សម្តេចតេជោ ហ៊ុន សែន៖យុទ្ធសាស្ដ្រចាក់ស្រោចវ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩

ស្វីស៖ ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាងពីរពាន់នាក់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ កម្ពុជា មិនខ្វះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលរដ្ឋនោះទេ ខណៈយុទ្ធសាស្ដ្រចាក់ស្រោចវ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩នេះ ។

សម្តេចតេជោបានបញ្ជាក់ថា សម្តេចសម្រេចឱ្យចុះហត្ថលេខា ដើម្បីទទួលទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងប្រទេស ខណៈការយឺតយ៉ាវកន្លងទៅនៃការផលិតវ៉ាក់សាំងក្នុងស្រុក ដោយសារខាងរាជរដ្ឋាភិបាលរបស់យើងអត់បានចុះកិច្ចសន្យាទិញ។ សម្តេច ថា កម្ពុជា ទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់។ ក្នុងនោះមានវ៉ាក់សាំងជាង ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ គឺលើសពាក់កណ្តាលនៃប្រភពចំណូល ដែលនេះបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមិនបណ្តែតបណ្តោយឱ្យប្រជាពលរដ្ឋស្លាប់ ដោយសារជំងឺកូវីដ១៩ ដោយគ្នាវ៉ាក់សាំង និងថ្នាំព្យាបាលនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើទោះបីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលបន្តិចក៏ដោយ ប៉ុន្តែ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតែដើរតួនាទីយ៉ាងសំខាន់ ដែលត្រូវបន្តមាននៅក្នុងឃ្លាំងយុទ្ធសាស្ត្រ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា៖ ឥលូវនេះ បានទទួលរបាយការណ៍ហើយ ការយឺតយ៉ាវកន្លងទៅនៃការផលិតវ៉ាក់សាំងក្នុងស្រុក មករៀបចំវេចខ្ចបវ៉ាក់សាំងនៅក្នុងស្រុកយឺត ដោយសារខាងរាជរដ្ឋាភិបាលរបស់យើង អត់បានចុះកិច្ចសន្យាទិញ អញ្ចឹងគ្នាផលិតវាអត់កើត ចឹងម្សិលម្ង៉ៃ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើការសម្រេចឱ្យចុះហត្ថលេខា ដើម្បីទទួលទិញយកវ៉ាក់សាំង (ផលិតក្នុងប្រទេសកម្ពុជា) ប្រទេសដទៃអាចទៅវិញវ៉ាក់សាំងពីស្រុកយើងចេញមក ឯយើងក៏ទិញមកវ៉ាក់សាំងដែលផលិតនៅស្រុកយើងចាក់ក្នុងប្រទេសរបស់ខ្លួន អញ្ចឹងរឿងវ៉ាក់សាំងមួយធានាជូនជាមួយប្រជាពលរដ្ឋរបស់យើង គឺអត់មានខ្វះវ៉ាក់សាំងទេ។

សម្ដេច ថា ការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុក ជាការត្រៀមបម្រុងមួយ ព្រោះមិនដឹងថា ទៅថ្ងៃខាងមុខ មិនដឹងជាមេរោគនេះ បំប្លែងខ្លួនទៅជាអ្វីទៀតនោះទេ។

ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ន គ្រាន់តែវ៉ាក់សាំងដែលប្រទេសចិន មិនទាន់ជូនប្រទេសកម្ពុជា គឺមានចំនួន១៥លានដូស, អាមេរិកមិនទាន់ផ្តល់ឱ្យកម្ពុជា នៅសល់៥.៥លានដូស ដូច្នេះ គ្រាន់តែវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាប្រភពផ្តល់ជូន ប៉ុន្តែ មិនទាន់ដឹកនាំមកដល់ គឺមានចំនួន២០.៥លានដូសបន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងថា មិនត្រឹមតែវ៉ាក់សាំងដែលជាប្រភពបានផ្គត់ផ្គង់នៅសល់ជាង២០លានដូសនោះទេ ខណៈមានប្រទេសជាមិត្តនៅក្នុងទ្វីបអឺរ៉ុប មួយចំនួនក៏កំពុងតែចរចាផ្តល់វ៉ាក់សាំងជូនប្រទេសកម្ពុជាផងដែរ។ ដូច្នេះ សម្តេចមានចេតនាស្នើសុំរដ្ឋាភិបាលចិន ឱ្យពន្យាការផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីទទួលយកវ៉ាក់សាំងដែលគ្រោងនឹងបញ្ជូនមកពីប្រទេសជាមិត្តផ្សេងទៀត សម្រាប់ប្រើប្រាស់សិន ខណៈវ៉ាក់សាំងនៅក្នុងប្រទេសកំពុងតែរៀបចំការផលិតផងដែរ។ សម្តេច ថា មិនត្រូវធ្វេសប្រហែសនឹងមេរោគឆ្លងនេះឡើយ ហើយបច្ចុប្បន្នកម្ពុជា កំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ មួយម៉ឺននាក់ ។

ជាមួយគ្នាដែរនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកម្ពុជា បានជួបប្រទះនាពេលកន្លងមក ជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។ ក្នុងនោះសម្ដេចបានបញ្ជាក់ថា យុទ្ធសាស្ដ្រក្នុងការចាក់ស្រោចនូវវ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់ ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្រៅពីវ៉ាក់សាំងដែលកម្ពុជា ប្រើប្រាស់ថវិកាជាតិ ទៅទិញជាង៥០ភាគរយនោះ ក៏មានការផ្ដល់ជំនួយពីបណ្ដាប្រទេសជាមិត្តផងដែរ ក្នុងនោះ រួមមាន ចិន ជប៉ុន អាមេរិក អ៉ីតាលី ហុងគ្រី ប៉ូឡូញ ហូឡង់ អូស្ដ្រាលី និងបណ្ដាប្រទេសមួយចំនួនទៀត ដែលបានត្រឹមបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មកឲ្យកម្ពុជាជាបន្ដបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានជោគជ័យ ដោយសារតែកម្ពុជា បានដាក់ចេញកម្មវិធីចាក់ដោយការចាក់ប្រមូលផ្តុំនៅភ្នំពេញ និងខេត្តកណ្តាល ឲ្យបានជោកជាំទើបបន្តចាក់ទៅកាន់ខេត្តដទៃ ទើបពង្រាយវ៉ាក់សាំងចេញក្រៅ ដែលសម្ដេចបានហៅយុទ្ធសាស្ដ្រនេះថា «អភិក្រមផ្ការីក»។ សម្ដេចបានអះអាងទៀតថា ការចេញដំណើរនៃការចាក់វ៉ាក់សាំង មិនបានត្រឹមត្រូវទេនោះ ភាពស៉ាំសហគមន៍មិនរឹងមាំនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ប្រទេសមួយចំនួនមានវ៉ាក់សាំងដែរ ប៉ុន្ដែមិនមានភាពរឹងមាំដូចកម្ពុជា ដោយសារតែបណ្ដាប្រទេសនោះ បែងចែកវ៉ាក់សាំងមិនបានត្រឹមត្រូវ មានន័យថា អ្នកដែលមិនបានចាក់ ច្រើនជាងអ្នកដែលបានចាក់ ដូច្នេះមិនមានភាពស៉ាំសហគមន៍រឹងមាំនោះទេ៕
ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner