ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូមួយគ្រឿង បានសម្រេច។ ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង២២ និង៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឌី សារ៉ាក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ សៀម សៀវម៉ី ភេទស្រី អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ សម្រាប់សម្ភារៈដកហូតបាន រួមមាន ៖ ម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DP-0035។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះ កំពុងតែដឹកអីវ៉ាន់យកទៅឱ្យភ្ញៀវ ខណៈពេលនោះ ប្អូនប្រុសជនរងគ្រោះ បានខលមកប្រាប់ថា មានគេលួចម៉ូតូបាត់ហេីយ។ ភ្លាមនោះ ជនរងគ្រោះ ក៏ជិះម៉ូតូជាមួយមិត្តភក្តិ ដេីររកហូតដល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏ស្រាប់តែឃេីញជនសង្ស័យចំនួនពីរនាក់ កំពុងជិះម៉ូតូរបស់ខ្លួន ទើបស្រែកថាចោរៗ ហើយបានជិះតាមពីក្រោយរហូតទៅដល់បុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ទើបជនសង្ស័យដួលម៉ូតូ ក៏ត្រូវប្រជាពលរដ្ឋដេញឃាត់បានម្នាក់ ប្រគល់ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner