តុលាការ​​អ៊ុយក្រែន​​រក​​ឃើញ​​ទាហាន​​រុស្ស៊ី​២​​នាក់​​មាន​​ទោស​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​

តុលាការ​អ៊ុយក្រែន​​កាត់​ទោស​ទាហាន​រុស្ស៊ី ​២​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឱ្យ​ជាប់​គុក​ជាង ​១១​ឆ្នាំ​រៀង​ៗ​ខ្លួន​ ពី​បទ​បាញ់​ផ្លោង​លើ​តំបន់​ជន​ស៊ីវិល​នៅ​ភាគ​ខាង​កើត​​ប្រទេស។

ការ​កាត់​ទោស​កាល​ពី​ថ្ងៃ​អង្គារ​លើ​ទាហាន​រុស្ស៊ី​ឈ្មោះ ​​Alexander Bobikin​ និង ​Alexander Ivanov ​គឺ​ជា​សាល​ក្រម​ទី​២ ​ដែល​ធ្វើ​ឡើង​ក្នុង​សវនាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​ដោយ​អ៊ុយក្រែន​​ ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​នៅ​ចុង​ខែ​កុម្ភៈ​។​ ទាហាន​ទាំង ​២ ​ត្រូវ​បាន​រក​ឃើញ​ថា​ ​​«​បំពាន​ច្បាប់​ និង​ក្បួន​ខ្នាត​នៃ​សង្រ្គាម​»​ កាល​ពី​សប្ដាហ៍​មុន​។​  ​

លោក​ចៅ​ក្រុម​ ​Evhen Bolybok ​​និយាយ​ថា​៖​ «​កំហុស​របស់​ Bobikin ​និង ​Ivanov ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ពេញ​លេញ​»​។​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​វិនិច្ឆ័យ​ពី​ទីក្រុង​ម៉ូស្គូ​នៅ​ឡើយ​ទេ​។​​

ទាហាន​ទាំង​២​ទទួល​ស្គាល់​ថា​ ខ្លួន​គឺ​ជា​ផ្នែក​មួយ​​​​​នៃ​​កង​​កាំភ្លើង​​​ធំ ​ដែល​​បាញ់​​ទៅ​​លើ​​គោល​​ដៅ​​ក្នុង​​ទីក្រុង ​Kharkiv ​ភាគ​​ឦសាន​​អ៊ុយក្រែន​​ពី​​តំបន់​រុស្ស៊ី​ Belgorod ​ដែល​​​នៅ​​ជិត​​ក្រុង​។ ​រដ្ឋ​អាជ្ញា​​និយាយ​ថា​ ការ​បាញ់​ផ្លោង​ បាន​បំផ្លាញ​សាលា​រៀន​មួយ​កន្លែង​​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។​ ទាំង ​Bobikin ​និង ​Ivanov ​ដែល​​​ជា​អ្នក​កាន់​​កាំភ្លើង​ធំ​ និង​ជា​ខ្មាន់​កាំភ្លើង​​ ត្រូវ​បាន​​ចាប់​ខ្លួន​ក្រោយ​ពី​អ្នក​ទាំង​២​ឆ្លង​​ព្រំដែន​មក​អ៊ុយក្រែន​ហើយ​បន្ត​ការ​បាញ់​ផ្លោង​។​

រដ្ឋ​អាជ្ញា​​ស្នើ​សុំ​ឱ្យ​តុលាការ​ដាក់​ពន្ធនាគារ​ទាហាន​រុស្ស៊ី​ទាំង​២​​រយៈ​ពេល​១២ ​ឆ្នាំ​ ខណៈ​​ដែល​មេធាវី​ការពារ​ក្តី​ស្នើ​សុំ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ ដោយ​និយាយ​ថា​ ទាហាន​ទាំង​២​ធ្វើ​តាម​បញ្ជា​ប៉ុណ្ណោះ​។​

រឿង​ក្ដី​ចុង​ក្រោយ​ ធ្វើ​ឡើង​បន្ទាប់​ពី​តុលារការ​ក្រុង​កៀវ​​កាល​ពី​សប្តាហ៍​មុន​​ កាត់​ទោស​ទាហាន​រុស្ស៊ី​អាយុ​២១​ឆ្នាំ​ម្នាក់​ ឈ្មោះ​Vadim Shishimarin ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ ពី​បទ​សម្លាប់​បុរស​ជនជា​តិ​អ៊ុយក្រែន​ដែល​គ្មាន​អាវុធ​ម្នាក់​ចំ​ក្បាល​។​​ មេធាវី​​របស់​​លោក​​​និយាយ​​​ថា​ខ្លួន​នឹង​ប្ដឹង​​ឧទ្ធរណ៍​​​​ជំទាស់​​នឹង​​សាល​ក្រម​​​នេះ​។​

សំណុំ​រឿង​ក្ដី​បែប​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ទាំង​នៅ​​អ៊ុយក្រែន​ និង​នៅ​រុស្ស៊ី​ផ្ទាល់​ ដែល​តែង​តែ​បដិសេធ​ថា​កង​កម្លាំង​របស់​ខ្លួន​មិន​បាន​កំណត់​គោលដៅ​លើ​ជន​ស៊ីវិល​ឬ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ ប៉ុន្តែ​រុស្ស៊ី​​ត្រូវ​​បាន​​​គេ​​ជឿ​​​ថា​​ កំពុង​​រៀប​ចំ​​ការ​​កាត់​ទោស​​ឧក្រិដ្ឋកម្ម​​សង្គ្រាម​លើ​​ទាហាន​​អ៊ុយក្រែន​ដែល​ខ្លួន​ចាប់​បាន​។​

ការិយាល័យ​អគ្គរដ្ឋ​អាជ្ញា​​អ៊ុយក្រែន​​និយាយ​ថា​ ខ្លួន​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​ជាង​ ១៤ ០០០ ​ករណី​នៃ​ឧក្រិដ្ឋកម្ម​សង្រ្គាម ដែល​គេ​ចោទ​ប្រកាន់​ថា​ ទ័ព​រុស្ស៊ី​ជា​អ្នក​ធ្វើ​។​​ យោង​តាម​អង្គការ​សហប្រជាជាតិ​ ជន​ស៊ីវិល​ជាង​៤ ០០០ ​នាក់​​ត្រូវ​បាន​សម្លាប់​នៅ​​អ៊ុយក្រែន​ចាប់​តាំង​ពី​ប្រធានាធិបតី​ វ្ល៉ាឌីមៀ ​ពូទីន​​ ចាប់​ផ្តើម​ប្រតិបត្តិការ​វាយ​លុក​។​ ​ចំនួន​អ្នក​ស្លាប់​នេះ​​រួម​ទាំង​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​ ក្រោម​ការ​ចោទ​ប្រកាន់​លើ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ចំពោះ​កង​កម្លាំង​រុស្ស៊ី​ ដូច​ជា​នៅ​ទីក្រុង​ Mariupol ​និង ​Bucha​ ជា​ដើម​។​​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner