព​អឺរ៉ុប​ ក្នុង​ការ​រួប​រួម​គ្នា​ប្រឆាំង​នឹង​រុស្ស៊ី​ និង​ប្រធានាធិបតី​​លោក​ វ៉្លាឌីមៀ ​ពូទីន​។​  

អ្នក​ការ​ទូត​ជាន់​ខ្ពស់​អឺរ៉ុប​ម្នាក់​​និយាយ​ថា​ ប្រធានាធិបតី​តួកគី​លោក​ រ៉េសិប ​​តៃ​យីប​​ អេរដូហ្គែន ​(Recep Tayyip Erdogan)​ កាល​ពី​ថ្ងៃ​ពុធ​ បាន​រារាំង​ការ​បោះឆ្នោត​តាម​នីតិ​វិធី​របស់​​ណាតូ​ចំពោះ​ការ​​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​លើ​ការ​សុំ​ចូល​ជា​សមាជិក​​​សម្ព័ន្ធ​ភាព​យោធា​របស់​​ប្រទេស​ស៊ុយអែត​ និង​ហ្វាំងឡង់​។​

នាយក​រដ្ឋ​មន្រ្តី​ហុងគ្រី ​លោក ​វ៉ីកទ័រ​ អរបាន​ (Viktor Orban) ​ឯណោះ​វិញ​ នៅ​តែ​បន្ត​​បង្អាក់​បង្អួល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហភាព​អឺរ៉ុប​​ដើម្បី​ដាក់​ទណ្ឌកម្ម​បិទ​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី ​ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ទី​៦​លើ​ក្រុង​ម៉ូស្គូ​សម្រាប់​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​។​

ខណៈ​​អង្គការ​ណាតូ​ និង​សហភាព​អឺរ៉ុប​​បង្ហាញ​ពី​ការ​រួប​រួម​គ្នា​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ ក្នុង​ការ​ឆ្លើយ​តប​​នឹង​បញ្ជា​របស់​លោក​ពូទីន​ សកម្មភាព​របស់​មេដឹក​នាំ​ទាំង​២​ បង្ហាញ​ពី​ភាព​តាន​តឹង​​ ស្រប​ពេល​ដែល​សង្រ្គាមនៅ​អ៊ុយក្រែន​​អូស​បន្លាយ​ ការ​​ចរចា​​សន្តិភាព​ហាក់​មិន​ដំណើរការ​ទៅ​មុខ​ ហើយ​ការ​ដាក់​ទណ្ឌកម្ម​របស់​បស្ចិម​លោក​ក៏​រួម​ចំណែក​ដល់​ការ​ឈឺ​ចាប់​​ផ្នែក​សេដ្ឋកិច្ច​ ​ក្នុង​ប្លុក​របស់​ខ្លួន​ឯង​មិន​ត្រឹម​តែ​រុស្ស៊ី​។​ ​

លោក​ អេរដូហ្គែន ​និង​លោក ​អរបាន​ អាច​ជា​អ្នក​ខុស​គេ​​ក្នុង​អង្គការ​របស់​ខ្លួន​ ប៉ុន្តែ​អ្នក​ទាំង​២​អាច​ប្រើ​ប្រាស់​តម្រូវ​ការ​សម្រាប់​ការ​ឯកភាព​ទាំង​នៅ​ណាតូ​ និង​សហភាព​អឺរ៉ុប​ ដើម្បី​បង្ហាញ​ការ​ព្រួយ​បារម្ភ​ផ្នែក​នយោបាយ ​និង​សេដ្ឋកិច្ច​របស់​ខ្លួន​ ដោយ​ការ​ទប់ស្កា​ត់​ការ​រួម​គ្នា​របស់​អ្នក​ផ្សេង​ទៀត​ ទោះ​បី​ជា​បណ្តោះ​អាសន្ន​ក្ដី​។​ 

កាល​ពី​ថ្ងៃ​ពុធ​ កិច្ច​ប្រជុំ​មួយ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​ណាតូ​ មិន​អាច​ឈាន​ដល់​ការ​ឯក​ភាព​គ្នា​លើ​ការ​បោះឆ្នោត​លើក​ដំបូង​ដើម្បី​ដំណើរ​ការ​សំណើ​សុំ​ចូល​ជា​សមាជិក​របស់​ហ្វាំងឡង់​ និង​​ស៊ុយអែត​​បាន​ទេ​ ដោយ​សារ​តែ​តួកគី​និយាយ​ថា​ ខ្លួន​ចង់​ឱ្យ​ណាតូ​ដោះ​ស្រាយ​កង្វល់​សន្តិសុខ​របស់​ខ្លួន​។​

