លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបឯកអគ្គរាជទូតហូឡង់ (Video Inside)

អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតនៃព្រះរាជាណា ចក្រហូឡង់ប្រចាំកម្ពុជា លោករ៉េម កូ ចូហាន វ៉ា វីនហ្គាដឹន។

ការទទួលជួបសំណេះសំណាលនេះ បានធ្វើឡើងក្នុងឱកាសដែលឯកអគ្គរាជទូតថ្មីនេះ បានប្រគល់ថ្វាយសារតាំងចំពោះ ព្រះមហាក្សត្រខ្មែរ។ ប្រទេសហូឡង់នៅមិនទាន់មានស្ថានទូតក្នុងប្រទេសកម្ពុជាឡើយ។ និវេសនដ្ឋានរបស់ឯកអគ្គរាជទូតហូឡង់ បច្ចុប្បន្នស្ថិតក្នុងក្រុងបាងកកនៃប្រទេសថៃ។ 

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាព និង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ កម្ពុជា-ហូឡង់ ជាពិសេស សកម្មភាពផ្លាស់ប្តូរនៅក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយ នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីជាមានផលប៉ះពាល់ខ្លះបង្កឡើងជំងឺរាតត្បាត សាកលកូវីដ-១៩ ក៏ដោយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះព្រះមហាក្សត្រ, រាជរដ្ឋាភិបាល និងប្រជាជន ក៏ដូចជាកងទ័ពហូឡង់ ដែលតែងបានយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រកម្ពុជានៅក្នុងកិច្ចការសំខាន់ៗជាច្រើន រួមមានជាអាទិ៍ ការជួយដល់សកម្មភាពកំចាត់ មីននៅកម្ពុជា, ការគាំទ្រផ្នែកថវិកាដល់ដំណើរការរបស់តុលាការកាត់ទោសខ្មែរក្រហម និង ការផ្តល់ជំនួយវ៉ាក់សាំង AstraZeneca តាមរយៈយន្តការ COVAX  ដល់កម្ពុជាជាដើម។

លោកឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចាត់ទុកការជួយឧបត្ថម្ភទាំង នេះ  បានរួមចំណែកបង្កលទ្ធភាពដល់កម្ពុជាក្នុងការសម្រេចបាននូវជោគជ័យលើការគ្រប់គ្រងការ រីករាលដាលនៃជំងឺកូវីដ១៩ និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យរហូតដល់ពេលនេះ។

ឯកអគ្គរាជទូតហូឡង់ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងហូឡង់ និងកម្ពុជា នៅក្នុងការដោះដូរពាណិជ្ជកម្មតាមដងទន្លេមេគង្គ ហើយមកទល់សព្វថ្ងៃនេះទំហំ ពាណិជ្ជកម្មទ្វេភាគី រួមទាំងវិស័យទេសចរណ៍ផង ក៏បន្តកើនឡើងគួរឱ្យកត់សម្គាល់ និងប្រ កបដោយសក្តានុពល។

ឯកអគ្គរាជទូតហូឡង់ បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះដំណើរ វិវត្តន៍ជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលស្តែងឡើងតាមរយៈដំណើរការ រៀបចំជាប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោត ថ្នាក់ ជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ ព្រមទាំងសង្ឃឹមថា ជោគជ័យនៃដំណើរការប្រជាធិបតេយ្យ នេះ គឺជាជោគជ័យរួមសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner