មន្ត្រីគជបបកស្រាយថាការប្រើរថយន្តផ្លាករដ្ឋសភា និងព្រឹទ្ធសភាក្នុងក្បួនដង្ហែគណបក្សមិន ខុសច្បាប់ទេ (Video Inside)

ការរិះគន់តាមបណ្តាញសង្គមចោទថាការប្រើរថយន្តពាក់ផ្លាកលេខរដ្ឋសភានិងព្រឹទ្ធសភា ក្នុងក្បួនដង្ហែគណបក្សជាអំពើខុសច្បាប់នោះ ត្រូវបានមន្ត្រីគជប បញ្ជាក់មកវិញថាមិនមែន ជាអំពើខុសច្បាប់នោះទេ។

មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានបកស្រាយបំភ្លឺវិញថា រថយន្តពាក់ផ្លាកលេខរដ្ឋសភា និងព្រឹទ្ធសភា អាចជិះហែរក្នុងការឃោសនាគណបក្សបាន ដោយមិនមានច្បាប់ហាមឃាត់នោះទេ។

គួរបញ្ជាក់ថាក្នុងការដង្ហែក្បួនឃោសនាគណបក្ស នយោបាយ គេបានហាមមិនឱ្យប្រើប្រាស់រដ្ឋយន្តស្លាកលេខរដ្ឋឬជារ​បស់រដ្ឋប្រើប្រាស់ក្នុងក្បួន ដង្ហែគណបក្សនយោបាយឡើយ។

នៅជាមួយគ្នានោះដែរ រថយន្តដែលមានផ្លាកនប, ខម ឬរាជការ ក៏មិនត្រូវបានអនុញ្ញាតផងដែរ។ ប៉ុន្តែរថយន្តផ្លាកលេខព្រឹទ្ធសភា និងរដ្ឋសភាមាន សភាពខុសគ្នា។ មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធាបានបញ្ជាក់ថារថយន្តពាក់ផ្លាកលេខ ព្រឹទ្ធសភា និងរដ្ឋសភា គឺជារថយន្តឯកជនរបស់អ្នកតំណាងរាស្ត្រដែលបានជាប់ឆ្នោត មាន ន័យថារថយន្តនោះ មិនជារបស់រដ្ឋឡើយ។

លោក ហង្ស ពុទ្ធា បានចាត់ទុកការចោទប្រកាន់រឿងប្រើរថយន្តពាក់ផ្លាកលេខរដ្ឋសភា និងព្រឹទ្ធសភាដោយសារតែការហែរគណបក្សនយោបាយនេះ គឺជាចេតនាបង្កឱ្យមានការភ័ន្ត ច្រឡំដល់សាធារណជន ព្រមទាំងបង្កឱ្យផលប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋម្ចាស់ឆ្នោត តែប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា បានអំពាវនាវកុំឱ្យមានអំពើកេងចំណេញនយោបាយ និង អំពាវនាវដល់អ្នករិះគន់ទាំងឡាយនោះ សូមឱ្យបង្កើនភាពចាស់ទុំ ជៀសវាងលេងល្បែងនយោបាយក្នុងដំណាក់កាលឃោសនារកសំលេងឆ្នោត»

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner