ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់លោកអ្នកកំពុងមានដំណើរការល្អ។ លោកអ្នកអាចដាក់ស្នើរាល់បំណងប្រាថ្នារបស់អ្នក សូមកុំបារម្ភឡើយ បើទោះបីការងារនោះមានទំហំធំយ៉ាងណាក្តី។ ក្រៅពីនេះ លោកអ្នកអាចរំពឹងថានឹងទទួល បានដំណឹងសម្រាប់ការចាកចេញ ឬធ្វើដំណើរបេសកកម្មការងារដោយឥតព្រៀងទុក ហេតុដូច្នេះសូមលោកអ្នករក្សាពាក្យសំដី និងកាយវិការឲ្យបានល្អបំផុត។ ធ្វើយ៉ាងណាកុំឲ្យមានមតិរិះគន់ក្នុងពេលនេះ។ ទោះយ៉ាងនេះក្តី ក៏គួរតែព្យាយាមឲ្យអស់ពីកំលាំងកាយចិត្ត ហើយដោះស្រាយបញ្ហានោះឲ្យបានចប់។ ដោយឡែក លោកអ្នកអាចស្នើសុំជំនួយពីមនុស្សនៅក្បែរខ្លួនបាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើកិច្ចការទាំងឡាយបានដោយជោគជ័យ ប្រសិនបើអ្នកយល់ដឹងពីទឹកចិត្ត និងចំណេះដឹងរបស់ខ្លួន។ បញ្ហដែលអ្នកត្រូវប្រុងប្រយ័ត្ន គឺកុំជឿទុកចិត្តលើមនុស្សដែលអ្នកទើបស្គាល់ថ្មី ពីព្រោះឳកាសដែលអ្នកទទួលបានភាពខក បំណងក៏ព្រោះតែទំនុកចិត្ត គឺនៅកៀកនឹងអ្នកបំផុត។ ក្រៅពីនេះ សូមកុំធ្វើការងារស្មុគ្រស្មាញ ឬការងារដែលមិនត្រូវនឹងវិជ្ជាជីវៈរបស់ខ្លួន។ យកល្អសន្សឹមៗទើបជាការល្អប្រសើរជាង។ ទិសភោគផលរបស់អ្នកគឺទិសបច្ចឹម ដូច្នេះប្រសិនបើអ្នកសំឡឹងឳកាសពីទិសនេះ នោះអ្នកនឹងអាចសម្រេចការងារបានកាន់តែប្រសើរ។ ក្រៅពីនេះស្ថានភាពនៅកន្លែងធ្វើការ ហាក់មានភាពស្មុគ្រស្មាញបន្តិច ដូច្នេះសូមមានការប្រុងប្រយ័ត្ន ក្រែងមានទំនាស់ ឬភាពមិនពេញចិត្តរវាងគ្នា។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីវកម្ម និងការងារផ្សេងៗរបស់អ្នកកំពុងជួបសញ្ញាណនៃការផ្លាស់ប្តូរដែលអាចនាំលាភសំណាងធំដល់អាជីពរបស់លោកអ្នក។ ក្នុងនោះភាពរីករាយនឹងកើតឡើងដំណាលគ្នាផងដែរ។ សូមព្យាយាមជានិច្ច លោកអ្នកមិនគួរបន្ថយល្បឿនឡើយ និងព្យាយាមបង្កើតទំនាក់ទំនងឲ្យបានច្រើនជាមួយមនុស្សនៅជុំវិញអ្នក។ ដោយឡែកជម្លោះអាចមានលទ្ធភាពកើតឡើងក្នុងរង្វង់ការងារ ដូច្នេះសូមធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អ និងឆាប់រហ័ស។ ក្រៅពីនេះ ចំពោះលោកអ្នកដែលមានបំណងនឹងផ្លាស់ន្តូរការងារ សូមប្រយ័ត្នជាមួយមនុស្សឆ្នាំម្សាញ់។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការងារដំណើរការទៅដោយរលូន គឺគ្មានបញ្ហាអ្វីមករាំងស្ទះដល់ភាពរីកចម្រើនបានទេ។ អ្នកនឹងអាចដំណើរផែនការទាំងអស់ដោយភាពជឿជាក់ណាស់។ ដោយឡែក សូមមានភាពអត់ធ្មត់​ កុំពាក់ព័ន្ធនឹងជម្លោះ ឬបញ្ហារបស់អ្នកដទៃឡើយ ភាពអវិជ្ជមានដែលនឹងកើតឡើងក្នុងពេលនេះអាចនឹងធ្វើឲ្យលោកអ្នកពិបាកដោះស្រាយណាស់។ ដោយឡែក​ ប្រហែលជាដល់ពេលដែលលោកអ្នកគួរគិតគូរពីសុខទុក្ខ របស់ខ្លួនឯង កុំធ្វើការងារដោយមិនបានគិតពីសុខសុវត្ថិភាព និងសេចក្តីសុខផ្ទាល់ខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកទាមទារឲ្យមានការវាយតម្លៃដោយភាពវាងវៃ ហើយមិនគួរចូលរួមក្នុងគម្រោងដែលតម្រូវឲ្យមានការសម្រេចចិត្តលឿននោះទេ។ ក្នុងនោះដែរ គំនិតយោបល់ខ្លះ ត្រូវរងចាំឳកាសក្នុងការនិយាយ ឬបកស្រាយ ពីព្រោះស្ថានភាពក្នុងថ្ងៃនេះអាចមានស្ថានភាពមិនច្បាស់លាស់ បំណងល្អ​ ក៏អាចប្រែក្រឡាស់ទៅជាបញ្ហាបានដោយងាយស្រួល។ ក្រៅពីនោះ សូមព្យាយាមធ្វើការសម្រេចចិត្ត និងអនុវត្តការងារដោយខ្លួនឯង។ ជាការពិតលោកអ្នកអាចស្នើសុំការពិភាក្សាបាន ប្រសិនបើអ្នកត្រូវការ ប៉ុន្តែប្រហែលជាមិនចាំបាច់បំផុតនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះអាជីពនានា ដូច្នេះសូមកុំភ័យខ្លាចក្នុងការសុបិន្ត លោកអ្នកអាចធ្វើតាមបំណងរបស់ខ្លួនបាន។ អ្នកអាចបណ្តាក់ទុន ប្តូរការងារ បង្កើតអាជីពថ្មី​ ឬធ្វើពិធីមង្គលនានាបានដោយគ្មានអ្វីបង្ហាក់នោះឡើយ។ អំណោយផលដ៏សំខាន់បំផុតក្នុងពេលនេះ គឺលោកអ្នកនឹងទទួលបានភាពឈ្លាសវៃ រស់រាយរាក់ទាក់ និងអាចធ្វើឲ្យអ្នកអាចធ្វើទំនាក់ទំនងតូចធំបានយ៉ាងងាយស្រួលណាស់។ ដោយឡែក លោកអ្នកអាចជួបភាពមិនសមប្រកបចំពោះសុខភាពខ្លះ ដូច្នេះគួររកពេលវេលាសម្រាកទើបប្រសើរ។ ​

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រៃលែង ប៉ុន្តែភាពជោគជ័យទាំងនេះទាក់ទងយ៉ាងជិតស្និតនឹងផែនការជាក់លាក់មួយ។ ដំណើរគ្មានគោលដៅ និងធ្វើឲ្យអ្នកជួបបញ្ហា។ សូមធ្វើយ៉ាងណាបំពេញការងារដែលមានក្នុងថ្ងៃក្នុងពេលនេះ និងកុំធ្វើឲ្យស្ថានភាពខាងក្រៅមានអំណាចលើអារម្មណ៍ និងគំនិតរបស់លោកអ្នក។ ​ប្រសិនបើអ្នកជឿទុកចិត្តខ្លួនឯង នោះអ្វីៗប្រែទៅជាល្អប្រសើរទាំងអស់។ ក្រៅពីនេះ សូមកុំទុកចិត្តមនុស្សដែលអ្នកទើបស្គាល់ ពីព្រោះលោកអ្នកក៏​អាចជួបការចាញ់បញ្ឆោតរបស់គេផងដែរ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារនេះធានាដល់ភាពរីកចម្រើន និងជោគជ័យក្នុងការងារដែលដាក់ចេញទាំងឡាយ។ ជាពិសេសលោកអ្នកនឹងទទួលបានសំណាងផ្នែកសម្ភារៈដែលមិនគួររំពឹងផងដែរ។ លោកអ្នកអាចជួបបញ្ហាមួយចំនួននៅកន្លែងការងារ ប៉ុន្តែសូមកុំមានក្តីបារម្ភ ពីព្រោះរាល់បញ្ហាអាចដោះស្រាយបាន។ ដំណើរការនានាក្នុងថ្ងៃនេះ សូមធ្វើទៅតាមធម្មតា អ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលអ្វីពេកនោះទេ ពីព្រោះលោកអ្នកមានមនុស្សច្រើនជួយទំនុកបម្រុង។ ក្រៅពីនេះ ប្រសិនបើអ្នកជាអាជីវករ ការបោះទុននៅក្នុងថ្ងៃនេះនឹងអាចទទួលបានប្រាក់ចំណេញច្រើន ព្រមទាំងអតិថិជនល្អ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ មិនមែនជាជម្រើសល្អក្នុងពេលនេះនោះទេ។ ដូច្នេះគ្មានហេតុផលអ្វីដែលយកខ្លួនទៅឲ្យមានកង្វល់នោះទេ។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈ និងគំនិតយោបល់របស់អ្នកដោយសេរី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកគួរជៀសវាងស្ថានភាពមុខពីរ។ ព្យាយាមធ្វើកិច្ចការងារដែលមាននៅក្នុងដៃ ហើយការចាប់យកការងារច្រើនមិនសូវចម្រើននោះទេ ហើយថែមទាំងអាចធ្វើឲ្យអ្នកបាត់បង់ពេលវេលាផងដែរ។ ឳកាសដែលមានជម្លោះអាចកើងឡើង ដូច្នេះសូមព្យាយាមរក្សាចិត្ត ស្ងប់ស្ងៀម និងអនុគ្រោះ។ ការងាររបស់អ្នកអាចជួបស្ថានភាពប្រែប្រួលដោយមិនអាចរំពឹងទុក ដូច្នេះអ្នកគួរចំណាយពេលបន្ថែមដើម្បីបញ្ចប់ការងារឲ្យបានរួចរាល់នៅក្នុងថ្ងៃនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងស្ថិតក្នុងដំណើរការដែលមិនសូវជាប្រាកដប្រជាប៉ុន្មានទេ​ ពីព្រោះទំហំការងារដែលអ្នកកំពុងទទួលខុសត្រូវហាក់មានទំហំធំ និងមានចំនួនច្រើនលើសលុប។ ក្នុងនោះ សូមលោកអ្នកព្យាយាមបែងចែកការងារឲ្យបានល្អ មិនដូច្នោះលោកអ្នកអាចជួបនឹងបញ្ហាក្នុងការងារផងដែរ។  សូមព្យាយាមកាត់បន្ថយទំនាក់ទំនងទាំងតូចធំ ពីព្រោះឳកាសដែលអ្នកអាចចាញ់បោកបញ្ឆោតគេគឺកំពុងកើតឡើង ផងដែរ។ យកល្អគួរចំណាយពេលវេលាចំពោះការងារខ្លួន ជាជាងគិតគូរករណីផ្សេងៗ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះលោកអ្នកដែលប្រកបអាជីវកម្ម ពីព្រោះផលចំណេញនឹងកើតឡើងខ្ពស់ណាស់ ហេតុដូច្នេះសូមព្យាយាមចាប់យកឳកាសទាំងឡាយក្នុងថ្ងៃនេះ។ ចំពោះលោកអ្នកដែលធ្វើការរដ្ឋ និងឯកជន គឺអាចសម្រេចការងារបានយ៉ាងរហ័ស និងត្រឹមត្រូវបំផុត ដូច្នេះលោកអ្នកមិនចាំបាច់បារម្ភច្រើនពេកនោះទេ។ ថ្ងៃនេះក៏ជាពេលវេលាដ៏ល្អបំផុតសម្រាប់ការបណ្តាក់ទុន បើកហាងថ្មី ឬការសង់ផ្ទះ ពីព្រោះលោកអ្នកនឹងជួបសំណាងធំ ពិសេសលើផ្នែកសម្ភារៈតែម្តង។ ដោយឡែក លោកអ្នកក៏អាចធ្វើការដោះស្រាយការលំបាកបានដោយងាយផងដែរ។

ចំណាំ៖

ឆ្នាំទាំង៤ ខាល ម្សាញ់ មមែ វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងជួបលាភសំណាង ទាំងផ្នែកហរិញ្ញវត្ថុ និងតួនាទីការងារដ៏ល្អប្រសើរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner