សម្ព័ន្ធ Joining Forces អំពាវនាវឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចគាំទ្រសិទ្ធិកុមារ បន្ទាប់ពីវិបត្តិកូវីដ១៩

ភ្នំពេញ ៖ ក្នុងថ្ងៃទិវាកុមារអន្តរជាតិថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ Joining Forces ដែលជាសម្ព័ន្ធភាពសកលនៃអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិកុមារធំជាងគេទាំងប្រាំមួយ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចគាំទ្រសិទ្ធិកុមារ បន្ទាប់ពីវិបត្តិកូវីដ១៩។

បើតាមសេចក្តីថ្លែងការណ៍សម្ព័ន្ធ Joining Forces បានបញ្ជាក់ថាក្នុងការស្ទង់មតិមួយ ត្រូវបានធ្វើឡើងក្នុងចំណោមកុមារ និងយុវជនចំនួន ៥៣នាក់ រស់នៅក្នុងខេត្តចំនួន១៣ ទូទាំងប្រទេស ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) ក្នុងខែឧសភា ឆ្នាំ២០២២។ ក្នុងនេះគេបានធ្វើការពិភាក្សាជាក្រុម ក៏ត្រូវបានធ្វើឡើងជាមួយកុមារចំនួន ២៤នាក់ ដែលមានអាយុពី១២ឆ្នាំ ទៅ១៦ឆ្នាំ នៅខេត្តក្រចេះ សៀមរាប និងបាត់ដំបង។

ជាលទ្ធផលឃើញថា បើទោះបីជាពួកគេ បានត្រលប់ទៅរកការរស់នៅធម្មតាវិញក៏ដោយ ជាង៧០ភាគរយនៃកុមារ និងយុវជនដែលបានផ្តល់ការស្ទង់មតិ បានអះអាងថា ពួកគេ មានអារម្មណ៍តានតឹង និងព្រួយបារម្ភអំពីអនាគត។ នៅក្នុងការស្ទង់មតិនោះ កុមារ បានលើកឡើងពីមូលហេតុសំខាន់ៗចំនួន៣ ដើម្បីបកស្រាយពីអារម្មណ៍ទាំងនេះ រួមមាន ភាពតានតឹងដោយសារការលំបាកផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ បញ្ហាប្រឈមក្នុងការតាមទាន់ការសិក្សាបន្ទាប់ពីរយៈពេល២ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតី និងការកើនឡើងនៃអំពើហិង្សាផ្លូវចិត្ត ក៏ដូចជាការរើសអើងលើយេនឌ័រ។

ប្រភពខាងលើនេះបានលើកឡើងដែរថា បើទោះបីជាមានការគ្រប់គ្រងដោយជោគជ័យលើការរាតត្បាតនៃជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ទាន់ពេលវេលានូវកម្មវិធីផ្ទេរសាច់ប្រាក់ជាតិ សម្រាប់គ្រួសារក្រីក្រក៏ដោយក្តី ក៏គ្រួសារដែលងាយរងគ្រោះ នៅតែជួបប្រទះនឹងការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅដល់សមត្ថភាពគ្រប់គ្រងតម្រូវការមូលដ្ឋានរបស់ពួកគេ។ ប្រហែល ៨០ភាគរយ នៃកុមារ និងយុវជនដែលផ្តល់សម្ភាសន៍បានលើកឡើងថា ឪពុកម្តាយរបស់ពួកគេ ជួបប្រទះបញ្ហាផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ ឬកំពុងជួបបញ្ហាជាមួយនឹងការចំណាយប្រាក់ សម្រាប់តម្រូវការមូលដ្ឋាន ដូចជាអាហារ ការដឹកជញ្ជូន និងថ្លៃសាលា។ នេះបណ្តាលឱ្យមានសម្ពាធដោយផ្ទាល់ និងដោយប្រយោលលើកុមារ និងយុវជន ដែលមានអារម្មណ៍ថា ពួកគេ មានកាតព្វកិច្ចរកប្រាក់ចំណូលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។

គួរបញ្ជាក់ថា ចំពោះរបាយការណ៍សង្ខេបឆ្លុះបញ្ចាំងស្តីពី «ការវិលត្រឡប់ទៅកាន់សាលារៀនវិញ ដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា» ដែលចេញផ្សាយដោយអង្គការ Save the Children ប្រចាំកម្ពុជា ក្រោមកិច្ចសហការពីសមាជិកនៃសម្ព័ន្ធ Joining Forces អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ បានបង្ហាញថា កុមាររហូតដល់១០ភាគរយ ប្រឈមហានិភ័យនៃការមិនត្រឡប់ទៅសាលារៀនវិញ។

ជាមួយគ្នាប្រហែល៤៥ភាគរយកុមារដែលផ្តល់ការស្ទង់មតិ បាននិយាយថា ពួកគេ អាចតាមទាន់ការសិក្សារបស់ពួកគេដោយផ្នែកខ្លះៗ ចាប់តាំងពីការបើកសាលារៀនឡើងវិញ ដោយសារតែគុណភាពនៃការអប់រំ ដែលពួកគេទទួលបានតាមអ៊ីនធើណេត គឺទាបជាង បើប្រៀបធៀបទៅនឹងការសិក្សាផ្ទាល់។ ការវាយតម្លៃការសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡាក្នុងខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ថមថយការយល់ដឹងផ្នែកភាសាខ្មែរ និងគណិតវិទ្យា បើប្រៀបធៀបទៅនឹងការវាយតម្លៃចុងក្រោយដែលបានធ្វើឡើងក្នុងឆ្នាំ២០១៦ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner