ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​៖ វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល  

ភ្នំពេញ​៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា​ វិស័យការពារជាតិជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ សំដៅធានាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាពភាពសុខសាន្ត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ក្នុងន័យនេះ ដើម្បីធានាបានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃការបំពេញភារកិច្ចឱ្យបានមុតស្រួច និងលឿនរហ័ស វិស័យការពារជាតិ ចាំបាច់ត្រូវបន្តធ្វើទំនើបកម្មជាប់ជាប្រចាំ ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពឯករាជ្យ ម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជាការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

ការបញ្ជាក់នេះ​ ក្នុងពិធីសម្ពោធអគារទីបញ្ជាការរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នៅខេត្តបាត់ដំបងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានខិតខំរៀបចំបើកដំណើរការឡើងវិញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែកប្រចាំឆ្នាំ២០២២ នាពេលនេះ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់អង្គភាព ព្រមទាំងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ កងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការអាក់ខានរយៈពេល០២ឆ្នាំជាប់គ្នា ដោយសារការរីករាលនៃជំងឺកូវីដ-១៩។ វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់កងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែករបស់បញ្ជាការដ្ឋានរថក្រោះ។

ជាមួួយគ្នានេះ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសំណង់អគារទីបញ្ជាការថ្មីៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយអគារនេះក៏អាចត្រូវបានចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញអំពីការរីកចម្រើនប្រែមុខប្រែមាត់របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ហើយចាប់ពីឆ្នាំ២០០២ ក៏បានសម្រេចរៀបចំទីតាំងឈរជើងនៅតំបន់ភ្នំតូច ខេត្តបាត់ដំបង ដោយនៅពេលនោះ ស្ទើរតែគ្មានអ្វីសោះ ព្រោះជាតំបន់ព្រៃរបោះគ្មានហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ឡើយ។ 

មេបញ្ជាការកងទ័ពជើងគោក បានលេីកឡេីងថា ការបន្តរីកចម្រើនឥតឈប់ឈរនេះ គឺពិតជាបានបង្ហាញឱ្យឃើញអំពីលទ្ធផលជាក់ស្តែងនៃយកចិត្តទុកដាក់ និងការគិតគូររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ ការហ្វឹកហ្វឺនរៀនសូត្រ ការបំពាក់សម្ភារបរិក្ខារផ្សេងៗ ការលើកស្ទួយជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចតេជោផ្ទាល់ ក៏ជាធ្លាប់យោធិនដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។ មួយវិញទៀត នេះក៏បានបង្ហាញផងដែរពីកម្លាំងសាមគ្គីភាពដ៏រឹងមាំរវាងបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុនវឌ្ឍនៈគ្រុបក្នុងនាមជាអង្គភាពភាពសម្ព័ន្ធមេត្រីភាព និងជាការចូលរួមសម្រេចបាននូវទិសដៅភារកិច្ចស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានភាតរភាពជិតស្និទ្ធរវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជាមូលដ្ឋានគ្រឹះនៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ព  ដើម្បីពង្រឹងនូវខឿនការពារជាតិទាំងមូលឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា៕​ 

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner