បុរសម្នាក់ឆ្លងដែនខុសច្បាប់ត្រូវឆ្មាំវៀតណាមបាញ់ត្រូវជើង (Video Inside)
បុរសម្នាក់ដែលបានដើរឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីវៀតណាម ត្រូវបានគេបាញ់បណ្តាល ឱ្យរងរបួសចំជើង។ សេចក្តីរាយការណ៍ពីសាក្សីបាននិយាយថាហេតុការណ៍បានកើតឡើង វេលាទាបភ្លឺម៉ោងប្រមាណ៣កន្លះឈានចូលថ្ងៃទី៣១ឧសភា ខណៈបុរសឈ្មោះ ជឿង ហុង អាយុ២០ឆ្នាំនិងមនុស្ស១៣នាក់ទៀត បានលីបារីច្រើនកេស លួចឆ្លងដែនចូលក្នុងទឹកដីវៀត ណាមក្នុងចំណុចស្រុកកំពង់ត្រាចខេត្តកំពត។
សេចក្តីរាយការណ៍បញ្ជាក់ថាខណៈដែលអ្នកលី បារីទាំងអស់ធ្វើដំណើរដល់ស្ពានមួយនៃចំណុចបង្គោលព្រំដែនលេខ៣០៩នៃភូមិកោះចំការ នៃឃុំបឹងសាខាងត្បូង, ឆ្មាំព្រំដែនវៀតណាមស្រែកសួរ ។
គ្រាដែលក្រុមអ្នកឆ្លងដែនខុសច្បាប់ ទាំងនោះ បានស្រែកតបជាភាសាខ្មែរដែលមិនអាចនិយាយស្តាប់គ្នាបាន ឆ្មាំការពារព្រំដែន វៀតណាម បានបាញ់បណ្តាលឱ្យគ្រាប់ត្រូវចំជើងបុរសឈ្មោះ ជឿង ហុង, ចំណែកអ្នកដទៃ ទៀត បានរត់បែកខ្ញែកគ្នារត់ចូលមកក្នុងទឹកដីកម្ពុជាវិញ។
បុរសត្រូវគ្រាប់កាំភ្លើង បានសន្លប់ ពេលដែលបានរត់ចូលមកក្នុងទឹកដីខ្មែរវិញ និងត្រូវបានគេជួយសង្គ្រោះដឹកយកទៅព្យាបាល ក្នុងគ្លីនីកឯកជនមួយនៅព្រែកចាក។ សមត្ថកិច្ចកម្ពុជាកំពុងសាកសួរនិងធ្វើកំណត់ហេតុ ចំពោះជនរងគ្រោះនៅមុនការចាត់វិធានការផ្សេងក្នុងការអនុវត្តច្បាប់។