CAMSOC កោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីស្វែងរកចំណុចខ្លាំង-ចំណុចខ្សោយត្រៀមស៊ីហ្គេម ២០២៣

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីរិះរកយុទ្ធសាស្រ្តពង្រឹងចំណុចខ្លាំង-ចំណុចខ្សោយ ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន៖ ទី១-ការត្រៀមខ្លួនធ្វើសៀវភៅបច្ចេកទេស (Technical Handbook) ដើម្បីកំណត់នូវបទបញ្ជាការប្រកួតតាមប្រភេទកីឡានីមួយៗ និងទី២-ស្វែងរកឲ្យឃើញនូវអ្វីដែលជាចិត្តសាស្ដ្រ ក៏ដូចជាចំណុចខ្លាំង និងចំណុចខ្សោយ ផ្នែកបច្ចេកទេស ឲ្យបានច្បាស់ធ្វើការកែតម្រូវ ក្នុងការប្រកួតនេះ យកមកធ្វើជាបទពិសោធន៍ ក្នុងការរៀបចំយុទ្ធសាស្ដ្របច្ចេកទេស ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម បន្តថា ក្រៅចំណុចខ្វះខាតក្នុងការប្រកួត សហព័ន្ធទាំងអស់ ត្រូវយល់កាន់តែច្បាស់អំពីភារកិច្ចរបស់ខ្លួន ដើម្បីស្វែងរកឧត្តមភាព ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។

ឯកឧត្តមអគ្គលេខាធិការ បន្ដថា «ខាងផ្នែកបច្ចេកទេស ខ្ញុំបាទ និងឯកឧត្តមអគ្គនាយក អ៊ុក សិទ្ធិជាតិ បានរួមគ្នា ធ្វើការជាមួយគ្នា ដើម្បីបញ្ជាក់ថា សហព័ន្ធទាំងអស់ មានភារកិច្ចទទួលខុសត្រូវនូវការងារ ដែលយើងបានដាក់ឲ្យគាត់។ ដូច្នេះសហព័ន្ធជាតិត្រូវតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យកីឡាករមានសមត្ថភាពប្រកួត ហើយទៅរកជោគជ័យបាន ។ហើយត្រូវរៀបចំការប្រកួតរបស់ខ្លួនឲ្យបានជោគជ័យ ព្រោះការរៀបចំការប្រកួត នៃប្រភេទកីឡានីមួយៗ ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ចំពោះការងាររៀបចំសៀវភៅបច្ចេកទេស (Technical Handbook) វិញ CAMSOC បានជំរុញឲ្យសហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំឲ្យបានរួចរាល់ មុនកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំចន្លោះថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដែលជាកិច្ចប្រជុំចុងក្រោយ ដើម្បីធ្វើការកំណត់ប្រភេទកីឡា និងកំណត់វិញ្ញាសាចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ក៏ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដែលដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គលេខាធិការរង CAMSOC ហើយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធកីឡាជាតិជាច្រើនរូបទៀត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner