សម្ដេចតេជោ ហ៊ុន សែន ៖ ម៉ោង ១ និង ៣០រំលងអាធ្រាតុ ឆ្លងចូលថ្ងៃទី២១ ឧសភា ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស

ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា៖ ម៉ោង ១ និង៣០ រំលងអាធ្រាតុ ឆ្លងចូលថ្ងៃទី២១ ឧសភា ២០២២ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប ។សម្ដេចបន្តថា តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរ យើងនៅសូរិក ប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ ឧសភា ២០២២។សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយ:ខ្លី ហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុប ក្នុងពេលប្រមាណ ៦០ម៉ោងទៀត។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា៖ តបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកា សេដ្ឋកិច្ច ពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណា ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួម កិច្ច ប្រជុំ ប្រចាំឆ្នាំ២០២២របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង ដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស ។

កិច្ចប្រជុំប្រចាំឆ្នាំ២០២២នានិទាឃរដូវ ដែលនឹងផ្តោតកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្រ្តនៅចំណុចរបត់ៈ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្រ្តធុរកិច្ច នឹងត្រូវបានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំជិត ២.៥០០នាក់ មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និង មន្ត្រីជាន់ ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួន ផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជា ផងដែរ ។

ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែង សុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុង ពិធីបិទ កិច្ច ពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ «ទស្សនវិស័យ យុទ្ធ សាស្ត្រ លើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏រំពឹងថានឹងមានជំនួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជា ទទួលការចូលជួប សម្តែងការគួរ សម ពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ផងដែរ។ ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុប ផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner