សម្ដេចតេជោ ហ៊ុន សែន ចែករំលែកនូវមតិយោបល់ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្តីពីអនាគតរបស់អាស៊ី ក្រោមមូលបទ «ការកំណត់ឡើងវិញនូវតួនាទីរបស់ទ្វីបអាស៊ី នៅក្នុងពិភពលោកដែលបែកខ្ញែក» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ តាមរយៈប្រព័ន្ធវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែករំលែកនូវមតិយោបល់ចំពោះកិច្ចការ និងទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក ថា បច្ចុប្បន្ន, ពិភពលោកទាំងមូលបាន និង កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញជាច្រើន ។

ជាក់ស្តែង, ថ្វីត្បិតតែវិបត្តិនៃជំងឺកូវីដ-១៩ បានថមថយទៅវិញក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់, ក៏ការងើបចេញពីវិបត្តិនេះទាំងអស់គ្នា នៅតែជាក្តីស្រមៃមួយនៅឡើយ ហើយវិបត្តិនេះក៏បាននាំមកនូវគម្លាតកាន់តែធំឡើងរវាងប្រទេសអភិវឌ្ឍ និង ប្រទេសកំពុងអភិវឌ្ឍ ។ ខណៈដែលប្រទេសជាច្រើន, រួមទាំងកម្ពុជា, បានចាប់ផ្តើមបើកប្រទេស និង សកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ, យើងសង្កេតឃើញថា នៅមានបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួនកំពុងបន្តជួបប្រទះនូវការឆ្លងរាលដាល ក៏ដូចជាឧបសគ្គក្នុងការទទួលបានវ៉ាក់សាំង និង ធនធានចាំបាច់នានា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយប្រទេសខ្លះទៀត ក៏បានធ្លាក់ខ្លួនកាន់តែជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ច និង ចលាចលសង្គម ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ស្របពេលជាមួយគ្នានេះដែរ, ការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែន ក៏បានបង្កឱ្យបរិយាកាសសន្តិសុខសកល មានការប្រែប្រួលយ៉ាងស្រួចស្រាល់ ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ និង អាចបង្កគ្រោះថ្នាក់ ដែលគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត, ជាពិសេស បច្ច័យអវិជ្ជមានចំពោះការងើបឡើងវិញនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ, សង្គ្រាមនេះបានបង្ហាញយ៉ាងប្រចក្ស ពីការវិលត្រឡប់មកវិញ នូវការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងប្រទេសមហាអំណាចធំៗ ដែលបាន និង កំពុងធ្វើឱ្យពិភពលោក ឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់ និង ការបែងចែកប៉ូលមនោគមវិជ្ជា និង ភូមិសាស្ត្រនយោបាយ និង ធ្វើឱ្យរដ្ឋតូចៗ ត្រូវបានបង្ខំឱ្យជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ ។

ជាការពិត, ការណ៍នឹងបង្កើតនូវផលវិបាកជាច្រើនសម្រាប់ការអភិវឌ្ឍតំបន់អាស៊ីរបស់យើង ។ ជាមួយនឹងការប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងតំបន់ និង ជាសកល, អាស៊ីក៏មានភាព-ចាំបាច់ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់ការដោះស្រាយបញ្ហាផ្សេងៗទៀតផងដែរ ដូចជា តម្រូវការក្នុងការបន្តពង្រឹងប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម, ការដោះស្រាយនូវផលប៉ះពាល់ដែលបន្សល់ (scarring effects) ពីជំងឺកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ, ការចាប់យកកាលានុវត្តភាពពីឌីជីថលូបនី-យកម្ម ជាដើម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចតំបន់ឱ្យងើបឡើងវិញ ប្រកបដោយចីរភាព និង បរិយាបន្ន, ជាពិសេស បន្តធានាបាននូវតួនាទីរបស់អាស៊ី ជាមជ្ឈមណ្ឌលនៃកំណើនរបស់សកលលោក ។

នៅក្នុងបរិការណ៍រួមដូចបានគូសបញ្ជាក់ខាងលើ សម្ដេចតេជោ សូមចែករំលែកនូវមតិ និងយោបល់ ចំពោះកិច្ច-ការ និង ទិសដៅអាទិភាពមួយចំនួន ពាក់ព័ន្ធនឹងតួនាទីរបស់ទ្វីបអាស៊ីនៅក្នុងពិភពលោកដែលបែកខ្ញែក ដូចខាងក្រោម ៖

