មន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃខេត្តរតនគិរីបានទទួលវគ្គបណ្តុះបណ្តាលស្តីពី បទល្មើសសម្អាតប្រាក់

ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ចំនួន ៥០ រូប របស់មន្ទីរបរិស្ថានខេត្តរតនគិរីបានទទួលវគ្គបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ដែលពន្លាតចេញពីបទល្មើសដើមនៃបទល្មើសធនធានធម្មជាតិ។

ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថានបានឱ្យដឹងថាមន្ត្រីឧទ្យានុរក្ស និងជាមន្ត្រីនគរបាលយុត្តិធម៌ដើរតួនាទីសំខាន់ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិទាំងការចុះល្បាត បង្ក្រាប និងទប់ស្កាត់បទល្មើស និងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើស ដែលបានកើតឡើង នៅក្នុងតំបន់ការពារធម្មជាតិ ដោយក្នុងនោះត្រូវអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិផងនិងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មករណីបទល្មើសដើម មានតម្រុយទាក់ទងនឹងការលាងសម្អាតប្រាក់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖«មន្ត្រីឧទ្យានុរក្សទាំងអស់មិនមែនត្រឹមតែជាបំពេញតួនាទីភារកិច្ចតាមឯកសណ្ឋានរបស់ខ្លួន ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនោះទេ ប៉ុន្តែក៏ ក៏បំពេញតួនាទីជាឪពុកម្តាយជីដូនជីតា ក្នុងការការពារនិងអភិរក្សព្រៃឈើសត្វព្រៃ និងធនធានធម្មជាតិផ្សេង ទៀតដើម្បីបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងរាប់ជំនាន់ទៀត»។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានមានមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់សរុបជាង ១២០០ នាក់ដែលត្រូវទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់។ ក្នុងការបណ្តុះបណ្តាលនេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារសម្រាប់អនុវត្តនៅក្នុងការប្រឆាំងការសម្អាតប្រាក់។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានលើកឡើងថា មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាតលើបទល្មើសនៃការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងករណីរកឃើញថា បទល្មើសដើមនៃបទល្មើសព្រៃឈើ និងបទល្មើសត្វព្រៃ មានតម្រុយដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា មន្ត្រីអនុវត្តច្បាប់នៃក្រសួងបរិស្ថានបានដើរតួនាទីសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ក្នុងបទល្មើសធនធានធម្មជាតិ និងការពារប្រទេសកម្ពុជាក្នុងការប្រឆាំងការសម្អាតប្រាក់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner