ទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ថ្ងៃទី២០ ឧសភា ជាការរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោរឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ ថ្ងៃ២០ ឧសភា ជា «ទិវាជាតិនៃការចងចាំ» ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា។ ថ្ងៃបុណ្យជាតិជាប្រវត្តិសាស្រ្តនេះ តែងរៀបចំឡើងសម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩។ រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជា ចងចាំទុកមិនអាចបំភ្លេចបាន នូវមហាសោកនាដ្ឋកម្ម ដ៍សែនឈឺចាប់ហួសប្រមាណ ដែលបនប្រល័យពូជសាសន៍ប៉ុលពត បានធ្វើអោយអាយុជីវិត ទ្រព្យសម្បត្តិ វប្បធម៌ ប្រពៃណី និងអ្វីៗត្រូវវិនាសខ្ទេចខ្ទី ស្ទើរគ្មានសល់អ្វីឡើយ ពួកវាបានធ្វើអោយអាយុជីវិត ប្រជាជនកម្ពុជាស្លូតត្រង់ រាប់លាននាក់បានស្លាប់ នឹងនិរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ ប្រពន្ធព្រាត់ប្ដី ឪពុកម្ដាយព្រាត់កូន បានក្លាយទៅជាស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ធ្វើឲ្យប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានស្លាប់យ៉ាងវេទនា អាណោចអាធម្ម និងអយុត្តិធម៌ក្នុងយុគសម័យ ដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ក្រោយថ្ងៃដែលរបបឃោរឃៅ ព្រៃផ្សៃនេះត្រូវបានផ្ដួលរំលំ ប្រជាជនកម្ពុជាបានយកថ្ងៃ២០ឧសភា ធ្វើជាទិវាជាតិនៃការចងចាំ នឹងកាន់មរណៈទុក្ខចំពោះប្រជាជនកម្ពុជា ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ជារៀងរហូតមក ហើយការស្លាប់របស់ប្រជាជនកម្ពុជា នៅក្នុងរបបនោះ គឺជាការស្លាប់យ៉ាងអយុត្តិធម៌ ដោយការកាប់សម្លាប់យ៉ាងរង្គាល ក្រោមនយោបាយប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត របស់ពួកឃាតករអាវខ្មៅប៉ុលពត ។

នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពួកវាបានធ្វើឲ្យឈាម និងទឹកភ្នែករបស់ប្រជាជនស្លូតត្រង់ ហូរក្រាលពាសពេញផ្ទៃដីនៃមាតុភូមិកម្ពុជាទាំងមូល ដោយការធ្វើទារុណកម្មគ្រប់បែបយ៉ាង គឺ សម្លាប់ដោយការបង្អត់អាហារ សម្លាប់ដោយប្រើឲ្យធ្វើពលកម្មហួសកម្លាំង ពេលឈឺគ្មានថ្នាំសង្កូវព្យាបាល និងសម្លាប់ចោលដូចសត្វធាតុ។

ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍នេះត្រូវបានផ្ដួលរំលំ ដែលរហូតមកទល់នឹងពេលនេះមានរយៈពេលជាង៤០ឆ្នាំពិតមែន ប៉ុន្តែការឈឺចាប់ខ្លោចផ្សា មិនទាន់រលត់ពីក្នុងដួងចិត្តនិងស្មារតី របស់ប្រជាជនកម្ពុជាដែលរងគ្រោះ ពីក្នុងរបបនេះនៅឡើយទេ រហូតមកទល់ពេលនេះ។ ថ្ងៃ២០ឧសភា ជាទិវាជាតិចងចាំ នៅរបបឧក្រិដ្ឋកម្មយង់ឃ្នងរបស់បនប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពួកវាបានប្រព្រឹត្តមកលើប្រជាជនខ្មែរខ្លួនឯងគឺការធ្វើទារុណកម្ម ការកាប់សម្លាប់ដ៏សាហាវព្រៃផ្សៃ ដែលសង្គមមនុស្សមិនដែលជួបប្រទះនោះឡើយ ទិដ្ផភាពស្លាកស្នាមដ៏គួរឲ្យរន្ធត់ទាំងនោះ នៅតែបន្តដក់ជាប់ក្នុងដួងព្រលឹង ប្រជាជនកម្ពុជាគ្រប់រូបហើយយើងទាំងអស់គ្នា មិននឹកស្មានថាមានរឿងនេះកើតឡើងបានឡើយ។ ទោះបីសព្វថ្ងៃនេះប្រជាពលរដ្ឋយើង កំពុងរស់នៅក្នុងសុខសន្តិភាព បានស្រួលយ៉ាងណាក៏ដោយ ក៍ការឈឺចាប់ទាំងនេះពិតជាមិនអាចបំភ្លេចបានឡើយ ព្រោះការនិរាសព្រាត់ប្រាស់ ក្នុងសង្គមគ្រួសារគឺជាការឈឺចាប់ខ្លោចផ្សាខ្លាំងណាស់ ហើយវាពិតជាបានបង្ហាញឲ្យឃើញថា ពួកខ្មែរក្រហមបានបង្កនូវមហាវិនាសកម្ម ឈឺចាប់ហួសប្រមាណ និងរាប់ពុំអស់សម្រាប់ជាតិសាសន៍ខ្លួនឯង ហើយក្តីឈឺចាប់ទាំងអម្បាលម៉ាននេះ ត្រូវបានរំលឹកជារៀងរាល់ឆ្នាំ នាថ្ងៃទី២០ខែឧសភា ហើយមានតែអ្នកធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ទើបដឹងច្បាស់ថាខ្មែរក្រហមវាសាហាវព្រៃផ្សៃយ៉ាងណា តែសម្រាប់អ្នកដែលរស់នៅសុខស្រួលឯបរទេសវិញ ក្នុងពេលដែលប្រជារាស្ត្រខ្មែរ ស្រែកដង្ហោយហៅរកជំនួយមកជួយសង្គ្រោះអាយុជីវិតនោះ ពួកគេមិនបានដឹងថាពួកឧក្រិតជនខ្មែរក្រហម វាឃោរឃៅយ៉ាងម៉េចនោះទេ នេះជាការពិតមួយក្នុងសង្គមហើយបណ្ដាអ្នកនយោបាយមួយចំនួនគួរតែទទួលស្គាល់ការពិត ដែលប្រជាពលរដ្ឋខ្មែរចងចាំនោះផង ការព្រមទទួលស្គាល់ការពិត ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ មិនមែនមានន័យថាជាមនុស្សអន់នោះទេប៉ុន្តែជាមនុស្សមានតម្លៃមួយសម្រាប់ឱ្យសង្គមគោរពនឹងទទួលស្គាល់ផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឲ្យរីកចំរើនឆាប់រហ័ស ។ សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាព គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ ។ យើងទាំងអស់គ្នាដែលនៅ រស់រានមានជីវិតរហូតដល់សព្វថ្ងៃ រួមទាំងកូនចៅជំនាន់ក្រោយនេះផង ត្រូវតែគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងមហាធំធេងរបស់វីរៈយុទ្ធជន យុទ្ធនារីស្នេហាជាតិ នៃបក្សប្រជាជនបដិវត្តន៍កម្ពុជា បច្ចុប្បន្នជា គណបក្សប្រជាជនកម្ពុជា ដែលបានជួយសង្គ្រោះអាយុជីវិតយើងទាំងអស់គ្នាឲ្យរួចផុតពីអន្លង់មរណៈ ព្រមទាំងបានការពារយ៉ាងដាច់ខាត មិនឲ្យរបបប្រល័យពូជសាសន៍ ដ៏យង់ឃ្នងនោះវិលត្រឡប់មកវិញបានឡើយ ។

ក្រោមនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱ្យជាតិមាតុភូមិយើង នូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងបានបង្កលក្ខណៈ ងាយស្រួលគ្រប់បែបយ៉ាងឲ្យប្រជាពលរដ្ឋយើងមានឱកាសចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ជាមេរៀនប្រវត្តិសាស្ត្រ ដែលត្រូវបានចងចាំ ហើយយើងទាំងអស់គ្នា សូមឧទ្ទិសស្មារតី ថ្ងៃ២០ឧសភា ជាទិវាជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ឲ្យស្ថិតនៅជាប់ជានិច្ចក្នុងក្រអៅបេះដូង កូនខ្មែរគ្រប់រូប ដើម្បីរួមគ្នាទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ដ៏ព្រៃផ្សៃនេះ កើតមានជាថ្មីនៅលើទឹកដីនៃមាតុភូមិអង្គរដ៏បវរនៃយើង និងនៅលើពិភពលោកជារៀងរហូតបានឡើយ។

សូមបញ្ជាក់ថា ២០ ឧសភា ត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលក្នុងថ្ងៃបុណ្យជាតិជាផ្លូវការ ក្រោមឈ្មោះថា «ទិវាជាតិនៃការចងចាំ» តាមអនុក្រឹត្យចុះផ្សាយកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកទៅ។ ទិវាជាតិនៃការចងចាំ ក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជួបជុំគ្នានៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯង ដើម្បីរួមគ្នាប្រារព្ធពិធីរំលឹកដល់អំពើឃោរឃៅរបស់ខ្មែរក្រហម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីពិធីនេះ បានអាក់ខានរៀបចំអស់រយៈពេល ២ឆ្នាំ គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការ រីករាតត្បាតជំងឺឆ្លងកូវីដ-១៩ ។ ពិធីនេះ ក៏ធ្វើឡើងមិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ ដែលការប្រារព្ធទិវានៃការចងចាំនេះ ក៏មានការសម្តែងនូវឈុតឆាកមួយចំនួនបង្ហាញពីទង្វើដ៏សែនព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនៅចុងក្រោយនៃកម្មវិធី មានពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបពិឃាតឃោរឃៅនេះ ផងដែរ ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner