រដ្ឋមន្ត្រីក្រសួងកសិកម្ម គូសបញ្ជាក់ថា ការអនុវត្តប្រព័ន្ធបញ្ជរតែមួយតាមប្រព័ន្ធអនឡាញ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការដាក់ឲ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ សម្រាប់ក្រសួង ។ ក្នុងសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រតិភូ ប្រតិភូរង និងមន្រ្តីអញ្ជើញមកពីអង្គភាព ក្រោមឱវាទ នាទីស្តីការក្រសួងកសិកម្ម ។
ឯកឧត្តម វេង សាខុន បានលើកឡើងថា សិក្ខាសាលានេះ គឺពិតជានឹងផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមមុខនាទីរៀងៗខ្លួន ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
ការអនុវត្តប្រព័ន្ធបញ្ជរតែមួយតាមប្រព័ន្ធអនឡាញ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹត្យភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ សិក្ខាសាលានឹងធ្វើការផ្សព្វផ្សាយនូវតួនាទីរបស់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការផ្តល់សេវាសាធារណ:ដែលត្រូវធ្វើកំណែទម្រង់ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ព្រមជាមួយគ្នាក៏ត្រូវសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗទៀតទាក់ទងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិពីគ្រប់មជ្ឈដ្ឋាន។ ប្រមូលបានគ្រប់បញ្ហា និងចំណុចខ្វះខាត បន្ទាប់មករួមគ្នាធ្វើការកែលម្អ និងដោះស្រាយឲ្យបានទាន់ពេល និងកាន់តែល្អប្រសើរឡើងជាលំដាប់ ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី២ តាមរយៈប្រកាសលេខ៧៥១ សហវ.ប្រក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិអន្តរក្រសួង។ ក្នុងកិច្ចដំណើរការនេះ ក្រុមហ៊ុន vCargo Cloud Pte Lted (VCC) បានមកសិក្សា និងរៀបចំប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ជាមួយក្រសួង ដើម្បីបង្កើតប្រព័ន្ធមួយ “A Single decision making for customs release and clearance of cargo”។ ដោយក្នុងនោះក្រសួង មានអង្គភាពចំនួន៤ បានចូលរួមគឺ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អគ្គនាយក-ដ្ឋានកសិកម្ម រដ្ឋបាលជលផល និងនាយកដ្ឋានកិច្ចការរដ្ឋបាល។
ដើម្បីសម្របសម្រួលការងារនេះ ក្រសួងបានបង្កើតក្រុមការងារសម្របសម្រួលទំនាក់ទំនងបន្តភ្ជាប់ទៅបញ្ជរតែមួយជាតិកម្ពុជា តាមរយៈសេចក្តីសម្រេចលេខ៤០៣ សសរ កសក ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ជាប្រធាន និងតំណាងអង្គភាពពាក់ព័ន្ធជាសមាជិក ហើយនៅពេលដ៏ខ្លីខាងមុខក្រសួងនឹងដាក់ឱ្យដំណើរការប្រព័ន្ធនៃការចុះបញ្ជីតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា (On Line) នេះ ។
ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលក្រុមការងារបានខិតខំប្រឹងប្រែងសម្រប សម្រួលជាមួយអង្គភាពក្រោមឱវាទ និងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ដោយទទួលបានលទ្ធផលល្អប្រសើរ ៕ ដោយ ៖ កសិកម្ម