ចាប់ពីថ្ងៃទី៣០ ខែឧសភា តទៅនឹងមានការចែកចាយឱសថ ម៉ូលណាទ្រីសព្យាបាលជំងឺកូវីដ១៩ សម្រាប់មនុស្សចាប់ពីអាយុ១២និង១៨ឆ្នាំឡើងទៅ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តី ជូនដំណឹងមួយកាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២២ដោយបាន បញ្ជាក់ថាចាប់ពីថ្ងៃទី៣០ ខែឧសភា តទៅ នឹងមានការចែកចាយ ឱសថម៉ូលណាទ្រីសព្យាបាលជំងឺកូវីដ១៩សម្រាប់មនុស្សចាប់ពីអាយុ១២និង១៨ឆ្នាំឡើងទៅ ។
ប្រភពខាងលើនេះបានបញ្ជាក់ថាកន្លងមកក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាប ថា កន្លងមក ក្រុមការងារបានចែកចាយឱសថម៉ូលណាទ្រីស (MOLNATRIS) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំពោះមនុស្ស ចាប់ពីអាយុ១២និង ១៨ឆ្នាំឡើងទៅ។ ដើម្បីបន្តចូលរួមទប់ស្កាត់ ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ និងបង្កើតបានភាពស៊ាំសហគមន៍ រឹងមាំទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩ ក្រុមការងារបាន នាំចូលបន្ថែមឱសថ ផាកឡូវីដ (PAXL0VID) សម្រាប់ ព្យាបាល ជំងឺកូវីដ-១៩ ចំពោះមនុស្ស ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ដូចមាន ក្នុងព័ត៌មានលម្អិតក្នុងសេចក្ដីណែនាំទូទៅ ស្ដីពីការប្រើប្រាស់ឱសថ ផាកឡូវីដ ជូនភ្ជាប់មកជាមួយ។ ដូចនេះ ឱសថទាំងពីរប្រភេទនេះ នឹងត្រូវចែកចាយជូនមន្ទីរ ពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះតទៅ តាមលក្ខខណ្ឌដូចខាងក្រោម៖
១. ឱសថម៉ូលណាទ្រីស (MOLNATRIS) តម្លៃ ៥០ ដុល្លារអាម៉េរិក
- បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់១០ដូស
- មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់១០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦០ ដុល្លារអាម៉េរិក ក្នុង១ដូស
- មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ១សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។
២. ឱសថផាកឡូវីដ (PAXL0VID) តម្លៃ ៩៥ ដុល្លារអាម៉េរិក - បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី១ ដល់៥ដូស
- មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់៥០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ១០៥ ដុល្លារអាម៉េរិក ក្នុង១ដូស
- មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង សាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ១សប្តាហ៍ ក្រោយបញ្ជាទិញលើកចុងក្រោយ។ បញ្ជាក់៖ ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ឬអ្នកលក់ យកទៅលក់បន្តលើសពីតម្លៃ កំណត់ខាងលើ ក្រុមការងារនឹងសហការជាមួយ អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីចាត់វិធានការ តាមនីតិវិធីជាធរមាន។ ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង សាធារណជន អាចបញ្ជាទិញឱសថទាំងពីរប្រភេទ ដោយផ្ទាល់នៅ ទីស្ដីការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាខា ប្រៃសណីយ៍ កម្ពុជាខេត្ត។ សម្រាប់ការផ្ដល់មតិ ត្រលប់អំពីការ ផ្ដល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោង ធ្វើការ៕
ដោយ៖ម៉ាដេប៉ូ