សំខាន់​បំផុត​នោះ​ ​ក្រុង​អង់ការ៉ា​ចង់​ឱ្យ​​ហ្វាំងឡង់​ និង​ជា​ពិសេសស៊ុ​យអែត​ បញ្ចប់​ការ​គាំទ្រ​ក្រុម​សកម្ម​ប្រយុទ្ធ​ពលករ​ឃឺដ ឬ​ PKK ​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​ណរឌិក​ទាំង​២​ ដែល​រដ្ឋាភិបាល​តួកគី​ចាត់​ទុក​ថា​ជា​ «​អង្គការ​ភេរវករ​»​ ​និង​លុប​ចោល​​បម្រាម​មិន​ឱ្យ​នាំ​ចេញ​អាវុធ​មួយ​ចំនួន​ទៅ​តួកគី​ ដែល​ប្រទេស​ទាំង​២​ដាក់​លើ​តួកគី​ក្រោយ​ការ​​លុក​លុយ​ភាគ​ខាង​ជើង​ស៊ីរី​ឆ្នាំ​ ២០១៩ ​ដើម្បី​ប្រឆាំង​នឹង​អង្គភាព​ការពារ​ប្រជាជនស៊ីរី​ (YPG) ​ដែល​​ជា​​សាខា​​របស់​​ PKK​ ​។

ការ​សម្រេច​ចិត្ត​របស់​តួកគី​ប្រឆាំង​ការ​ឯកភាព​គ្នា​ ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​មុន​ពេល​រដ្ឋ​មន្ត្រី​ការ​បរទេស​តួកគី​លោក​ Mevlut Cavusoglu ​គ្រោង​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក ​អង់ថូនី​ ប្ល៊ីងខិន​ (Antony Blinken)​ នៅ​ទីក្រុង​ញូវយ៉ក។ ​

តួកគី​ចង់​ឱ្យ​បញ្ហា​សន្តិសុខ​របស់​ខ្លួន​ ត្រូវ​បាន​ដោះស្រាយ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ណាតូ​នា​ចុង​ខែ​មិថុនា​ខាង​មុខ​នេះ​។​ លោក​ Cavusoglu ​និយាយ​កាល​ពី​ថ្ងៃចន្ទនា​​ទីក្រុង​ប៊ែកឡាំង​ថា​៖​ «​យើង​ត្រូវ​តែ​បញ្ឈប់​ជា​ដាច់​ខាត​នូវ​ការ​គាំទ្រ​ដល់​អង្គការ​ភេរវករ​។​ ខ្ញុំ​​និយាយ​នេះ​ក្នុង​ន័យ​ជា​សម្ព័ន្ធ​មិត្ត​»​។​

ក្នុង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​របស់​លោក​នៅ​ក្នុង​សភា​កាល​ពី​ថ្ងៃ​ពុធ​ លោក​ អេរដូហ្គែន ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​របស់​លោក​ខាង​លិច​ចំពោះ​ក្រុម​សកម្ម​ប្រយុទ្ធ​ឃឺដ ​ដែល​ទីក្រុង​អង់ការ៉ា​មើល​ឃើញ​ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​ភេរវកម្ម​លើ​ខ្លួន​។​ ​

​PKK ​គឺ​ជាក្រុ​ម​ទ័ព​ព្រៃ​ឃឺដ ​ដែល​​ប្រយុទ្ធដើម្បី​​ការ​​បះបោរ​បំបែក​ខ្លួន​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​តួកគី​។​ ក្រុម​នេះ​ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចាត់​ជា​អង្គការ​ភេរវករ​ក្នុង​ឆ្នាំ​១៩៩៧​។​ របាយការណ៍​​មួយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​តួកគី​ Anadolu ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​ ២០២១ ​និយាយ​ថា​ ស៊ុយអែត​ បាន​ផ្ដល់​​សព្វា​វុធ​ដល់​ក្រុម​នេះ​ ដែល​កំណត់​​គោលដៅ​លើ​កង​កម្លាំង​សន្តិសុខ​តួកគី​នៅ​ស៊ីរី​ចន្លោះ​ឆ្នាំ​ ២០១៧ ​និង​ ២០២១​ ដោយ​ប្រើប្រា​ស់​អាវុធ​ AT-4​ ផលិត​ដោយ​ស៊ុយអែត​ជាង​ ៤០ ​គ្រឿង​។​ ​

លោក​ អេរដូហ្គែន ​នៅ​តែខឹ​ង​សម្បារ​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ស្តុកខុល​ ចំពោះ​ការ​គាំទ្រ​កង​ជីវពល​​មាន​សម្ព័ន្ធភាព​ជាមួយ​ PKK ​នៅ​​ស៊ីរី​ ជា​កន្លែង​ដែល​ក្រុម​នេះ​កំពុង​ប្រយុទ្ធ​ជាមួយ​រដ្ឋ​អ៊ិស្លាម​។​ រដ្ឋាភិបាល​របស់​លោក​កាល​ពី​ឆ្នាំ​មុន​ ​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក​ និង​ស៊ុយអែត​ជុំ​វិញ​បញ្ហា​នេះ​។​ ហើយ​តួកគី​​ក៏​ទាមទារ​ឱ្យ​ស៊ុយអែត​ និង​ហ្វាំងឡង់​ ធ្វើ​​បត្យាប័ន​មនុស្ស​រាប់​សិប​នាក់​ដែល​ជាប់​ការ​សង្ស័យ​ថា​ជា​សមាជិក​របស់​ PKK ​ប៉ុន្តែ​ត្រូវ​ប្រទេស​ទាំង​២​មិន​ឆ្លើយ​តប​។​  

លោក​ អេរដូហ្គែន ​និយាយ​ថា​ បញ្ហា​ទាំង​នេះ​បណ្តាល​ឱ្យ​លោក​មិន​មាន​ «​គំនិត​អំណោយ​ផល​»​ អំពី​សមាជិក​ភាព​នៃ​បណ្តា​ប្រទេស​ណរឌិក​ ប៉ុន្តែ​​​មិន​​បាន​​និយាយ​​​ថា​ លោក​​នឹង​បោះឆ្នោត​​វេតូ​​ពាក្យ​​សុំ​​របស់​​ប្រទេស​ទាំង​២​នោះ​ទេ​។​ ​កាល​ពី​ថ្ងៃ​សៅរ៍​ លោក​ Ibrahim Kalin ​អ្នក​នាំ​ពាក្យ​របស់​លោក​ អេរដូហ្គែន ​​​​និយាយ​ថា​ «​យើង​មិន​បិទ​ទ្វា​ទេ​។​ ប៉ុន្តែ​​យើង​​កំពុង​​លើក​​បញ្ហា​​នេះ​​ជា​​បញ្ហា​​សន្តិសុខ​ជាតិ​មូលដ្ឋាន​​​សម្រាប់​​តួកគី​»។​​

យ៉ាង​ណា​មិញ​ រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វាំងឡង់​លោក​ Pekka Haavisto ​​កាល​ពី​ថ្ងៃ​ចន្ទ​ បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក​ អេរដូហ្គែន ​ដែល​​​ថា​ហ្វាំងឡង់​ និង​ស៊ុយអែត​ ថា​ជា​ជម្រក​សុវត្ថិភាព​​របស់​ក្រុម​ PKK ​ហើយ​នេះ​ជា​មូលហេតុ​ដែល​តួកគី​នឹង​រារាំង​ដំណើរ​ការ​ចូល​រួម​ជាមួយ​ណាតូ​។​

លោក ​Haavisto​ និយាយថា​៖ ​«​​យើង​​មិន​​ធ្វើ​​ការ​​ជួញ​​ដូរ​​​ទេ​។​ ចម្លើយ​ច្បាស់​លាស់​របស់​យើង​គឺ​ ក្រុម​ PKK ​ត្រូវ​បាន​ហាម​ឃាត់​នៅ​​ហ្វាំងឡង់​ ចាប់​តាំង​ពី​វា​ស្ថិត​នៅ​ក្នុង​បញ្ជី​អង្គការ​ភេរវករ​របស់​សហភាព​អឺរ៉ុប​។​ ប្រសិន​​​បើ​​​វា​​នៅ​​តែ​​មាន​​ភាព​​មិន​​ច្បាស់​​លាស់​​ចំពោះ​​អ្នក​​ណា​​ម្នាក់​ យើង​​អាច​​សរសេរ​​វា​​ជា​​អក្សរ​​ធំ​ៗ​ ហើយ​​និយាយ​​វា​​ក្នុង​​បរិបទ​​ណា​​មួយ​បាន​»។​

ទន្ទឹម​នឹង​នេះ​ សន្តិសុខ​ជាតិ​​ក៏​ជា​​អំណះ​អំណាង​របស់​មេដឹក​នាំ​ហុងគ្រី​ លោក ​អរបាន ​ផង​ដែរ​។​ ហុងគ្រី​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​រុស្ស៊ី​ ​ដោយ​នាំ​ចូល​ ៨៥ ​ភាគ​រយ​នៃ​ឧស្ម័ន​ធម្មជាតិ​​ និង​ ៦៥ ​ភាគ​រយ​នៃ​ប្រេង​របស់​ខ្លួន​ពី​រុស្ស៊ី​ រួម​ទាំង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​រុស្ស៊ី​សម្រាប់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​​ជាដើម​។​

ទោះ​បី​ហុងគ្រី​ចូល​រួម​ក្នុង​ការ​អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ពី​មុន​ទាំង​អស់​ រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​ធ្យូងថ្ម​​រុស្ស៊ី​ក្ដី ​លោក​ អរបាន​ ប្រកាស​ថា​ ទណ្ឌកម្ម​បិទ​ការ​នាំ​ចូល​ប្រេង​​​ស្មើ​នឹងការ​ទម្លាក់​ «​គ្រាប់​បែក​បរមាណូ​»​ លើ​សេដ្ឋកិច្ច​ហុងគ្រី​។

មិន​ខុស​ពី​លោក​ អេរដូហ្គែន ​នៅ​អង្គការ​ណាតូ ​លោក​ អរបាន ​គឺ​ជា​អ្នក​កាន់​អំណាច​តែ​មួយ​គត់​ ក្នុង​ករណី​របស់​លោក​នៅ​​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រាប់​សប្ដាហ៍​របស់​សហភាព​អឺរ៉ុប​ ដើម្បី​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​បន្តិច​ម្តង​ៗ​លើ​ប្រេង​​រុស្ស៊ី។​ ​បន្ទាប់​ពី​ការ​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​រវាង​មន្រ្តី​សហភាព​ ​និង​អ្នក​ការ​ទូត​មក​ពី​ប្រទេស​សមាជិក​ទាំង​ ២៧​ ​សំណើ​មួយ​ត្រូវ​បាន​ដាក់​នៅ​លើ​តុ​ដោយ​បញ្ចូល​មុខងារ​​ផ្សេង​ៗ​គ្នា​កាល​ពី​ដើម​ខែ​ឧសភា​។​

​​ហុងគ្រី ​ហាក់​បី​ដូច​ជា​កំពុង​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​។ ​សំណើ​ដំបូង​​ផ្តល់​ការ​ពន្យា​ពេល​ដល់​​ហុងគ្រី​ និង​ស្លូវ៉ាគី​ ដើម្បី​ឱ្យ​ប្រទេស​ទាំង​២​ស្វែង​រក​អ្នក​ផ្គត់​ផ្គង់​ជំនួស​រុស្ស៊ី​។​ ខណៈ​​ដែល​សមាជិក​ប្លុក​ចំនួន​ ២៥ ​​មាន​ពេល​រហូត​ដល់​ដំណាច់​ឆ្នាំ​ក្នុង​ការ​នាំចូ​ល​ប្រេង​ពី​រុស្ស៊ី​ ប្រទេស​ហុងគ្រី​ និង​ស្លូវ៉ាគី​ នឹង​មាន​រហូត​ដល់​ដំណាច់​ឆ្នាំ​ ២០២៣​។​

ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី​ ហុង​គ្រី​​ទាម​ទារ​សុំ​ពេល​ឱ្យ​ច្រើន​ជាង​នេះ​។​ កំណែ​ទម្រង់​នៃ​កញ្ចប់​ទណ្ឌកម្ម​ចុង​ក្រោយ​បំផុត​ នឹង​ផ្តល់​ឱ្យ​ហុងគ្រី​រហូត​ដល់​ចុង​ឆ្នាំ​ ២០២៤ ​ប៉ុន្តែ​លោក​ អរបាន ​ទទូច​ថា​​ ហុងគ្រី​នឹង​ត្រូវ​ការ​ប្រាក់​រាប់​ពាន់​លាន​ពី​ប្លុក​នេះ ​ដើម្បី​ការពារ​សេដ្ឋកិច្ច​របស់ខ្លួន​​។​ រដ្ឋ​​មន្ត្រី​​ការ​បរទេស​ហុងគ្រី​លោក​ Peter Szijjarto ​​និយាយ​ថា​ ដើម្បី​ប្រើ​ប្រាស់​ប្រេង​ផ្សេង​ៗ​គ្នា​ និង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ថាមពល​របស់​ប្រទេស​ ហុងគ្រី​នឹង​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះពី​ ១៥ ​ទៅ​ ១៨ ​ប៊ីលាន​អឺរ៉ូ​ ហើយ​ត្រូវ​ចំណាយ​ពេល​ ៥​ ឆ្នាំ​។​ ​

ក្រុម​អ្នក​ការ​ទូត​និយាយ​ថា ​ពួក​គេ​រំពឹង​ថា​លោក​ អរបាន ​នឹង​ព្រម​ព្រៀង​លើ​ទណ្ឌកម្ម​ប្រេង​រុស្ស៊ី​នៅ​​ទីបំផុត​ ​ដោយ​ទទួល​បាន​ការ​ធានា​ទាំង​រយៈ​ពេល​វែង​ និង​​មូលនិធិ​បន្ថែម​សម្រាប់​​ហុងគ្រី​ ប៉ុន្តែ​ថា​មេដឹកនាំ​រូប​នេះ​អាច​អូស​កិច្ច​ពិភាក្សា​ឱ្យ​កាន់​តែ​យូរ​​ ប្រហែល​ជា​រហូត​ដល់​ចុង​ខែ​ ​ពេល​ក្រុម​មេដឹកនាំ​ដល់​​កំណត់​ជួប​ផ្ទាល់​នៅ​ទីក្រុង​ប្រ៊ុចសែល​ ដើម្បី​ពិភាក្សា​អំពី​អ៊ុយក្រែន​។​

ក្រុម​មន្ត្រី​អង្គការ​ណាតូ​ បាន​សម្តែង​ការ​ជឿជាក់​ដូច​គ្នា​ចំពោះ​លោក ​អេរដូហ្គែន ​ថា​លោក​នឹង​យល់​ព្រម​គាំទ្រ​ស៊ុយអែត​ និង​ហ្វាំងឡង់​ក្នុង​ការ​ចូល​រួម​ជាមួយ​អង្គការ​ណាតូ​ ជា​ថ្នូរ​នឹង​សម្បទាន​មួយ​ចំនួន​ដែល​នឹង​ជួយ​លោក​ខាង​នយោបាយ​ក្នុង​ស្រុក​ ខណៈ​សេដ្ឋកិច្ច​តួកគី​ស្ថិត​ក្នុង​វិបត្តិ​ ហើយ​ការ​បោះឆ្នោត​ថ្មី​នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​។  ​

អគ្គលេខាធិការ​អង្គការ​ណាតូ​លោក​ Jens Stoltenberg ​​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖​ «​តួកគី​​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ចេតនា​របស់​ខ្លួន​គឺ​មិន​មែន​ដើម្បី​រារាំង​សមាជិក​ភាព​ទេ​។​ ដូច្នេះ ​ខ្ញុំ​​មាន​​ទំនុក​​ចិត្ត​​​ថា ​យើង​​នឹង​​អាច​​ដោះស្រាយ​​កង្វល់​​ដែល​​តួកគី​​​​បង្ហាញ​​ក្នុង​​របៀប​​មួយ​​ដែល​​មិន​​ពន្យារ​​ពេល​​ដំណើរ​ការ​​ចូល​​​ជា​​សមាជិក​[​របស់​ស៊ុយអែត​ និង​ហ្វាំងឡង់​]​»​។

ដើម្បី​ឱ្យ​ប្រទេស​មួយក្លាយ​ជាសមាជិក​នៃ​អង្គការ​ណាតូ​​ សមាជិក​បច្ចុប្បន្ន​ទាំង ៣០​ ​ត្រូវ​តែ​ផ្តល់​ការ​យល់​ព្រម​របស់ខ្លួន​ទាំង​អស់​គ្នា​។

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner