គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធអំពីការចាប់ផ្តើមបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទ គ.ជ.ប។

ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានបំណងឱ្យគណបក្សនយោបាយ ដែលបានអនុញ្ញាតឱ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដល់អ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត មានរយៈពេល ១៤ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១០:០០យប់ និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង១០:០០យប់ ដល់ម៉ោង ៦:០០ព្រឹក។

ឯកឧត្តម ឯម សូផាត បានជម្រាបជូនអំពីសកម្មភាពនៃការឃោសនាបោះឆ្នោតថា គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ សកម្មភាពទាំងនោះមានដូចជា ការជួបជុំជាសាធារណៈ ការហែក្បួនព្យុហយាត្រា ការឃោសនាតាមផ្ទះ សកម្មភាពចែកចាយសម្ភារឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយជាសាធារណៈ។ល។ ឯកឧត្តមបានមានប្រសាសន៍អំពីសកម្មភាពឃោសនាដែលត្រូវហាមឃាត់ ក្នុងការប្រើប្រាស់ឧបករណ៍បំពងសំឡេង ដូចជា៖ ហាមឃាត់ការឃោសនាជាទូទៅ ចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ ដល់ម៉ោង២:០០រសៀល។ ហាមឃាត់ការឃោសនានៅក្បែរមន្ទីរពេទ្យ និងក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានា ក្នុងពេលម៉ោងសិក្សា។ចំពោះរាល់ការស្ទង់មតិ និងការផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតត្រូវបញ្ឈប់ ៧ថ្ងៃ មុនថ្ងៃបោះឆ្នោត។

ឯកឧត្តម ឯម សូផាត បានបញ្ជាក់ជូនអំពីចំណុចសំខាន់ៗពាក់ព័ន្ធនឹងការលើក ឬការបិទផ្សាយស្លាកសញ្ញាគណបក្សនយោបាយ និងសម្ភារឃោសនាបោះឆ្នោត។ ការដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត។ ការហែក្បួនឃោសនាបោះឆ្នោត។ ការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារ។ ទីតាំងសាធារណៈសម្រាប់ការឃោសនាបោះឆ្នោត។ អ្វីដែលគណបក្សនយោបាយបេក្ខជន និងអ្នកគាំទ្រត្រូវធ្វើ និងមិនត្រូវធ្វើ។ មន្រ្តីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្រ្តីតុលាការ មិនត្រូវធ្វើអ្វី និងអាចចូលរួមឃោសនាពេលណា។ អំពីមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ។ អព្យាក្រឹតឥតលម្អៀងរបស់អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេស។ ឱកាសបន្ថែមក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ។

ឆ្លើយតបទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានបញ្ជាក់ថា ការលើកស្លាកគណបក្សនយោបាយមានពីរដំណាក់កាល៖ ដំណាក់កាលមុនការឃោសនាបោះឆ្នោត ដែលករណីនោះគឺជាសមត្ថកិច្ចរបស់អាជ្ញាធរដែនដីក្នុងការអនុញ្ញាត។ ដំណាក់កាលក្នុងអំឡុងពេលឃោសនាបោះឆ្នោត ការលើកស្លាកគណបក្សនយោបាយត្រូវធ្វើឡើងដោយមានការសម្របសម្រួលពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ជាមួយអាជ្ញាធរដែនដី ដោយឈរលើគោលការណ៍ស្មើភាព។ ស្លាកសញ្ញាគណបក្សនយោបាយ ដែលស្ថិតនៅក្នុងរង្វង់ ១០០ ម៉ែត្រ ពីការិយាល័យ បោះឆ្នោត សាមីគណបក្សនយោបាយត្រូវយកចេញយ៉ាងយូរបំផុត នៅថ្ងៃបញ្ចប់ការឃោសនាបោះឆ្នោត លើកលែងតែស្លាកសញ្ញាដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្សនយោបាយ។  ខិត្តប័ណ្ណគណបក្សនយោបាយ ឬសម្ភារឃោសនាបោះឆ្នោត ដែលបានបិទក្នុងអំឡុងពេលឃោសនា ត្រូវប្រមូលយកចេញវិញក្នុងរយៈពេល ១៥ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបោះឆ្នោត។ 

ចំពោះអ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត គឺមានតែភ្នាក់ងារគណបក្សនយោបាយពេញសិទ្ធិ ដែលមានប័ណ្ណសម្គាល់ខ្លួនជាភ្នាក់ងារដែលចេញដោយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) អ្នកសង្កេតការណ៍បោះឆ្នោតភ្ញៀវពិសេស និងអ្នកសារ-ព័ត៌មានដែលត្រូវបានទទួលស្គាល់ដោយ គ.ជ.ប។

ចំពោះបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គឺត្រូវដាក់ពាក្យទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត។ រីឯការចាត់វិធានការលើការផ្សាយតាមហ្វេសប៊ុក (FACEBOOK) ដែលមានភាពមិនត្រឹមត្រូវ គ.ជ.ប បានស្នើរួចហើយទៅក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាអ្នកគ្រប់គ្រងការផ្សាយតាមគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម ដើម្បីកិច្ចសហការជាមួយ គ.ជ.ប។

ចំពោះការហែក្បួនឃោសនាបោះឆ្នោតឆ្លងកាត់ឃុំ សង្កាត់តែមួយត្រូវជូនដំណឹងទៅ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតនោះ ហើយចំពោះការហែក្បួនឃោសនាឆ្លងកាត់ច្រើន ឃុំ សង្កាត់ត្រូវជូនដំណឹងទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធ និងគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីសម្រួលការឃោសនា។ ប្រសិនបើគណបក្សនយោបាយគ្រាន់តែធ្វើដំណើរឆ្លងកាត់ឃុំ សង្កាត់ (ដោយមិនឃោសនាបោះឆ្នោត) ក្បួនដង្ហែរបស់គណបក្ស នយោបាយមិនត្រូវធ្វើសកម្មភាពឃោសនា និងប្រើប្រាស់ឧបករណ៍បំពងសំឡេងឃោសនា បោះឆ្នោតនោះទេ។ 

ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំបានអំពាវនាវចំពោះ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត គណៈបញ្ជាការ ឯកភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រមសីលធម៌ និងគោលការណ៍ណែនាំផ្សេងៗទៀតរបស់ គ.ជ.ប៕ 

ដោយ៖ពលជ័យ

រូបភាព៖គ.ជ.ប

ads banner