លែងកូនកន្ធាយក្បាលកង្កែបចំនួន ៥៨០ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គ

ភ្នំពេញ ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២បានលែងកូនកន្ធាយក្បាលកង្កែបឬល្មិចដែលជាប្រភេទជិតផុតពូជបំផុតចំនួន ៥៨០ក្បាលចូលទៅក្នុងទីជម្រកធម្មជាតិតាមដងទន្លេមេគង្គនៅខេត្តក្រចេះ ដើម្បីចូលរួមអបអរសាទរទិវាអណ្ដើកពិភពលោក។

លោក កែន សេរីរដ្ឋា នាយកអង្គការ wcs បានបញ្ជាក់ឱ្យដឹងថា «ដោយ មានការគាំទ្រជាបន្តបន្ទាប់ពី ម្ចាស់ជំនួយរបស់យើង និងមានកិច្ចសហប្រតិបត្តិការល្អពីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិកនៅទីវាលរបស់យើងនិងក្រុមការពារសំបុកសហគមន៍ អង្គការ wcs សម្រេចបាន នូវសមិទ្ធ ផលជាច្រើនគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តគម្រោងរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក”។

លោកបានបញ្ជាក់បន្ថែមថា «កំណើននៃសំបុកនិងពងកន្ធាយបានជំរុញ និងលើកទឹកចិត្តយើងឱ្យខិតខំ ប្រឹងប្រែងបន្តទៀតដើម្បីអភិរក្សកន្ធាយក្បាលកង្កែបដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុតនេះ។ កន្ធាយប្រភេទនេះកំពុងទទួលរងការគំរាមកំហែងដោយសារការប្រមាញ់និងការជួញដូរខុសច្បាប់។ នៅឆ្នាំ២០២១ យ៉ាងហោចណាស់មានកន្ធាយក្បាលកង្កែបចំនួន ៩ក្បាល ត្រូវបានគេជួញដូរតាមប្រព័ន្ធអនឡាញ និង ២ក្បាល បានស្លាប់ដោយសារការនេសាទខុសច្បាប់។»

លោក កែន សេរីរដ្ឋា នាយកអង្គការ wcsបានឱ្យដឹងដែរថា នៅក្នុងរដូវពងកូនឆ្នាំ ២០២២ នេះ ក្រុមការពារសំបុកសហគមន៍បានរកឃើញសំបុកកន្ធាយក្បាលកង្កែប ចំនួន ៦៣សំបុក ស្មើនឹង ២.១៥៥ពង។ គិតត្រឹមពីដើមខែមីនា ដល់ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ មានកូនកន្ធាយក្បាលកង្កែបសរុបចំនួន ៩៨២កូនបានញាស់ចេញពីសំបុកចំនួន ៤០ សំបុក ហើយក្រុមការងារបានលែងកូនកន្ធាយចំនួន ៤០២ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញ និងនៅសល់ ៥៨០ក្បាលទៀត ត្រូវលែងនៅថ្ងៃនេះ។ ក្រុមការងាររំពឹងថាពងដែលនៅសេសសល់អាចនឹងញាស់បានខ្លះបន្ថែមទៀត។ កាលពី រដូវពងកូនឆ្នាំ២០២១ ក្រុមការងារបានរកឃើញ ៦៦សំបុក ស្មើនឹង ២.៥២៨ពង និងបានលែង ១.៣០០កូន ចូលក្នុងទីជម្រកធម្មជាតិវិញ។

ចំណែកលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា “យើងអបអរសាទរយ៉ាងក្រៃ លែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍ បងប្អូនប្រជាពលរដ្ឋ និងជា ពិសេស អង្គការ WCS ដែលបាននឹងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះថ្នាក់នេះឲ្យមានវត្តមានក្នុងដែនទឹក ធម្មជាតិនេះឡើងវិញ។” លោកក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទកន្ធាយនេះ ព្រមទាំងក្រើន រំលឹកដល់ជនមួយចំនួន ដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

ដោយឡែកលោក ក្លេមឹន បេគ័រ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុប បានថ្លែងថា «ប្រទេសកម្ពុជាមានទីជម្រកនិងសត្វព្រៃដ៏សម្បូរបែបជាច្រើនប្រភេទ។ កន្ធាយក្បាលកង្កែបគឺជាប្រភេទដ៏កម្រមួយដែលត្រូវការការពារជាបន្ទាន់។ សហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផល និងអង្គការ wcs ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារនិងស្ដារប្រភេទដ៏កម្រនេះឡើងវិញ។ យើងទាំងអស់គ្នាមានគោលដៅរួមតែមួយក្នុងការជួយសង្គ្រោះប្រភេទនេះកុំឲ្យផុតពូជហើយសហភាពអឺរ៉ុបនៅតែប្ដេជ្ញាចិត្តធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចគោលដៅរួមនេះ។»

គួរបញ្ជាក់ថា កន្ធាយក្បាលកង្កែបគឺជាប្រភេទមួយក្នុងចំណោមប្រភេទកម្រៗជាច្រើនទៀតនៅតាមដងទន្លេមេគង្គ ព្រោះ កន្ធាយក្បាលកង្កែបរស់នៅក្នុងអន្លង់ជ្រៅៗជាមួយត្រីដូលហ្វីន និងត្រីបបែលយក្សជាដើម។ ការលែងកន្ធាយក្បាលកង្កែបដែលជាប្រភេទដ៏សំខាន់ចូលក្នុងជម្រកធម្មជាតិ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការស្តារប្រភេទនេះឡើងវិញកុំឱ្យផុតពូជនាពេលអនាគត៕

ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner