ប្រធានាធិបតីអ៊ុយក្រែន និងស្លូវ៉ាគីពិភាក្សាគ្នាស្តីពីការគាំទ្រ ផ្នែកការពារ ជាតិ
កៀវ៖ សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថា លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្តាហ៍នេះ បានជួបជាមួយសមភាគីស្លូវ៉ាគីលោកស្រី ហ្ស៊ូសាណា ខាពូតូវ៉ា ដើម្បី ពិភាក្សាអំពីការគាំទ្រផ្នែកការពារជាតិសម្រាប់ទីក្រុងកៀវ។
ប្រភពដដែលបញ្ជាក់ថា ក្នុងអំឡុងកិច្ចពិភាក្សាខាងលើនេះ លោក ហ្សេលេនស្គី ថ្លែងថា ស្លូវ៉ាគីបានរួមចំណែកយ៉ាងសំខាន់ក្នុង ការពង្រឹង សមត្ថភាពការពារជាតិរបស់អ៊ុយក្រែន និងបានសរសើរតួនាទី ផ្ទាល់ខ្លួន របស់លោកស្រី ខាពូតូវ៉ា ក្នុងការផ្តល់ជំនួយផ្នែកការពារជាតិ ដល់ អ៊ុយក្រែន។ ជាមួយគ្នានេះ លោកស្រី ខាពូតូវ៉ា បាននិយាយថា ស្លូវ៉ាគី បានគាំទ្រអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន តាមរយៈការផ្តល់ជំនួយមិនត្រឹមតែផ្នែកយោធាប៉ុណ្ណោះទេ តែ ថែមទាំងជំនួយផ្នែកនយោបាយ និងមនុស្សធម៌ផងដែរ។ លោកស្រីថា ស្លូវ៉ាគីបានផ្តល់ប្រព័ន្ធការពារដែនអាកាស S-300 និងឧបករណ៍ ដោះមីន ដល់អ៊ុយក្រែន ព្រមទាំងបានគាំទ្រការដាក់ទណ្ឌកម្មប្រឆាំង នឹងរុស្ស៊ី។
នាឱកាសនោះដែរ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការរំពឹង ទុក សម្រាប់អ៊ុយក្រែន ក្នុងការទទួលបានឋានៈជាបេក្ខជនឆ្ពោះទៅកាន់ សហភាពអឺរ៉ុប (EU), ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ទីក្រុងកៀវ, តួនាទីរបស់ស្លូវ៉ាគីក្នុងការស្ដារឡើងវិញក្រោយជម្លោះនៅអ៊ុយក្រែន និងការផ្តក់ជំនួយដល់ប្រជាជនអ៊ុយក្រែនដែលបង្ខំចិត្តភៀសខ្លួនជាបណ្តោះអាសន្នដោយសារជម្លោះ។ បើតាមតួលេខផ្លូវការ ប្រជាជនអ៊ុយក្រែនប្រហែល ៧៨,០០០នាក់ រួមទាំងកុមារ ៣១,០០០នាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន ទៅកាន់ ប្រទេសស្លូវ៉ាគីចាប់តាំងពីជម្លោះចាប់ផ្តើម៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/photo_2022-06-01_10-40-58.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_10-41-00-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_10-41-01.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_10-41-02.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_10-41-03.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_10-41-04.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_10-41-06.jpg)