ទី១៖ បណ្តាប្រទេសអាស៊ី ត្រូវអំពាវនាវ, ដោយឈរលើគោលជំហររួមគ្នាប្រកបដោយសង្គតិភាព, ឱ្យប្រទេសទាំងអស់គោរពអធិបតេយ្យភាព និង ឯករាជ្យភាព គ្នាទៅវិញទៅមក, រួមទាំងជម្រើសនៃការដឹកនាំដែលស្របតាមលក្ខខណ្ឌ និង លក្ខណៈពិសេសរបស់ប្រទេសនីមួយៗ ។ ទន្ទឹមនេះដែរ, ប្រទេសទាំងអស់ត្រូវប្រកាន់យកឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍នៃសន្តិសហវិជ្ជមាន, ការមិនជ្រៀតជ្រែក និង ការគោរពទៅវិញទៅមក នូវជីវភាពរស់នៅ, ប្រពៃណី, ទំនៀមទំលាប់ និង ប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ ដែលនេះជាគុណតម្លៃសំខាន់បំផុត ក្នុងការធានាឱ្យបាននូវការអភិវឌ្ឍជាសកល ប្រកបដោយចីរភាព និង បរិយាបន្ន ។

ទី២៖ ការប្រកាន់ខ្ជាប់នូវគោលការណ៍ «ពហុភាគីនិយម» និង «កិច្ចសហប្រតិបត្តិការអន្ដរជាតិផ្អែកលើវិធាននៃច្បាប់» គឺជាវិធានពីរ ដែលអាស៊ីត្រូវតែបន្តប្រកាន់យក ។ យើងមិនត្រូវបណ្ដោយឱ្យប្រទេសណាមួយទទួលរងនូវការបន្ទច់បង្អាក់ ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ តាមរយៈការរងគ្រោះដោយការដាក់ទណ្ឌកម្មជាឯកតោភាគី, ការហាមឃាត់ ឬ ការដាក់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗ ដែលបំពានទៅលើច្បាប់ អន្ដរជាតិ ព្រមទាំងគោលការណ៍ និង គោលបំណងស្នូល ដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជា-ជាតិនោះឡើយ ។

ទី៣៖ បណ្តាប្រទេសអាស៊ីត្រូវតែធ្វើការព្រមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, មានតម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និង ផ្តល់ផល-ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ តួយ៉ាង, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់យើង ក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការក្នុងតំបន់ ។ ក្នុងន័យនេះ, យើងត្រូវបន្ត និង បង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបតិ្តការក្នុងតំបន់
ផ្សេងៗទៀត ដើម្បីចាប់យកសក្ដានុពលនៃកិច្ចអភិវឌ្ឍរបស់អាស៊ី ឱ្យបានជាអតិបរមា ។

ទី៤៖ យើងត្រូវបន្តរក្សា និង ពង្រឹងនូវការឯកភាព និង សាមគ្គីភាពរវាងបណ្ដាប្រទេសនានាក្នុងទ្វីបអាស៊ី ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព, សន្តិសុខ, ស្ថិរភាព និង ការអភិវឌ្ឍនានា ក្នុងតំបន់ និង ពិភពលោក ។ ក្នុងន័យនេះ, អាស៊ានជាអង្គការតំបន់មួយ ដែលដើរតួនាទីមិនអាចខ្វះបាន ក្នុងការ-ចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅប្រកបដោយគុណតម្លៃដ៏ថ្លៃថ្លាទាំងនោះ ។ អាស៊ាន, តាមរយៈ យន្តការនានា ដូចជា អាស៊ានបូកបី, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក, បានប្រមូលផ្តុំមហាអំណាចធំៗ, មហាអំណាចទំហំមធ្យម និង រដ្ឋតូចៗពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកសាងជំនឿ និងទំនុកចិត្តទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ ផ្អែកលើវិធាននៃច្បាប់ ដែលមានអាស៊ានជាស្នូល ។

ទី៥៖ យើងត្រូវបន្តខិតខំរួមគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការស្ដារ និង ជំរុញសេដ្ឋកិច្ចតំបន់ ប្រកប ដោយចីរភាព, ភាពធន់ និង បរិយាបន្ន តាមរយៈ ៖ (១). ការបន្តកាត់បន្ថយនូវគម្លាតនៃការទទួលបានការ-ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ចប់នូវការរាតត្បាតនៃជំងឺនេះ, (២). ការបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិ-បត្តិការពង្រឹងប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម, (៣). ការជំរុញបន្ថែមនូវការតភ្ជាប់ និង ការធ្វើពិពិធកម្មពាណិជ្ជកម្ម និង ការវិនិយោគក្នុងតំបន់, (៤). ការចាប់យកកាលានុវត្តភាពពីបរិវត្តកម្មឌីជីថល និង (៥). ការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និង ការធ្វើអន្តរកាលថាមពល តាមរយៈការជំរុញហិរញ្ញប្បទានប្រកបដោយចីរភាព និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សន្និសីទអន្តរជាតិលើកទី ២៧ ស្ដីពីអនាគតរបស់អាស៊ី ក្នុងឆ្នាំនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត រវាងគ្រប់បណ្តាប្រទេសទាំងអស់ ដើម្បីនាំមកនូវផលប្រយោជន៍បន្ថែមទៀតជូនដល់តំបន់ និងសកលលោកទាំងមូល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner