សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុដែលចូលចិត្តនិយាយពីពាក្យសន្ដិភាព

ស្វីស៖ ពីទីក្រុង ដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាងពីរពាន់នាក់ និងមានអ្នកមើលតាមបណ្ដាញសង្គមរាប់ពាន់នាក់ទៀត នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីមូលហេតុដែលនាំឱ្យសម្ដេចរម្លឹកម្ដងហើយម្ដងទៀតពីសន្ដិភាព និងការប្ដេជ្ញាការពារសន្ដិភាពនៅកម្ពុជា ថាតម្លៃនៃពាក្យមួយឃ្លានេះមានតម្លៃគ្របដណ្ដប់ទៅលើកត្តាមួយចំនួនដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពាក្យសន្ដិភាព មានតម្លៃលើកត្តាប្រាំមួយដូចជា អវត្តមាននៃសង្គ្រាម, គ្មានមនុស្សស្លាប់ឬពិការដោយសារសង្គ្រាម, គ្មានក្មេងកំព្រា និងស្រ្តីមេម៉ាយដោយសារសង្គ្រាម, គ្មានការភៀសសឹកនៅក្នុងប្រទេស, គ្មានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ, និងការងើបឡើងនៃលទ្ធិប្រជាធិបតេយ្យបូករួមនឹងសិទ្ធិមនុស្ស។

សម្ដេចតេជោ បានលើកជាសំណួរថា បើសិនជាសង្គ្រាមបន្តដល់ពេលបច្ចុប្បន្នដែលមានរយៈពេល ២៤ឆ្នាំ។ តើមានមនុស្សស្លាប់ និងពិការ ហេដ្ឋារចនាសម្ព័ន្ធ និងការឈឺចាប់ដល់មនុស្សប៉ុន្មាននាក់បន្តទៀត? សម្ដេច ថា៖ អវត្តមាននៃសង្គ្រាម បានបង្កើតឱ្យយើងរៀបចំដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ គ្រាប់កាំភ្លើងអត់ស្គាល់សិទ្ធមនុស្សទេ តែបាញ់គឺបាញ់ហើយ! គេអត់ស្គាល់ថាអាហ្នឹងជាសិទ្ធិមនុស្សអីទេ។

សម្ដេចបញ្ជាក់ថា វត្តមាននៃសន្ដិភាព ជំនួសឱ្យសង្គ្រាមនេះ វាបានផ្ដល់ឱកាសឱ្យយើងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រ។ យើងពិនិត្យមើលក្រោយរបប ប៉ុល ពត ប្រជាជនយើងមានត្រឹមតែជុំវិញ៥លាននាក់ប៉ុនហ្នឹង ឥឡូវ១៧លានកើតច្រើននោះច្រើន តែខ្ញុំអត់បន្ទោសអ្នកណាទេ! ព្រោះខ្ញុំអ្នកនាំអាទិ៍។

សូមរំលឹកដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផងចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner