ទិវាជាតិនៃការចងចាំ ២០ឧសភា បានក្លាយជាថ្ងៃនៃការរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយសារស្នាដៃ នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន

ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានី ភ្នំពេញបានរៀបចំទិវាជាតិនៃការចងចាំដោយមានរាប់បាត្រប្រគេនព្រះសង្ឃចំនួន ២០៧អង្គដើម្បីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាជនស្លូតត្រង់ដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២២ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គតិនីតិកោសល្យបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងលោកជំទាវ ឯកឧត្តម ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាល ប្រធានគណកម្មាធិការគណបក្សប្រជាជនជនកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋជាង ៦០០០នាក់ចូលរួមផងដែរ ។

២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខដែលប្រជាជនកម្ពុជាបានចារឹក ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្មងរបស់ពួកប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនិងបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង ៣លាននាក់ ។

ពិធីរាប់បាត្រឧទ្ទិសកុសលដល់ជនរងគ្រោះថ្ងៃ២០ឧសភា បានអាក់ខាន ២ឆ្នាំមកហើយ ដោយសារវិបត្តនៃការរីករាលដាលជំងឺកូវីដ.១៩ ។ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨.៩៨៥នាក់ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់ នៅជើងឯកនេះដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយសូម ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុង ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូន ខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចរបបប្រល័យពូជសាសន៍ដ៏ សាហាវឃោឃៅ និងគួរឱ្យស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានដឹកនាំធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍នេះកើតឡើងជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាឲ្យិទៅ ធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៏បន្តទៀត ប្រជាជនយើងត្រូវចេះប្រើ សិទ្ធដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដោយទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ ។

គណៈអធិបតីក៏បានឧទ្ទិសថ្ងៃ២០ឧសភាឱ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាពដែល សម្តេចតេជោ ហ៊ុន សែន ដឹកនាំស្វែងរកបានដោយលំបាក នឹងបានកសាងប្រទេសដ៏កំសត់មួយនេះឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner