ធនាគារ ព្រីនស៍ និងក្រុមហ៊ុន WOWNOW Super App បានសហការគ្នា បង្កើនការទូទាត់ប្រាក់អនឡាញ ជាមួយនឹងអត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនរបស់ខ្លួន
ភ្នំពេញ ៖ ធនាគារ ព្រីនស៍ ម.ក និង WOWNOW Super App នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានសម្ពោធជាផ្លូវការភាពជាដៃគូសហការ ដោយដាក់ដំណើរការវិធីទូទាត់ប្រាក់តាមអនឡាញ តាមរយៈគណនីធនាគារព្រីនស៍ នៅលើកម្មវិធី WOWNOW Super App ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ ជាមួយនឹងដំណោះស្រាយការទូទាត់ដ៏ងាយស្រួលនេះ អតិថិជនអាចទទួលបានដំណើរការទូទាត់ប្រាក់កាន់តែសាមញ្ញ ដែលលឿនជាងមុន និងមានសុវត្ថិភាព ។ ការបង្កើតថ្មីនេះ គឺជាផ្នែកមួយនៃការជម្រុញបន្តរបស់ធនាគារ ព្រីនស៍ ក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រអតិថិជនឲ្យទទួលបានការរស់នៅតាមបែបឌីជីថលដែលមនុស្សគ្រប់គ្នាប្រាថ្នា ។
លោក Kevin Zheng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WOWNOW Super App បានឱ្យដឹងថា “នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ WOWNOW Super App ក្នុងការនាំមកជូននូវវិធីសាស្ត្រទូទាត់ប្រាក់ថ្មីមួយបន្ថែមទៀតដ៏មានអត្ថប្រយោជន៍ទៅដល់អ្នកប្រើប្រាស់របស់យើង នៅក្នុងភាពជាដៃគូសហការជាមួយធនាគារ ព្រីនស៍។ ចាប់ពីពេលវេលាដ៏វិសេសវិសាសនេះតទៅ ការរស់នៅប្រចាំថ្ងៃនឹងកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ដែលជាក្តីស្រម៉ៃរបស់មនុស្សគ្រប់គ្នា ព្រោះអ្វីៗគ្រប់យ៉ាងនឹងមាននៅលើ WOWNOW Super App រួមជាមួយនឹងវិធីសាស្ត្រទូទាត់ប្រាក់ដ៏ល្អលើសពីការរំពឹងទុក ដែលនាំមកជូនដោយធនាគារ ព្រីនស៍ ផងដែរ។ WOWNOW – It’s WOW or Never!”។
ដើម្បីអបអរសាទរភាពជាដៃគូសហការនេះ ធនាគារ ព្រីនស៍ និងក្រុមហ៊ុនWOWNOW Super App បានដាក់ដំណើរការប្រូម៉ូសិនរួមគ្នាសម្រាប់អតិថិជនរបស់ខ្លួន ដោយ“ចំណាយ 6 ដុល្លារឡើងទៅ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារភ្លាមៗ” សម្រាប់ការបញ្ជាទិញនៅលើ WOWNOW Super App នៅពេលអតិថិជនជ្រើសរើសទូទាត់ប្រាក់តាមរយៈគណនីធនាគារព្រីនស៍។ លើសពីនេះ ក៏មានការផ្តល់ជូនបន្ថែមនូវពិន្ទុរង្វាន់ព្រីនស៍ដោយចៃដន្យនៅថ្ងៃបន្ទាប់ កាដូដ៏ភ្ញាក់ផ្អើលពីអ្នកដឹកជញ្ជូន និងគូប៉ុងដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ការបញ្ជាទិញលើកក្រោយផងដែរ។
លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ជំងឺកូវីដ១៩ បាននាំមកនូវការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក ដោយបំប្លែងអ្នកប្រើប្រាស់ពីវិធីទូទាត់បែបប្រពៃណីទៅជាការទូទាត់តាមឌីជីថល ដែលជានិន្នាការស្របគ្នាលើកំណើនក្នុងរយៈពេលដ៏ខ្លីនៃការទិញទំនិញអនឡាញ ឬតាមទូរស័ព្ទ ឬការបញ្ជាទិញអាហារ និងការទូទាត់។ ដូច្នេះ ការពង្រឹង និងពង្រីកដំណោះស្រាយការទូទាត់តាមប្រព័ន្ធឌីជីថល មានសារៈសំខាន់ខ្លាំងណាស់ក្នុងការបម្រើតម្រូវការ និងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់”។
លោកបានបន្ថែមទៀតថា “ភាពជាដៃគូសហការជាមួយ WOWNOW Super App គឺជាសមិទ្ធិផលច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់មួយទៀតរបស់ធនាគារ ព្រីនស៍ ក្នុងការពង្រីកសេវាកម្មទូទាត់ឌីជីថលរបស់យើងសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ យើងបានធ្វើការដោយគ្មានភាពនឿយហត់ ដើម្បីធ្វើឱ្យភាពជាដៃគូសហការនេះកើតមានឡើង ដើម្បីបង្កើតបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើងជាមួយនឹងការទូទាត់តាមឌីជីថល ដែលពួកគេអាចរីករាយជាមួយនឹងភាពងាយស្រួល និងមានទំនុកចិត្តនៅពេលបញ្ជាទិញតាមអនឡាញ និងធ្វើការទូទាត់នៅលើវេទិកាតែមួយ។
អតិថិជនថ្មី និងអតិថិជនដែលមានស្រាប់ អាចរីករាយនឹងការបញ្ជាទិញតាមអនឡាញរបស់ពួកគេនៅលើ WOWNOW Super App ជាមួយនឹងអត្ថប្រយោជន៍ពិសេសជាច្រើនពីពួកយើងផងដែរ។ នៅធនាគារ ព្រីនស៍ យើងតែងតែខិតខំប្រឹងប្រែង ដើម្បីនាំមកនូវការច្នៃប្រឌិតថ្មីៗ និងដំណោះស្រាយធនាគារឌីជីថលកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ អតិថិជនថ្មីរបស់ធនាគារ ព្រីនស៍ នឹងអាចរីករាយនឹងការប្រើប្រាស់កម្មវិធីPRINCE Mobile ដែលជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទទទួលបានពានរង្វាន់ផងដែរ”។
ធនាគារ ព្រីនស៍ ម.ក ជាធនាគារឆ្នើម ដែលទទួលបានពានរង្វាន់ជាច្រើនតាមរយៈបណ្តាញសាខា ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនអេធីអឹម Drive Through និង PRINCE Mobile app ដែលជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏សម្បូរបែប ទូលំទូលាយបំផុត ហើយបានបន្តការបង្កើតថ្មីជាបន្តបន្ទាប់ ដើម្បីនាំយកផលិតផល និងសេវាកម្មថ្មីៗ និងកែលម្អបន្ថែមសម្រាប់អតិថិជនរបស់ខ្លួន។ ថ្ងៃនេះ ជាសមិទ្ធិផលដ៏សំខាន់មួយទៀតជាមួយនឹងមុខងារថ្មីសម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍ ជាមួយនឹង WOWNOW ដោយផ្តល់នូវសេវាកម្មធនាគារដែលងាយស្រួល និងមានសុវត្ថិភាព។
WOWNOW គឺជាកម្មវិធី Super App ដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃតាមរយៈប្រព័ន្ធឌីជីថល ជាមួយសេវាកម្មចម្បងធំៗ៤រួមមាន៖ កម៉្មង់អាហារ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ សេវាកម្មបន្ថែមផ្សេងៗទៀតមានដូចជា ការបញ្ចូលកាតទូរស័ព្ទ ការកក់ភោជនីយដ្ឋានសម្រាប់ថ្ងៃពិសេស ហាងកែសម្ផស្ស និងកន្លែងផ្សេងៗជាច្រើនទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ពីសេវាកម្មកក់កន្លែងនៅលើ WOWNOW Super App ៕ ដោយ / គ្រី សម្បត្តិ