ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំរុញឲ្យសមាជិកបក្ស បន្តពង្រឹងសមាគ្គីភាព ដើម្បីទទួលជោគជ័យក្នុងការបោះឆ្នោត ឃុំ សង្កាត់

កណ្ដាល៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សមាជិកគណអចិន្ត្រៃយ៍គណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាលនិង ជាប្រធានក្រុមការងារទទួលបន្ទុកចុះជួយស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងកៀនស្វាយ ជំរុញទៅសមាជិក សមាជិកការគណបក្សក្នុងខេត្តត្រូវបន្តពង្រឹងសមាគ្គីភាព ឆ្ពោះទៅការទទួលបាននូវជ័យជំនះ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា សមាជិករបស់គណបក្សដែលមានតួនាទីជាអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួន រួមទាំងបញ្ហាប្រឈមផ្សេងៗ។ ឯកឧត្តមបានបន្តថា មួយវិញទៀតត្រូវពិនិត្យមើលបញ្ហា ឬសំណូមពររបស់ប្រជាពលរដ្ឋអ្វីខ្លះ ដែលមិនទាន់បានដោះស្រាយជូនពួកគាត់ ក្នុងរយៈពេល៥ឆ្នាំមកនេះ ហើយអ្វីខ្លះដែលបានដោះស្រាយហើយ ក៏ត្រូវបង្ហាញដល់ពលរដ្ឋឲ្យបានដឹង ។

ឯកឧត្តមប្រធានក្រុមការងារ បន្ថែមថា ចំពោះការងាបក្ស ទាំងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន រួមទាំងបេក្ខជនឈ្មោះបោះឆ្នោតទាំងពេញសិទ្ធិ និងបម្រុងត្រូវតែសាមគ្គីគ្នា ឯកភាព កិច្ចសហការល្អ ជួយគ្នា ដើម្បីពង្រឹងសកម្មភាពផែនការ ៥ឆ្នាំ នៃការបោះឆ្នោត និងការឃោសនា ព្រោះដំណាក់កាលនេះ ជាការប្រកួតប្រជែងគ្នារវាងគណបក្សនយោបាយផ្សេងៗ តាមបែបលទ្ធិប្រជាធិបតេយ្យ ដោយសមាជិកបក្សត្រូវផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍឃុំសង្កាត់ ដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប ដើម្បីឲ្យពួកគាត់បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ៕

ឯកឧត្តមបានបន្ថែមទៀតថា៖ ភាពជោគជ័យនៃការបង្ការ និង ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ក្នុងសហគមន៍នេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីប្រសិទ្ធភាពនៃការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់ នឹងល្អប្រសើរក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីត19 នឹងបញ្ជាក់ឲ្យឃើញថាការប្រគល់សិទ្ធិអំណាចពីរាជរដ្ឋាភិបាលក្នុងការចាត់ចែងមុខងារមួយចំនួនចាំបាច់ទៅឲ្យថ្នាក់ក្រោមជាតិគឺមានប្រសិទ្ធភាពខ្ពស់។ ហើយក៏បញ្ជាក់ឲ្យឃើញពីការខិតខំចូលរួមពីសំណាក់ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 ដែលប្រទេសកម្ពុជាយើងក៏ដូចជាសកលលោកបានទទួលរងផលប៉ះពាល់ ៕ ប្រភព ៖ ខេត្តកណ្តាល

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner