អាគារសិក្សា ១ខ្នងកម្ពស់ ២ជាន់ស្មើ១០បន្ទប់ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកាក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្ថិតនៅស្រុកបរវេល ខេត្តបាត់ដំបង។

លោក លួត សាលី អភិបាលនៃគណៈអភិបាលស្រុកបរវេល បានឱ្យដឹងថាអគារសិក្សាមួយខ្នងកម្ពស់ពីរជាន់ស្មើនឹង១០បន្ទប់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង កាលពីឆ្នាំសិក្សា ២០១៩-២០២០។ ក្នុងនាមរដ្ឋបាលស្រុក មន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកបវេល លោកអភិបាលបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ថ្នាក់ដឹកនាំ ក្រុមការងារ និងសប្បុរសជនដែលបានផ្ដល់ជូនសមិទ្ធផលដ៏មានសារៈសំខាន់នេះ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានសង្កត់ធ្ងន់អំពីពាក្យអរគុណសន្តិភាព ដោយសម្ដេចបានថ្លែងពន្យល់បន្ថែមថា មូលហេតុនៃការអរគុណសន្តិភាព គឺដោយសារទម្រាំមានសុខសន្តិភាពនេះ កម្ពុជាបានឆ្លងកាត់ការលំបាកច្រើនណាស់ ដូច្នេះកម្ពូជាត្រូវចងចាំប្រវត្តិដ៏ជូរចត់ ការដណ្ដើមបានសន្តិភាពដោយលះបង់សាច់ស្រស់ ឈាមស្រស់ ការធ្វើពលីកម្មគ្រប់បែបយ៉ាង របស់ប្រជាពលរដ្ឋ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្រ្តីរាជការ និងរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។

សម្ដេចបានបន្ថែមថា ការប្រារព្ធពិធីសម្ពោធអគារសិក្សានាឱកាសនេះ គឺបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាលឡើងវិញក្រោមការដឹកនាំនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ សម្ដេចក៏បានសម្ដែងក្ដីមោទកភាពចំពោះការរីកចំរើនគ្រប់វិស័យនៅក្នុងស្រុកបវេល ក្នុងនោះរួមទាំងវិស័យអប់រំដែលគ្រប់មូលដ្ឋានប្រជាពលរដ្ឋមានសាលារៀនសម្រាប់កូនចៅសិក្សារៀនសូត្រជាមួយនឹងការបំពាក់នូវមធ្យោបាយរៀន និងបង្រៀនកាន់តែប្រសើរជាងមុន ក្នុងនោះក៏មានការខិតខំបង្រៀន និងរៀនតាមបែបគន្លងថ្មីនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមកផងដែរ។

ពាក់ព័ន្ធនឹងវិស័យអប់រំនេះដែរ សម្ដេចក្រឡាហោមនាយករដ្ឋមន្រ្តីស្ដីទីក៏បានបង្ហាញមោទកភាពដែរដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោមខេត្តមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានច្រើនជាងគេ ក្នុងនោះខេត្តមានសិស្សជាប់និទ្ទេសAចំនួន១២៣រូប និងដោយឡែកសិស្សស្រុកបវេលក៏បានជាប់និទ្ទេសAចំនួន៧រូបដែរ។ សម្ដេចបន្ថែមថាអគារសិក្សាមួយខ្នងដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលចំណងដៃមួយទៀតជូនស្រុកបវេល ហើយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថាវិស័យអប់រំក្នុងស្រុកមួយនេះនឹងកាន់តែមានការរីកចំរើន ដើម្បីរួមចំណែកវិនិយោគបន្ថែមទៀតនូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក៏បានមានប្រសាសន៍អំពីការអនុវត្តសាកល្បង ការផ្ទេរមុខងារគ្រប់គ្រង សាលាបឋមសិក្សា មត្តេយ្យសាលា ទាំងក្នុង និងក្រៅប្រព័ន្ធក្នុងខេត្តបាត់ដំបងមកឱ្យរដ្ឋបាលបាល ក្រុង ស្រុកជាអ្នកគ្រប់គ្រងដែលជាផ្នែកមួយនៃវិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេចក៏បានស្នើអភិបាលស្រុកបវេលឡើងថ្លែងពីស្ថានភាពនៃការគ្រប់គ្រងការអនុវត្តសាកល្បងនេះថា តើមានចំណុចវិជ្ជមាន និងចំណុចប្រឈមអ្វីខ្លះ ហើយក្នុងនោះសម្ដេចក៏បានទទួលនូវព័ត៌មានពាក់ព័ន្ធនឹងកង្វះបន្ទប់សិក្សាប្រមាណ ៩០បន្ទប់នៅតាមសាលារៀនក្នងស្រុកបរវេល ។

នាយកអនុវិទ្យាល័យខ្នាចរមាសវិញ ក៏បានថ្លែងអំពីកង្វះបន្ទប់សិក្សា៣បន្ទប់បន្ថែមទៀតដែរ។ សម្ដេចបានទទួលព័ត៌មាននេះ នឹងបានប្រកាសផ្ដល់បន្ទប់សិក្សាបន្ថែម។

សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវការពេលច្រើនជាង ១០ឆ្នាំ ទម្រាំធនធានមនុស្សនោះអាចចូលរួមបម្រើជាតិ បម្រើប្រជាពលរដ្ឋបាន។ សម្ដេចបន្ថែមថា«ពួកយើងខ្ញុំនេះ មិនមែនចេះតែកេះកៃបាញ់កាំភ្លើងក្នុងសង្គ្រាមទេ មកដឹកនាំសេដ្ឋកិច្ចក៏បាន មកដឹកនាំវិស័យអប់រំកសាងធនធានមនុស្សក៏បាន ដឹកនាំនយោបាយការបរទេសក៏បាន យើងធ្វើបាន តាំងពីយើងឯកោ គេហុំព័ទ្ធខាងនយោបាយផង សេដ្ឋកិច្ចផង ឥលូវនេះទៅជាកម្ពុជាដើរតួនាទីដើម្បីរួមចំណែកដោះស្រាយវិបត្តិនានានៅលើសាកលោក និងក្នុងតំបន់ យើងធ្វើបាន ដោយសារយើងឆ្លងកាត់បទពិសោធន៍ ហើយការប្ដេជ្ញាចិត្ត និងឆន្ទៈនយោបាយដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ» ៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner