អាមេរិកបើកស្ថានទូតរបស់ខ្លួននៅក្រុងកៀវឡើងវិញ ក្រោយបិទជិត៣ខែមុនសង្រ្គាមឈ្លានពានរបស់រុស្ស៊ីចាប់ផ្ដើម
ក្រសួងការបរទេសអាមេរិកប្រកាសថា សហរដ្ឋអាមេរិកបើកស្ថានទូតនៅទីក្រុងកៀវឡើងវិញ ជិត៣ខែបន្ទាប់ពីការផ្អាកការងារ និងការដកអ្នកការទូតរបស់ខ្លួនពីរដ្ឋធានីរបស់អ៊ុយក្រែន មុនពេលការឈ្លានពានរបស់រុស្ស៊ីចាប់ផ្ដើមនៅចុងខែកុម្ភៈ។
រដ្ឋមន្រ្តីការបរទេសលោក អង់ថូនី ប្ល៊ីងខិន និយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖ «ប្រជាជនអ៊ុយក្រែន ដោយមានជំនួយផ្នែកសន្តិសុខរបស់យើង បានការពារមាតុភូមិរបស់ពួកគេ ប្រឈមមុខនឹងការឈ្លានពានដោយមិនដឹងខ្លួនរបស់រុស្ស៊ី»។ លោកបន្តថា ជាលទ្ធផល សហរដ្ឋអាមេរិកបើកស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកៀវឡើងវិញ។
ខណៈសង្គ្រាមនៅអ៊ុយក្រែនបន្ត លោក ប្ល៊ីងខិន និយាយថា សហរដ្ឋអាមេរិកនឹងអនុវត្ត «វិធានការបន្ថែមដើម្បីបង្កើនសុវត្ថិភាពរបស់សហសេវិករបស់យើងដែលកំពុងត្រឡប់ទៅរដ្ឋធានីកៀវវិញ ហើយពង្រឹងវិធានការសន្តិសុខ និងពិធីការរបស់យើង»។
សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមគ្រួសាររបស់បុគ្គលិកការទូតអាមេរិកនៅទីក្រុងកៀវចាកចេញពីប្រទេសកាលពីថ្ងៃទី ២៣ ខែមករា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទាហានរុស្ស៊ីដែលប្រមូលផ្តុំតាមព្រំដែនអ៊ុយក្រែនហៀបនឹងឈ្លានពាន។ រុស្ស៊ីបើកការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយប៉ុនប៉ងដណ្តើមយករដ្ឋធានីកៀវ។ ប៉ុន្មានថ្ងៃមុននោះ បុគ្គលិកស្ថានទូតអាមេរិកដែលនៅសេសសល់ បានផ្លាស់ប្តូរទីលំនៅទៅប៉ូឡូញ ដែលសមាជិកអង្គការណាតូ។
ក្រោយកងកម្លាំងរបស់ខ្លួនបរាជ័យក្នុងការដណ្តើមយកទីក្រុងកៀវ រុស្ស៊ីផ្លាស់ប្តូរតំបន់វាយលុករបស់ខ្លួនទៅកាន់តំបន់ដុនបាសភាគខាងកើតអ៊ុយក្រែនវិញ។ រាប់តាំងពីការឈ្លានពានចាប់ផ្ដើម ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ និងជាង៥លាននាក់បង្ខំឱ្យភៀសខ្លួនចេញពីប្រទេស។ អង្គការសហប្រជាជាតិកត់ត្រាជនរងគ្រោះស៊ីវិលចំនួន ៧ ០៦១ នាក់ ស្លាប់ ៣ ៣៨១ នាក់។
លោក ប្ល៊ីងខិន និយាយក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃពុធថា៖ «សង្គ្រាមកំពុងបន្ត។ កងកម្លាំងរបស់រុស្ស៊ីធ្វើឱ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញនៅលើដីអ៊ុយក្រែនរាល់ថ្ងៃ។ ជាមួយនឹងគោលបំណងដ៏រឹងមាំ យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ហើយយើងទន្ទឹងរង់ចាំអនុវត្តបេសកកម្មរបស់យើងពីស្ថានទូតអាមេរិកនៅទីក្រុងកៀវ»។
លោកប្រធានាធិបតី ចូ បៃដិន បានតែងតាំងអ្នកស្រី Bridget Brink មន្ត្រីបម្រើការបរទេសសហរដ្ឋអាមេរិក ឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអ៊ុយក្រែន។ អ្នកស្រី Brink ស្គាល់តំបន់នេះយ៉ាងច្បាស់ ដែលចុងក្រោយនេះអ្នកស្រីបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសស្លូវ៉ាគី។
ប្រភព៖ Aljazeera